ភ្នំពេញ: អ្នកប្រដាល់ធន មករាត្រូវជួបប្រកួតជាមួយអ្នកប្រដាល់ថៃធៀប កៅ(Theap Kao) ក្នុងព្រឹត្តការណ៍ខ្សែក្រវាត់ខារ៉ាបាវទម្ងន់៥៧គីឡូក្រាមលើសង្វៀនអាស៊ីអាគ្នេយ៍សម្រាប់រសៀលថ្ងៃទី៩មិថុនានេះ។
មករាជាអ្នកប្រដាល់ជើងខ្លាំងមួយរូបដែលទើបតែដណ្ដើមពានពីស្ថាននីយ៍ទូរទស្សន៍ក្នុងស្រុកមួយ ។គេជាអ្នកប្រដាល់វ័យក្មេងកំពុងតែបង្ក្រាបអ្នកប្រដាល់ជើងចាស់ដែលខ្លាំងៗ ។ ធៀប កៅគេមិនដែលមកប្រកួតនៅស្រុកខ្មែរទេតែគេហ៊ានចូលប្រឡូកក្នុងការដណ្ដើមខ្សែក្រវាត់ដែលមានរង្វាន់អមចំនួន៥.០០០ដុល្លារបែបនេះគេប្រាកដជាមិនមែនជាអ្នកប្រដាល់ខ្សោយនោះទេ ។
អ្នកប្រដាល់កម្ពុជាធន មករាវិញនោះគេកានតែអស្ចារ្យណាស់ទៅទៀត ។ ជាមួយនឹងភាពអំណត់ខ្ពស់នោះគេមានផ្លែវ៉ៃល្អ និង មានកលល្បិចខ្ពស់ដើម្បីផ្ដួលគូប្រកួត ។ មករាមានប្រវត្តិប្រកួតចំនួន៦១ដង ឈ្នះ៥៥ដង ចាញ់៤ដង ស្មើពិន្ទុ ២ ដង និង វាយគូប្រកួតឲ្យសន្លប់បានចំនួន១៥ដង ។
ចំពោះ ធៀប កៅ គេមានប្រវត្តិប្រកួតចំនួន៥៧ដង ឈ្នះ៥០ដង ចាញ់៧ដង ។នេះជាកំណត់ត្រាប្រកួតដ៏ល្អមួយរបស់អ្នកប្រដាល់ថៃវ័យក្មេងរូបនេះ ។
ពួកគេសុទ្ធតែជាអ្នកប្រដាល់ដែលមានកំណត់ត្រាប្រកួតល្អដូចគ្នាចាំមើលនរណាជាអ្នករកបាន៣ពិន្ទុពីការប្រកួតនេះ ?
ប្រកួតក្នុងព្រឹត្តិការណ៍នេះដែរអ្នកប្រដាល់កម្ពុជាឈុត សេរីវ៉ាន់ថង មកពីក្លិបរាហ៊ូកីឡាត្រូវជួបជាមួយេអ្នកប្រដាល់ថៃភេច យ៉ាកស៊ូ(Phach Yaksou) ។
ភេច យ៉ាកស៊ូក៏ជាអ្នកប្រដាល់ជើងខ្លាំងមួយរូបដែរ ឯ សេរីវ៉ាន់ថងក៏កាន់តែអស្ចារ្យណាស់ទៅទៀត ។ជំនួបរវាងអ្នកប្រដាល់ទាំង២រូបនេះពួកគេសុទ្ធតែត្រូវការឈ្នះដូចគ្នាតែមិនដឹងថានរណាជាអ្នកមានសមត្ថភាពនោះឡើយ ។
សេរីវ៉ាន់ថងមានប្រវត្តិប្រកួតចំនួន៥៤ដង ឈ្នះ៤៧ដង ចាញ់៦ដង ស្មើពិន្ទុ ១ ដង និងវាយគូប្រកួតឲ្យសន្លប់បានចំនួន១៨ដង ។ចំពោះអ្នកប្រដាល់ថៃភេច យ៉ាកស៊ូវិញគេមានប្រវត្តិប្រកួតចំនួន៦០ដង ឈ្នះ៤៩ដង ចាញ់១០ដងនិង ស្មើពិន្ទុ ១ ដង ។នរណារកជ័យជំនះបានពីការប្រកួតនេះ ?