ភ្នំពេញ ៖ កីឡាករជើងខ្លាំងឡៅ ចន្ទ្រា អ្នកប្រដាល់នៃក្លិបកងពលតូចពិសេសទ័ពឆ័ត្រយោង៩១១ កៀកស្មារនិងកីឡាករជើងខ្លាំងស្រករក្រោយខាំ ខ្លានាង អ្នកប្រដាល់នៃក្លិបរហាប់ស្វាយប៉ាក ឡើងតតាំងជាមួយកីឡាករថៃតាក់សិលា ឆ.ហាផាយ៉ាក់ និងកីឡាករថៃលូកយ៉ត ស៊ីតសាមផ្យាក់ ក្នុងលក្ខណៈមិត្តភាពអន្តរៈជាតិដណ្តើមប្រាក់លាន នៅលើសង្វៀនស៊ីអិនស៊ី នាថ្ងៃសៅរ៍ទី២០ ខែតុលា ឆ្នាំ២០១៨នេះ។
ក្នុងការប្រកួតនេះកីឡាករជើងខ្លាំងឡៅ ចន្ទ្រា ជួបជាមួយកីឡាករថៃតាក់សិលា ឆ.ហាផាយ៉ាក់ ក្នុងប្រភេទទម្ងន់៦៧គីឡូក្រាម កីឡាករទាំងពីអ្នកនេះមិនដែលជួបគ្នាទេកន្លងមក តែកីឡាករថៃតាក់សិលា ឆ.ហាផាយ៉ាក់ ធ្លាប់មកប្រកួតនៅលើសង្វៀនតាមទួរទស្សន៍នានា ជាច្រើនលើកមកហើយមានឈ្នះមានចាញ់ ស្នៀតខ្លាំងរបស់កីឡាករថៃម្នាក់នេះគឺជើងទាត់កាត់ ជង្គង់ និងស្នៀតកាច់ផ្តួលគូប្រកួតទាំងជំហ៊។
ចំណែកកីឡាករជើងខ្លាំងវ័យក្មេង ឡៅ ចន្ទ្រា បច្ចុប្បន្នកំពុងទទួល បានការគាំទ្រយ៉ាងច្រើនកុះករ ពីអ្នកស្នេហាវិស័យកីឡាប្រដាល់កម្ពុជា ជាមួយនឹងការចេះប្រើក្បាច់គ្រប់ស្នៀត ដើម្បីផ្ដួលគូប្រកួតរបស់ខ្លួន រួមផ្សំជាមួយកម្លាំងស៊ុហ្វដ៍ខ្លាំងរបស់គេផងនោះ ធ្វើឲ្យកីឡាករក្នុងស្រុក និងក្រៅស្រុកត្រូវបានចុះចាញ់ជាបន្តបន្ទាប់។ អញ្ចឹងហើយទើបអ្នកស្នេហាកីឡាប្រដាល់ភាគច្រើនកំពុងនាំគ្នាយល់ថា ឡៅ ចន្ទ្រាគេជាកីឡាករដែលមានសក្តានុពល ហើយមានសមត្ថភាពគួរឱ្យសរសើរ ដោយម្នាក់ៗហាក់សម្តែងនូវទំនុកចិត្តចង់ទស្សនាយ៉ាងខ្លាំងនៅគ្រប់ ពេលកីឡាកររូបនេះឡើងរេញម្តងៗនោះ។ ចាំមើលរវាងកីឡាករឡៅ ចន្ទ្រា និងកីឡាករថៃតាក់សិលា ឆ.ហាផាយ៉ាក់ នរណាជាអ្នកឈ្នះទទួលបានប្រាក់លាននោះ?។
ដោយឡែកកីឡាករស្រករក្រោយខាំ ខ្លានាង គេនិងត្រូវជួបប្រកួតជាមួយអ្នកប្រដាល់ថៃឈ្មោះលូកយ៉ត ស៊ីតសាមផ្យាក់ ក្នុងប្រភេទទម្ងន់៥១គីឡូក្រាម ដែលកីឡាករថៃម្នាក់នេះក៍ធ្លាប់មកប្រកួតនៅសង្វៀនប្រទេសកម្ពុជា ជាច្រើនដងផងដែរមានឈ្នះមានចាញ់ ជាមួយកីឡាករលំដាប់ៗរបស់កម្ពុជា។
កីឡាករខាំ ខ្លានាង គេក៏ជាអ្នកប្រដាល់ជើងខ្លាំងមួយរូប ក្នុងចំណោមអ្នកប្រដាល់ស្រករក្រោយដូចគ្នា ដែលអ្នកតាមដានកីឡាប្រដាល់កម្ពុជាកំពុងតែចាប់អារម្មណ៍ចំពោះស្នៀតគុនរបស់កីឡាកររូបនេះ ដែលឡើងប្រកួតម្តងៗធ្វើឲ្យអ្នកទស្សនាជក់ចិត្តជាខ្លាំងនោះ។ ជាមួយនិងស្នៀតខ្លាំងទាំងដៃទាំងជើងនិងកែង បានធ្វើឲ្យកីឡាករខាំ ខ្លានាង ផ្តួលដៃគូជាបន្តបន្ទាប់ទាំងកីឡាករជើងចាស់ តែមួយរយៈចុងក្រោយនេះខាំ ខ្លានាង គេធ្វើមិនសូវបានល្អឡើយ ដោយវាយចេញហើយមិនសូវការពារ ការប្រកួតជាមួយកីឡាករបរទេសបើមិនគូប្រកួតសន្លប់គឺខ្លួនឯងសន្លប់តែម្តង។ ចាំមើលរវាងខាំ ខ្លានាង ជាអ្នកឈ្នះឬកីឡាករលូកយ៉ត ស៊ីតសាមផ្យាក់?៕