លិខិតពីប្រជាពលរដ្ឋ៖ ទ្រង់ ស៊ីសុវត្ថិ ធម្មិកោ ជាអ្នកប្រជាធិបតេយ្យក្លែងក្លាយ និងគ្មានវិជ្ជាជីវៈ

0
2284

(ភ្នំពេញ)៖ ពិតជាគួរឱ្យអស់សំណើចដែលទ្រង់ ស៊ីសុវត្ថិ ធម្មិកោ ភ័យខ្លាចនឹងទង្វើរបស់ខ្លួនរហូតដល់រត់ទៅពឹងបរទេសឱ្យជួយ និងកាន់តែហួសចិត្ត ព្រោះសែរាជវង្សមួយអង្គនេះ ដែលអួតខ្លួនថា ជាអ្នកគ្រាន់បើ ប៉ុន្តែមិនយល់ពីអ្វីទៅដែលហៅថា សេរីភាពសារព័ត៌មាន និងសេរីភាពនៃការបញ្ចេញមតិ។ ប្រតិកម្មជាបន្តបន្ទាប់ និងការសរសេរលិខិតទៅប្តឹងបរទេស របស់ទ្រង់ ស៊ីសុវត្ថិ ធម្មិកោនេះជាការបង្ហាញថា ជនជាតិខ្មែរម្នាក់ ជាប់សែស្រឡាយរាជវង្សខ្មែរ ដែលគួរតែការពារឯករាជ្យ អធិបតេយ្យភាពជាតិ និងបូរណភាពដែនដីកម្ពុជា ប៉ុន្តែបែរជាទ្រង់លត់ជង្គង់ ឱនចេស្តា និងមានគំនិតបរទេសនិយម ដូចដែលមេដឹកនាំ សម រង្ស៊ី កឹម សុខា បានធ្វើចំពោះចៅហ្វាយនាយបរទេសរបស់ខ្លួនដូច្នេះដែរ។

ពួកគេពូកែក្នុងការធ្វើពើនិងតាំងខ្លួនជា ជនរងគ្រោះអាជីពហើយមានភាពប៉ិនប្រសព្វក្នុងការប្រឌិត បំភ្លៃបំផ្លើសបញ្ហានិងបានរលាស់ខ្លួនពីទង្វើទុច្ចរិតដោយបានធ្វើនយោបាយតូបនីយកម្មដើម្បីជាឡប់ឡែ បិទបាំងទង្វើអាក្រក់របស់ខ្លួន។

ប្រសិនបើទ្រង់ ស៊ីសុវត្ថិ ធម្មិកោ មិនបានលួចប្រជុំសម្ងាត់ជាមួយយុវជន១២នាក់នៅផ្ទះលោក សាង សាន អតីតសមាជិកខ្មោចបក្សសង្គ្រោះជាតិ នៅក្រោយវត្តមហាមន្ត្រី ដើម្បីរៀបចំផែន ការបំផ្លាញការបោះឆ្នោតនិងលទ្ធិប្រជាធិបតេយ្យនៅកម្ពុជាទេនោះ សូមធ្វើកុំភ័យមើល! មកពីលួចប្រជុំសម្ងាត់រៀបចំផែនការទុច្ចរិត ដែល ល្មើសនឹងសាលដីកាតុលាការ ហាមឃាត់មិនឱ្យធ្វើនយោបាយ៥ឆ្នាំ បានជាខំប្រឹងគេចវេស និងស្វែងរកការគាំទ្រពីខាងក្រៅ។

ម្យ៉ាងទៀត ទ្រង់ ស៊ីសុវត្ថិ ធម្មិកោ ក៏ត្រូវចេះស្វែងយល់បន្ថែមពីសេរីភាពនៃសារព័ត៌មាន និងជាពិសេសគឺសេរីភាពនៃការបញ្ចេញមតិឱ្យបានច្បាស់។ ក្នុងនាមជាបញ្ញាជនម្នាក់ ទ្រង់ ស៊ីសុវត្ថិ ធម្មិកោ ក៏គួរមានចំណេះដឹងគ្រប់គ្រាន់យល់ដឹងថា អ្វីទៅដែលហៅថា វិជ្ជាជីវៈសារព័ត៌មានផងដែរ។ ប្រសិនបើទ្រង់យល់ដឹងពីវិជ្ជាជីវៈនេះ ទំនងទ្រង់នឹងមិនខ្ញាល់រហូតដល់វង្វេង និងមិនចេះតែនឹងចេញមកប្រតិកម្មប៉ាតណាប៉ាតណី រហូតដល់ភ្លេចខ្លួន រត់ទៅប្តឹងបរទេសឡើយ។ នេះហើយគឺជាអ្នកប្រកាស ថាជាជនស្នេហាជាតិ អ្នកប្រជាធិបតេយ្យ។ ប៉ុន្តែតាមពិតទ្រង់គ្រាន់តែជាអ្នកប្រជាធិបតេយ្យក្លែងក្លាយ និងស្ទើរភ្លើងខាងចំណះដឹងអំពីលិទ្ធិប្រជាធិប្បតេយ្យ ~ Sisowath Thomico: A Fake and Amateur Democrat !

