លិខិតចំហរជូនមន្ត្រីទូត៖ សូមបើកចិត្តទូលាយរក្សាអព្យាក្រិត្យភាពដោយគោរពឆន្ទៈប្រជាជនកម្ពុជា និងចូលរួមក្នុងដំណើរការប្រជាធិបតេយ្យនៅកម្ពុជា ពីព្រោះ «បើគ្មានការបោះឆ្នោត នោះទើបគ្មានប្រជាធិបតេយ្យ»

0
2532

(ភ្នំពេញ)៖ ប្រទេសកម្ពុជា ប្រកាន់ខ្ជាប់ដំណើរការប្រជាធិបតេយ្យសេរីពហុបក្ស និងបានរៀបចំការបោះឆ្នោតជាទៀងទាត់ដោយគ្មានការប្រែប្រួលទេ។ ការបោះឆ្នោតជាតិនីតិកាលទី៦ នៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨ ក៏ប្រព្រឹត្តទៅតាមប្រតិទិនដោយគ្មានការប្រែប្រួល ហើយមានគណបក្សនយោបាយចំនួន២០បានចូលរួមក្នុងការប្រកួតប្រជែង។ ប្រជាជនកម្ពុជាជាម្ចាស់ឆ្នោតបានចូលរួមយ៉ាងច្រើនកុះករ។ យុទ្ធនាការឃោសនារកសម្លេងឆ្នោតបានប្រព្រឹត្តទៅដោយសន្តិវិធី សេរី ត្រឹមត្រូវ និងគ្មានអំពើហិង្សា។ បើប្រៀបធៀបទៅនឹងការបោះឆ្នោតអាណត្តិមុនៗ ខ្លឹមសារនៃការឃោសនាសម្រាប់ការបោះឆ្នោតឆ្នាំ២០១៨នេះ គឺមានលក្ខណៈថ្លៃថ្នូរ ល្អប្រសើរ គ្មានពាក្យអសុរស គ្មានពាក្យប្រមាថ គ្មានពាក្យញុះញុងរើសអើងពូជសាសន៍ គ្មានអំពើហិង្សា និងគ្មានភាសាបំបែកបំបាក់ជាតិជាដើម ដ៏គួរឲ្យព្រួយបារម្ភដូចពេលមុននោះទេ។ ប៉ុន្តែ ប្រការដែលគួរឲ្យសោកស្តាយ គឺមានយុទ្ធនាការអាក្រក់របស់ពួកប្រឆាំងជ្រុលនិយមក្នុងការបំភិតបំភ័យនិងរារាំងសិទ្ធិប្រជាពលរដ្ឋមិនឲ្យចូលរួមការបោះឆ្នោត ដែលនេះមិនថ្លៃថ្នូរ និងមិនប្រជាធិបតេយ្យទាល់តែសោះ។

ឯកអគ្គរដ្ឋទូតជាទីរាប់អាន! ដូចឯកឧត្តម លោកជំទាវ បានជ្រាបច្បាស់ហើយ៖ នៅលើពិភពលោកនេះ គ្មានស្តង់ដារប្រជាធិបតេយ្យនោះទេ។ ប្រទេសនីមួយៗនៅទ្វិបអាមេរិក ទ្វីបអឺរ៉ុប និងអាស៊ី មានរបបនយោបាយនិងការដឹកនាំរដ្ឋមិនដូចគ្នាទេ។ ប្រទេសជិតខាងកម្ពុជា ក៏មានទម្រង់នយោបាយមិនដូចគ្នាដែរ។ ប្រទេសខ្លះប្រកាន់យកពហុបក្ស ខ្លះប្រកាន់យកឯកបក្ស ខ្លះបានរៀបចំការបោះឆ្នោតដោយទៀងទាត់ ប្រទេសខ្លះបានផ្លាស់ប្តូរអំណាចតាមរយៈរដ្ឋប្រហារ តាមរយៈការញុះញុងឲ្យធ្វើបដិវត្តន៍ពណ៌ ហើយប្រទេសខ្លះរហូតបានសម្រេចព្យួរចោលប្រជាធិបតេយ្យ ដោយលើកពេលការបោះឆ្នោតជាតិទៅទៀត។ ក៏ប៉ុន្តែ នេះគឺជាសិទ្ធិស្វ័យសម្រេចរបស់ប្រជាជាតិនីមួយៗក្រោមអធិបតេយ្យ និងផលប្រយោជន៍របស់ខ្លួន។

