ក្នុងរយៈពេល៦ថ្ងៃនេះ តើ គ.ជ.ប បានធ្វើសកម្មភាពសំខាន់អ្វីខ្លះឆ្ពោះទៅកាន់ការបោះឆ្នោត?

0
1065

នៅល្ងាចថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០១៨ គ.ជ.ប បានបង្ហាញលទ្ធផល នៃការឃោសនារបស់ គណបក្សនយោបាយនានា សម្រាប់ថ្ងៃទី០៥ នៃយុទ្ធនាការឃោសនាបោះឆ្នោត ការឃោសនាប្រព្រឹត្តឡើងក្រោមបរិយាកាសសន្តិសុខ សុវត្ថិភាព និងសណ្តាប់ធ្នាប់សាធារណៈ ប្រព្រឹត្តទៅដោយរលូន គ្មានអំពើហិង្សា និងគ្មានអ្វីគួរឱ្យគត់សម្គាល់ឡើយ នៅក្នុងក្របខ័ណ្ឌទូទាំងប្រទេស ។ ប៉ុន្តែគណៈកម្មការឃុំ-សង្កាត់ រៀបចំការបោះឆ្នោត បានទទួលពាក្យបណ្តឹងចំនួន៣ករណី ដែល១ករណី នៅខេត្តកណ្តាល និង២ករណីទៀត នៅខេត្តរតនគិរី ។

គ.ជ.ប បានចេញសេចក្តីសម្រេចមួយ ដោយអនុញ្ញាតឲ្យមានភ្ញៀវបរទេសពិសេស ចូលរួមពិនិត្យមើលការបោះឆ្នោត ។ តាមសេចក្តីសម្រេចរបស់ គ.ជ.ប គឺ ភ្ញៀវបរទេសពិសេសសម្រាប់ការបោះឆ្នោត ជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៦ ឆ្នាំ២០១៨ គឺជាគណៈប្រតិភូបរទេស ដែលចូលរួមពិនិត្យមើលការបោះឆ្នោត ប៉ុន្តែពួកគាត់មិនមែនធ្វើឡើង ក្នុងនាម ជាអ្នកសង្កេតការណ៍ ។ ភ្ញៀវពិសេសដែលមានបំណង មកពិនិត្យមើលការបោះឆ្នោត ជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៦ ឆ្នាំ២០១៨ នៅកម្ពុជា ក្នុងរយៈពេលខ្លី ត្រូវធ្វើលិខិតជូនដំណឹងមកគ.ជ.ប ឬតាមរយៈក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិនៃកម្ពុជា ។

បើយោងតាមសេចក្តីសម្រេចមួយរបស់ គ.ជ.ប កាលពីថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០១៨ សមាជិក គ.ជ.ប ចំនួន៩នាក់ មិនមានសិទ្ធិក្នុងការចូលរួមការបោះឆ្នោតឡើយ។ អ្នកដែលត្រូវព្យួរសិទ្ធិបោះឆ្នោតជាបណ្តោះអាសន្ននោះរួមមាន លោក ស៊ិក ប៊ុនហុក ដែលជាប្រធាន គ.ជ.ប លោក នុត សុខុម អនុប្រធាន និងសមាជិក៧នាក់ទៀត រួមមាន លោក មាន សទិ, លោក ឌឹម សុវណ្ណារុំ, លោក ឌុច សុន, លោក ហ៊ីង ធីរិទ្ធី, លោក ឯម សូផាត, លោក ហ៊ែន សារ៉ាត់ និងលោក ហង្ស ពុទ្ធា។ការព្យួរសិទ្ធិបោះឆ្នោតប្រធាន អនុប្រធាន និងសមាជិក គ.ជ.ប ទាំង ៩រូបជាបណ្ដោះអាសន្ននេះ ធ្វើឡើងក្នុងនីតិកាលទី៦ ដែលប្រព្រឹត្តទៅនៅអាទិត្យ ទី ២៩ ខែកក្កដា ឆ្នាំ២០១៨ ខាងមុខ។

Facebook Comments
Loading...