បាត់មុខយូរ ខ្លាចាស់ ហេង វិឆ័យ ត្រូវប្រកួតជាមួយអ្នកប្រដាល់បារាំង

0
895

ភ្នំពេញ:ខ្លាចាស់ហេង វិឆ័យដែលពេលនេះស្ថិតនៅក្លិបអេភូថងកីឡានោះត្រូវបានដាក់ឲ្យប្រកួតជាមួយអ្នកប្រដាល់បារាំងណាសេ(NASER)លើសង្វៀនអាស៊ីអាគ្នេយ៍យប់ថ្ងៃទី១៥កក្កដា ។ អ្នកប្រដាល់ទាំង២រូបនេះប្រកួតគ្នាក្នុងប្រភេទទម្ងន់៧៥គីឡូក្រាម ។

វិឆ័យបាត់មុខពីសង្វៀនប្រដាល់យូរមកហើយ ។ អតីតកាលរបស់គេមិនជាអស្ចារ្យខ្លាំងណាស់ណាទេតែគេជាអ្នកប្រដាល់ដែលមានចិត្តធំ ហើយក្លាហានណាស់មិនតែប៉ុណ្ណោះគេជាអ្នកប្រដាល់ដែលមិនងាយគូប្រកួតវ៉ៃឲ្យសន្លប់ឡើយបើគូប្រកួតខ្លាំងជាងគេការពារច្រើនជាងវាយលុក ។វិឆ័យមានប្រវត្តិប្រកួតចំនួន៦៥ដង ឈ្នះ៥០ដង ចាញ់១៣ដង និងស្មើពិន្ទុ២ដង ។ការវិលមកកាន់សង្វៀនប្រដាល់វិញនេះមិនដឹងថាគេត្រៀមខ្លួនបានល្អ ឬ យ៉ាងណាឡើយ ។គេត្រូវបានដាក់ឲ្យប្រកួតជាមួយអ្នកប្រដាល់បារាំងបែបនេះអ្នកប្រដាល់បារាំងរូបនោះក៏មិនជាខ្លាំងទេមើលទៅ ។

ណាសេគេមានប្រវត្តិប្រកួតទើបតែបានចំនួន២៨ដងប៉ុណ្ណោះដែលក្នុងនោះគេបានទទួលជ័យជំនះ១៧ដង និងចាញ់១១ដង ។គេជាអ្នកប្រដាល់ដែលមានកណ្ដាប់ដៃធ្ងន់ និងរហ័សចំពោះស្នៀតទាត់របស់គេក៏គ្រាន់បើដែរ ឯ កែងវ៉ៃមិនសូវច្បាស់ទេ ។អ្នកប្រដាល់បារាំងរូបនេះមានកម្លាំងល្អគេអាចវ៉ៃបាន៥ទឹកដោយគ្មានបញ្ហា ។

ការវិលត្រឡប់មកកាន់សង្វៀនប្រដាល់របស់ហេង វិឆ័យមិនទាន់ដឹងថាគេដណ្ដើមបានជ័យជំនះ ឬ ទទួលបរាជ័យឡើយ ។

មាស ច័ន្ទមានសមាគមប្រដាល់ក្រសួងការពារជាតិត្រូវបានផ្គូរផ្គងឲ្យប្រកួតជាមួយអ្នកប្រដាល់ថៃអ៊ូ រ៉ូនូ(Ou Ronou)ដោយប្រកួតគ្នាក្នុងប្រភេទទម្ងន់៦៣,៥០គីឡូក្រាម ។

អ៊ូ រ៉ូនូធ្លាប់ប្រកួតចាញ់អ្នកប្រដាល់កម្ពុជារឿង សារ័ត្នក្លិបទ័ពឆ័ត្រយោង៩១១មុនទឹកទី ៥ ។ អ្នកប្រដាល់ថៃរូបនេះមិនសូវជាមានស្នៀតវ៉ៃច្រើនទេតែកម្លាំងគេល្អណាស់ ។

ចំពោះច័ន្ទមានវិញក៏ទើបតែត្រូវអ្នកប្រដាល់ថៃផាត ឆា(Phat Cha)ទាត់ឲ្យសន្លប់នៅទឹកទី៣ដែរ ។ច័ន្ទមានគេមានប្រវត្តិប្រកួតចំនួន១៣៨ដង ឈ្នះ១០២ដង ចាញ់៣២ដង និងស្មើពិន្ទុ ៤ ដង ។ ចំពោះអ៊ូ រ៉ូនូវិញគេមានប្រវត្តិប្រកួតចំនួន៦៥ដង ឈ្នះ៥៥ដង ចាញ់១០ដង ។

អ្នកប្រដាល់ទាំង២រូបនេះសុទ្ធតែមានឱកាសដើម្បីឈ្នះដូចគ្នាតែមិនដឹងថានរណាជួបសំណាងល្អនោះឡើយ ។

Facebook Comments
Loading...