ឯកអគ្គរដ្ឋទូតជាទីរាប់អាន! បើប្រៀបធៀបប្រវត្តិសាស្ត្រ រយៈពេលជាងពីរពាន់ឆ្នាំរបស់ខ្លួន ប្រជាជនកម្ពុជា ហ៊ាននិយាយដោយមោនទនភាពថា៖ «ឥឡូវនេះ កម្ពុជា អស្ចារ្យជាងពេលណាៗ! កម្ពុជា អភិវឌ្ឍន៍រីកចម្រើនជាងពេលណាៗ។ កម្ពុជា មានធនធានមនុស្សច្រើនជាងពេលណាៗ ហើយជាប្រជាជាតិដែលមាន សីលធម៌ គុណធម៌ និងមានក្តីសង្ឃឹមខ្ពស់ចំពោះអនាគតដ៏ប្រសើរនៃប្រទេសជាតិខ្លួន។ ជីវភាពប្រជាជនកម្ពុជា រីកចម្រើនសម្បូរសប្បាយជាងពេលណាៗ។ លើសពីនេះ ប្រជាជនកម្ពុជា ស្គាល់ច្បាស់ពិភពលោកជាងពេលណាៗ។ កម្ពុជា មានឯកភាពជាតិជាងពេលណាៗ។ ប្រជាជនកម្ពុជា ក៏យល់ដឹងអំពីរបៀបចាត់ចែងជោគវាសនាប្រទេសជាតិមាតុភូមិរបស់ខ្លួនបានល្អជាងពេលណាៗ»។

ឯកអគ្គរដ្ឋទូតជាទីរាប់អាន! ពិតណាស់ កម្ពុជា ក៏មានការប្រឈមចំពោះជនឆក់ឱកាសកេងប្រវ័ញ្ចលើកម្ពុជាផងដែរ។ នេះក៏ដោយសារកត្តាប្រវត្តិសាស្ត្រអាក្រក់របស់កម្ពុជាកាលពី៤០ឆ្នាំមុនផង ភាពស្លូតត្រង់របស់ប្រជាជនកម្ពុជាផង បញ្ហាគម្លាតនិងការយល់ខុសគ្នានៃវប្បធម៌ផង និងឥទ្ធិពលមនោគមនវិជ្ជាផង ដែលធ្វើឲ្យជនខិលខូច នៅបន្តបន្ទច់បង្អាក់ បង្អាប់បង្អោន កេងប្រវ័ញ្ច និងបានខិតខំគូផាត់កម្ពុជាឲ្យអាក្រក់ ដើម្បីបម្រើគោលបំណងនយោបាយទុច្ចរិតរបស់គេ។ ជនបរទេសខ្លះ អ្នកនយោបាយជ្រុលនិយមមួយចំនួន ដោយឃើញពីភាពខ្វះខាតនេះ ក៏បានខិតខំឆក់ឱកាសចូលក្នុងប្រទេសកម្ពុជា ហើយធ្វើសកម្មភាពបន្លំ បំភ្លៃតាមគ្រប់រូបភាព ក្នុងនោះមានទាំងបានបំពានច្បាប់ បំពុលនយោបាយ និងរំលោភបំពានទាំងអធិបតេយ្យកម្ពុជា ថែមទៀតផង។