ម៉្យាងវីញទៀត ដោយទ្រង់ជាអ្នកមានសែស្រឡាយជាមួយនឹងទ្រង់ស៊ីសុវត្ថិ សិរិមតៈ ដែលជាអ្នករួមគំនិតជាមួយសេនាប្រមុខ លន់ នល់ ធ្វើរដ្ឋប្រហារទម្លាក់សម្តេចព្រះ នរោត្តម សីហនុ ពីព្រះប្រមុខរដ្ឋ ក៏បានទាញកម្ពុជា ចូលក្នុងភ្នក់ភ្លើងសង្គ្រាមស៊ីវិល និងវាលពិឃាត។ តាមប្រភពព័ត៌មាន ទ្រង់ ស៊ីសុវត្ថិ ធម្មិកោ ក៏ធ្លាប់បម្រើការងារក្នុងរបបសាធារណរដ្ឋខ្មែរដែរ។

ប្រសិនបើទ្រង់ ស៊ីសុវត្ថិ ធម្មិកោ ពិតជាអ្នកប្រជាធិបតេយ្យពិតប្រាកដ និងជាអ្នកដែលយល់ដឹងពីវិជ្ជាជីវៈសារព័ត៌មាន នោះម៉្លេះទ្រង់នឹងមិនឈរឱបដៃនៅស្ងៀមនៅពេលដែល ប្រព័ន្ធផ្សព្វផ្សាយដែលគាំទ្របក្សប្រឆាំងរិះគន់ វាយប្រហារជេរប្រតិចផ្តាសា និងប្រមាថអាយុជីវិតរបស់ថ្នាក់ដឹកនាំរាជរដ្ឋាភិបាល គណបក្សកាន់អំណាចនិងអ្នកគាំទ្រ គណបក្សប្រជាជនកម្ពុជារាល់ថ្ងៃឡើយ។ ប៉ុន្តែទ្រង់ ស៊ីសុវត្ថិ ធម្មិកោ នៅស្ងៀមធ្វើជា មិនឃើញនិងមិនឮការប្រមាថ ដោយពាក្យសំដីមហាអសុរសជាប្រចាំថ្ងៃនេះ និងមិនខ្ចីខ្វល់ឡើយ ព្រោះការទុកឱ្យក្រុមខ្លួនវាយប្រហារ ប្រមាថថ្នាក់ដឹកនាំរដ្ឋាភិបាល និងគណបក្សដឹកនាំដោយនាយករដ្ឋមន្ត្រី ហ៊ុន សែន គឺការចំណេញ ផ្នែកនយោបាយដល់ក្រុម និងបក្សពួកខ្លួន។

សរុបមកវីញ ក្នុងនាមខ្ញុំជាពលរដ្ឋខ្មែរម្នាក់ដែលបានឆ្លងកាត់៥របបនយោបាយមកហើយនេះ បច្ចុប្បន្នជាមន្រ្តីចូលនិវត្តន៍ សូមផ្តល់យោបលដល់ទ្រង់ ស៊ីសុវត្ថិ ធម្មិកោ គួរតែរៀនធ្វើជាអ្នកប្រជាធិបតេយ្យពិតប្រាកដ និងរៀនស្វែងយល់ពីវិជ្ជាជីវៈ សារព័ត៌មានឱ្យបានទូលំទូលាយបន្តិច ហើយជាពិសេសគួររៀនធ្វើជាពលរដ្ឋខ្មែរពិតប្រាកដ មិនមែនជាអាយ៉ងបរទេសនោះទេ៕

ដោយ៖ ពល ពានរិន្ទ
រាជធានីភ្នំពេញ ថ្ងៃទី៥ ខែកក្កដា ឆ្នាំ២០១៨

Facebook Comments
Loading...