ក្រុមការងារសហគមន៍ប្រចាំស្រុកអង្គរធំជួយសង់ផ្ទះ និងបុកអណ្ដូង២ដល់ពលរដ្ឋក្រីក្រ

0
942

ក្រុមលេខាធិការដ្ឋានសហគមន៍ប្រចាំស្រុកអង្គរធំ ដែលដឹកនាំដោយអគ្គនាយករងអាជ្ញាធរជាតិអប្សរា ឯកឧត្តម ហង់ ពៅ កាលពីសប្ដាហ៍កន្លងទៅ បានចុះជួយធ្វើផ្ទះរបស់ប្រជាពលរដ្ឋមួយខ្នង និងបានបុកអណ្ដូងទឹកចំនួន២ ដល់ពលរដ្ឋដែលមានជីវភាពខ្វះខាត។

ក្នុងអំឡុងពេលចុះសួរសុខទុក្ខប្រជាពលរដ្ឋក្នុងឃុំពាក់ស្នែង ស្រុកអង្គរធំ ឯកឧត្តមអគ្គនាយករង បានជួបប្រជាពលរដ្ឋដែលមានជីវភាពខ្វះខាត ហើយបានជួយជាសម្ភារមួយចំនួនដល់ពួកគេក្នុងការសង់ផ្ទះ ដូចជាសសរ ដែកគោល រួមនិងថវិកាមួយចំនួន។ ក្រៅពីនេះ តបតាមសំណូមពររបស់ប្រជាពលរដ្ឋចំនួន២គ្រួសារ ក្នុងឃុំគោលដៅខាងលើ ឯកឧត្តមប្រធានក្រុមការងារសហគមន៍ ក៏បានជួយបុកអណ្ដូងទឹកចំនួន២ផងដែរ សម្រាប់ការប្រើប្រាស់ប្រចាំថ្ងៃ។

គួររឮកថា ក្នុងខែ មិថុនា ឆ្នាំ២០១៨នេះ ក្រុមលេខាធិការដ្ឋានសហគមន៍របស់អាជ្ញាធរជាតិអប្សរា បានចុះពិនិត្យ អនុញ្ញាតសាងសង់ និងជួសជុលតូចតាចចំនួន ២៤៣ករណី ក្នុងនោះបានអនុញ្ញាតចំនួន ១៣៥ករណី។ ក្នុងចំណោម ១៣៥ករណីនោះ រួមមាន ស្រុកប្រាសាទបាគង ១៥ករណី ស្រុកអង្គរធំ ៨ករណី ស្រុកពួក ១៨ករណី ក្រុងសៀមរាប ៩០ករណី និងស្រុកបន្ទាយស្រី ៨ករណី៕

Facebook Comments
Loading...