ពួកប្រឆាំងជ្រុលនិយមបាននិយាយថា៖ «ប្រជាធិបតេយ្យនៅកម្ពុជាបានស្លាប់ទៅហើយ»។ នេះគឺជាការបំភ្លៃដ៏អសីលធម៌បំផុត ពីព្រោះ «ប្រជាធិបតេយ្យស្លាប់ ដរាបណាគ្មានការបោះឆ្នោត»។ ផ្ទុយទៅវិញ «ជនទាំងឡាយណា ក្រុមទាំងឡាយណា ដែលធ្វើយុទ្ធនាការប្រឆាំងដំណើរការបោះឆ្នោត នោះទើបជា ឃាតករសម្លាប់ប្រជាធិបតេយ្យពិតប្រាកដ»។ ចុះតើអ្នកណាជាឃាតករដែលព្យាយាមវាយបំបែកឆ្នាំងបាយកម្មករ សម្លាប់កម្មករ បំផ្លាញកម្ពុជា និងព្យាយាមរារាំងសិទ្ធិបោះឆ្នោតរបស់ប្រជាជនកម្ពុជា? នោះគឺទណ្ឌិត សម រង្ស៊ី និងគូកន។ ដូច្នេះ យើងខ្ញុំជឿជាក់ថា ឯកអគ្គរដ្ឋទូតជាទីរាប់អាន មានសុភវិនិច្ឆ័យរវាងឧបាយកលទុច្ចរិតបែបនេះ ជាមួយនឹងឆន្ទៈប្រជាជនកម្ពុជា ដែលកំពុងចូលរួមក្នុងដំណើរការប្រជាធិបតេយ្យតាមរយៈការប្រើប្រាស់សិទ្ធិបោះឆ្នោត ហើយដាច់ខាតនឹងរួមគ្នាបន្តការពារលទ្ធផលការបោះឆ្នោតរបស់ខ្លួនផងដែរ។

ពួកប្រឆាំងតែងតែព្យាយាមបង្កអសន្តិសុខ ដើម្បីបំផ្លាញកម្ពុជាតាមដែលអាចធ្វើបាន។ គិតត្រឹមឆ្នាំ២០១៣ ការប៉ុនប៉ងបែបនេះគឺទទួលបរាជ័យម្តងហើយម្តងទៀត។ ក្នុងការទប់ស្កាត់អំពើទុច្ចរិតនេះ កម្ពុជា ក៏មិនសន្តិភាពនិយម ហើយក៏មិនធ្វើប្រហែសចំពោះឧបាយកលបំផ្លាញសន្តិសុខ និង ស្ថិរភាពនៅកម្ពុជានោះទេ។ ទោះបីជាយ៉ាងណា បរិយាកាសនៅកម្ពុជាឥឡូវនេះ គឺប្រជាជនកម្ពុជា មានភាពសប្បាយរីករាយជាងពេលណាៗ។ គ្មានការភ័យព្រួយពីភាពចលាចល។ គ្មានការភ័យព្រួយពីការធ្វើបាតុកម្មកុប្បកម្ម។ គ្មានការភ័យព្រួយពីហានីភ័យសេដ្ឋកិច្ចជាដើម។ ពរជ័យដ៏ល្អដល់ប្រជាជនកម្ពុជានៅពេលនេះ ក៏ដោយសារតម្លៃនៃវិធានការលើពួកជ្រុលនិយមទាន់ពេលវេលា ដែលគ្រប់គ្នាបានស្គាល់មុខសញ្ញាច្បាស់រួចហើយ។ ដូច្នេះ យើងខ្ញុំជឿថា ឯកអគ្គរដ្ឋទូតជាទីរាប់អាន នឹងមានសុភវិនិច្ឆ័យរវាង ឧបាយកលនយោបាយពិសពុលព្រៃផ្សៃបែបឧទ្ទាម ជាមួយនឹងផលប្រយោជន៍ប្រជាជនកម្ពុជា ក៏ដូចជាទំនាក់ទំនងជាប្រពៃណីដ៏ល្អរវាងប្រទេសកម្ពុជា ជាមួយនឹងប្រទេសរបស់ ឯកឧត្តម លោកជំទាវ។

