ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ បានបង្ហោះសារនៅក្នុង Twitter របស់លោក យ៉ាងដូច្នេះថា «យើងមិនអាចបណ្តោយឲ្យមនុស្សទាំងនោះ ឈ្លានពានប្រទេសយើងបានទៀតទេ។ នៅពេលដែលពួកគេចូលមកកាន់ទីនេះ យើងត្រូវតែបញ្ជូនពួកគេចេញទៅកាន់កន្លែងដើមវិញភ្លាមៗដោយមិនចាំបាច់យកទៅ កាត់ក្តី ឬក៏ឡើងតុលាការ នោះឡើយ។ ប្រព័ន្ធដែលយើងអនុវត្តន៍នេះ គឺជាជំហរមួយទៅកាន់គោលនយោបាយអន្តោប្រវេសន៍ និងច្បាប់ ព្រមទាំងសណ្តាប់ធ្នាប់ដ៏ល្អ។ ក្មេងៗភាគច្រើនបានមកទីនេះ ដោយគ្មានឪពុកម្តាយមកជាមួយនោះឡើយ…»។
កាលពីថ្ងៃសៅរ៍សប្តាហ៍មុននេះ រដ្ឋបាលលោក ដូណាល់ ត្រាំ បានប្រកាសអំពីផែនការមួយក្នុងការអនុញ្ញាតឲ្យក្មេងៗអន្តោប្រវេសន៍ អាចជួបជុំជាមួយឪពុកម្តាយរបស់ពួកគេវិញនៅក្នុងមណ្ឌលឃុំឃាំង ក្នុងរដ្ឋតិចសាស់ ដែលជាប់ព្រំដែនជាមួយប្រទេសម៉ិចស៊ីកូនោះ។ ទោះបីជាបែបនេះក្តី ក្រោយមកទៀតក្រសួងសន្តិសុខមាតុភូមិអាមេរិកបានតបទៅលោក ត្រាំ វិញថា វាមិនអាចកើតឡើងទៅរួចនោះឡើយ លុះត្រាណាតែឪពុកម្តាយដែលជាប់ឃុំខ្លួននោះ ត្រូវបញ្ចូនចេញពីសហរដ្ឋអាមេរិករួចរាល់ជាមុនសិន។