បញ្ជូនអ្នកបើករថយន្ដ Lexus 570 ពាក់ស្លាកលេខរដ្ឋ ដែលភ្ជង់អ្នកបើករថយន្ដស្ទូច ទៅតុលាការ

0
1389

ភ្នំពេញ ៖ នៅរសៀលថ្ងៃទី១៦ ខែសីហា ឆ្នាំ២០១៨នេះ នគរបាលខណ្ឌឫស្សីកែវ នឹងបញ្ជូនជនបង្កដែលជាម្ចាស់រថយន្ដ Lexus ពាក់ស្លាកលេខរដ្ឋ07-2-8989 នៅបក្ខពួក២នាក់ទៀត ទៅកាន់សាលាដំបូងរាជធានីភ្នំពេញ ដើម្បីផ្ដន្ទាទោសតាមផ្លូវច្បាប់ ដោយសារតែជនម្នាក់នេះ បានប្រព្រឹត្តល្មើសច្បាប់ រួមទាំងការបុកបំផ្លាញទ្រព្យសម្បត្តិរបស់រដ្ឋ ប្លន់យករថយន្ដរបស់ខ្លួនពីសមត្ថកិច្ចទៅទុកផ្ទះវិញ រួមទាំងបទល្មើស ដែលរកឃើញតាមក្រោយ រួមមាន ការប្រើប្រាស់កាំភ្លើងខុសច្បាប់ និងប្រើប្រាស់រថយន្ដមិនបង់ពន្ធ។

យោងតាមរបាយការណ៍របស់នគរបាលចរាចរណ៍ជើងគោក បានរៀបរាប់ពីដំណើររឿងថា គ្រោះថ្នាក់ចរាចរណ៍នេះ បានកើតឡើងនៅវេលាម៉ោងប្រមាណ០២៖១៥នាទី យប់រំលងអាធ្រាត្រចូលថ្ងៃទី១៥ ខែសីហា ឆ្នាំ២០១៨ ដែលមានរថយន្ដបង្ក Lexus 570 ពណ៌ស ពាក់ស្លាកលេខរដ្ឋ07-2-8989 បានទៅបុកឃឿន និងបង្គោលភ្លើង បណ្ដាលឲ្យរងការខូចខាតស្ថិតនៅសង្កាត់ឫស្សីកែវ ខណ្ឌឫស្សីកែវ។

ក្រោយមានគ្រោះថ្នាក់ចរាចរណ៍នេះ នគរបាលចរាចរណ៍ក៏បានចុះមកវាស់វែង ហើយហៅរថយន្ដស្ទួចមកដឹករថយន្ដបង្ក ឆ្ពោះទៅកាន់ ការិយាល័យចរាចរណ៍ផ្លូវគោក ដើម្បីឲ្យម្ចាស់រថយន្ដចូល ទៅបង់ផាកពិន័យតាមផ្លូវច្បាប់។ ប៉ុន្ដែពេលដែលអ្នកបើករថយន្ដស្ទួច កំពុងដឹករថយន្ដបង្ក ដល់ម្ដុំវត្តទួលអស់លោក ក៏លេចមុខម្ចាស់រថយន្ដ ជាមួយបក្ខពួកម្នាក់ទៀត ឈ្មោះ ស្រ៊ុន ពិសិដ្ឋ អាយុ៣០ឆ្នាំ បើករថយន្ដ Corolla មួយគ្រឿង ទៅពាំងពីមុខរថយន្ដស្ទួច បន្ទាប់មកជនបង្ក ទ្រី ដារិន បានទាញកាំភ្លើងភ្ជង់អ្នកបើករថយន្ដស្ទួច និងបញ្ជាឲ្យដឹងរថយន្ដរបស់ខ្លួន ទៅទុកនៅក្នុងផ្ទះស្ថិតនៅផ្ទះលេខ ផ្ទះលេខ R0204 ក្រុម១ ភូមិខ១ សង្កាត់ច្រាំងចំរេះ២ ខណ្ឌឫស្សីកែវ។

ក្រោយមានហេតុការណ៍នេះកើតឡើង អ្នកបើករថយន្ដស្ទួច និងព្រូរថយន្ដម្នាក់ទៀត បានរាយការណ៍មកកាន់នគរបាលចរាចរណ៍ផ្លូវគោក ដើម្បីមានវិធានការណ៍ ពេលនោះនគរបាល បានចុះទៅស្វែងរកទីតាំងដែលជននេះ លាក់រថយន្ដរហូតដល់ម៉ោងជាង៥ទាបភ្លឺ ទើបរកឃើញ រួចហើយក៏ធ្វើការឡោមព័ទ្ធ និងរាយការណ៍ទៅកាន់ស្នងការនគរបាលរាជធានីភ្នំពេញ អភិបាលរាជធានីភ្នំពេញ និងព្រះរាជអាជ្ញា សុំបទបញ្ជាចូលឆែកឆេរ និងធ្វើការសួរនាំជាមួយជនពាក់ព័ន្ធ។

លុះព្រឹកថ្ងៃទី១៥ ខែសីហា ឆ្នាំ២០១៨ នគរបាលចរាចរណ៍ផ្លូវគោក បានសហការជាមួយអាជ្ញាធរ និងសមត្ថកិច្ចខណ្ឌឫស្សីកែវ ក្រោមការសម្របសម្រួលរបស់លោកព្រះរាជអាជ្ញារង សៀង សុខ ក៏បានចូលទៅឆែកនៅក្នុងផ្ទះ ឃើញរថយន្ដ និងឃើញជនបង្ក ព្រមទាំងបក្ខពួក ក៏សម្រេចឃាត់ខ្លួន បន្ដការសួរនាំ ប៉ុន្ដែនៅពេលកំពុងសួរនាំជនបង្កដែលអត្តចរិកឈ្លើយ និងមិនខ្លាចរអែងច្បាប់ ទើបបង្ខំឲ្យសមត្ថកិច្ចចាប់វាយខ្នោះតែម្ដង។

តាមសមត្ថកិច្ចជំនាញ បានសន្និដ្ឋានថា ជនម្នាក់នេះ ប្រឈមនឹងបទល្មើសមួយចំនួន ដូចជា៖ បំផ្លាញទ្រព្យសម្បត្តិសាធារណៈរបស់រដ្ឋ, ប្លន់យកវត្ថុតាងរបស់សមត្ថកិច្ច, ប្រើប្រាស់កាំភ្លើងអត់ច្បាប់ និងប្រើប្រាស់រថយន្ដអត់បង់ពន្ធ។ ក្នុងនោះកាំភ្លើងដែលរូបគេប្រើប្រាស់ សមត្ថកិច្ចអះអាងថា បានទិញមកពីប្រទេសថៃ ដោយឡែករថយន្ដដែលពាក់ស្លាកលេខរដ្ឋនោះ ទិញបន្ដពីគេ ដោយមិនមានការបង់ពន្ធ និងក៏ពាក់ព័ន្ធជាមួយមន្ដ្រីជាន់ខ្ពស់ម្នាក់ ប៉ុន្ដែសមត្ថកិច្ចមិនទាន់បានបញ្ជាក់អត្តសញ្ញាណ។


Facebook Comments
Loading...