ឯកអគ្គរដ្ឋទូតជាទីរាប់អាន! ប្រទេសកម្ពុជា មានមេរៀនប្រវត្តិសាស្ត្រនិងធ្លាប់បានឆ្លងកាត់ការលំបាកគ្រោះថ្នាក់តូចធំទាំងឡាយគ្រប់គ្រាន់ហើយ។ កម្ពុជាក៏បានដឹងច្បាស់អ្វីដែលជាជម្រើសដ៏ល្អបំផុតក្នុងការរុញនាវាកម្ពុជា ឲ្យបន្តឆ្ពោះទៅមុខប្រកបដោយភាពសុខសាន្តនិងកិត្តិយស។ សារជាតិរបស់ពួកប្រឆាំងជ្រុលនិយម ដែលចោទប្រកាន់និងហៅមេដឹកនាំយើងខ្ញុំថា ផ្តាច់ការ នេះក៏ប្រហែលជាមិនខុសពីពួកដែលប្រឆាំងសហរដ្ឋអាមេរិក ដែលហៅ អាមេរិក ថាជា ចក្រពត្តិ ហើយក៏មិនខុសពីពួកស្អប់អឺរ៉ុប ហៅអឺរ៉ុបថា ជាពួកចោរប្លន់ពិភពលោក នោះទេ។ ក៏ប៉ុន្តែ យើងខ្ញុំសង្ឃឹមថា ឯកអគ្គរដ្ឋទូតជាទីរាប់អាន នឹងមានយុត្តិធម៌ចំពោះការខិតខំនិងគុណធម៌នៃថ្នាក់ដឹកនាំជាតិរបស់យើងខ្ញុំ ក៏ដូចជាស្នាមញញឹមរបស់ប្រជាជនកម្ពុជាយើងខ្ញុំ ជាងលួចគាំទ្រអំពើទុច្ចរិតរបស់ពួកប្រឆាំងជ្រុលនិយមដែលកំពុងព្យាយាមបំផ្លាញផលប្រយោជន៍កម្ពុជា។

ឯកអគ្គរដ្ឋទូតជាទីរាប់អាន! ប្រជាធិបតេយ្យចូលរួម និងការធ្វើកិច្ចសហប្រតិបត្តិការបំពេញឲ្យគ្នា គឺមានតម្លៃជាងវប្បធម៌ប្រឆាំងផ្តាច់ផ្តិលដែលឈានដល់ការបំផ្លាញនិងធ្វើឲ្យអន្តរាយ។ ការទប់ស្កាត់បានមនោគមន៍វិជ្ជាពិសពុលនិងសកម្មភាពជ្រុលនិយម គឺជាពរជ័យសម្រាប់ប្រជាជនកម្ពុជា។ ការរីកចម្រើនរបស់កម្ពុជាក្នុងរយៈពេល២០ឆ្នាំចុងក្រោយនេះ រួមទាំង កម្ពុជា មានកំណើនសេដ្ឋកិច្ចជាមធ្យម៧%ក្នុងមួយឆ្នាំៗ ក៏ដោយសារតែមានអំណោយផលពីភាពរឹងមាំនៃ «សន្តិភាព ស្ថេរភាព និង សន្តិសុខល្អប្រសើរ»។ ការរីកចម្រើននេះ ក៏បានបង្កភាពអំណោយផលដល់ការរីកចម្រើននៃផ្នែកទំនាក់ទំនងកិច្ចសហប្រតិបត្តិការលើសេដ្ឋកិច្ចទីផ្សារសេរីរវាងប្រទេសកម្ពុជា ជាមួយនឹងបណ្តាប្រទេសរបស់ឯកឧត្តម និងលោកជំទាវ ផងដែរ។ សមិទ្ធផលដ៏ល្អដែលកើតមាននៅបច្ចុប្បន្នទាំងនេះ គឺជាមូលដ្ឋានគ្រឹះដ៏មានសារៈប្រយោជន៍ធំធេងដែលយើងមិនត្រូវមើលរំលងឡើយ ហើយក៏ត្រូវរួមគ្នាថែរក្សាការពារឲ្យរីកផ្លែផ្កាកាន់តែធំធេងជាងនេះទៀត។

ឯកអគ្គរដ្ឋទូតជាទីរាប់អាន! ជាទីបញ្ចប់ ប្រហែលជាឯកឧត្តមលោកជំទាវយល់ស្របជាមួយយើងខ្ញុំថា ការបោះឆ្នោត និងសិទ្ធិស្វ័យសម្រេច គឺជាតម្លៃរបស់ប្រជាជាតិនីមួយៗ។ នេះហើយគឺជាតម្លៃស្នូលនៃប្រជាធិបតេយ្យ ការគោរពសិទ្ធិមនុស្ស និងជំរុញការអភិវឌ្ឍន៍។ យើងរួមគ្នាបង្កើតពិភពលោកដែលមានយុត្តិធម៌ គោរពសិទ្ធិស្វ័យសម្រេច គោរពឯករាជ្យគ្នាទៅវិញទៅមក។ ជាមួយនឹងការប្តេជ្ញាតម្កល់ផលប្រយោជន៍ជាតិ និងឧត្តមប្រយោជន៍ជាតិរបស់ខ្លួនខ្ពស់ជានិច្ច កម្ពុជាក៏មានស្មារតីបន្តពង្រឹងកិច្ចសហប្រតិបត្តិការកម្រិតទ្វេភាគីនិងពហុភាគី ដើម្បីការពារផលប្រយោជន៍ជាតិនិងប្រជាជនជាមិត្តផងដែរ។ ប្រជាជនកម្ពុជាក៏រក្សាសីលធម៌ចង់បានការចូលរួមក្នុងដំណើរការប្រជាធិបតេយ្យរបស់កម្ពុជា ដោយធានាការមិនជ្រៀតជ្រែក គោរពអធិបតេយ្យភាពជាតិរៀងៗខ្លួន។

ជាថ្មីម្តងទៀត «បើគ្មានការបោះឆ្នោតនេះ នោះទើបគ្មានប្រជាធិបតេយ្យ»។ ជនទាំងឡាយណាដែលគាំទ្រ និងធ្វើសកម្មភាពបំផ្លាញការបោះឆ្នោត នោះមានន័យថា គេមានគោលដៅផ្លាស់ប្តូរនិងជ្រើសរើសមេដឺកនាំជាតិតាមរយៈវិធីមិនប្រជាធិបតេយ្យ ពោគឺគេចង់បង្កើតអំពើហិង្សានិងធ្វើសង្គ្រាម ដែលគោលដៅនេះគឺបំផ្លាញសង្គមជាតិទាំងមូលឲ្យខ្ទេចខ្ទាំទៀតហើយ។ ដូច្នេះ សូមមិត្តទូតទាំងឡាយ មេត្តាបើកចិត្តឲ្យទូលាយ អព្យាក្រិត្យភាព គោរពឆន្ទៈប្រជាជនកម្ពុជាជាម្ចាស់ឆ្នោត គោរពអធិបតេយ្យគ្នាទៅវិញទៅមក និងចូលរួមក្នុងដំណើរការប្រជាធិបតេយ្យ និងការបោះឆ្នោតនៅកម្ពុជាដោយសុទ្ធចិត្ត និងស្មោះត្រង់៕

យើង, ប្រជាជនកម្ពុជា

Facebook Comments
Loading...