ខេត្តព្រះសីហនុ ៖ ស្ត្រីម្នាក់បានរងរបួសជាទម្ងន់ប្រេះឆ្អឹងស្មងជើងខាងស្តាំនិងមានស្នាមជាំពេញខ្លួនប្រាណ រួមជាមួយម៉ូតូថ្មីមួយគ្រឿងត្រូវរងការខូចខាតផ្នែកកំណាត់មុខស្ទើរតែទាំងស្រុងនៅក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរបង្ករឡើងដោយរថយន្ត ជាម៉ូតូ ហេតុការណ៍គ្រោះថ្នាក់ចរាចរខាងលើបានកើតឡើងនៅវេលាម៉ោង៨.០០នាទី ត្រូវនិងថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០១៨ នៅលើចិញ្ចើមផ្លូវក្រាលក្រួសក្រហម ជាប់ផ្លូវជាតិលេខ០៤ត្រង់ ចំណុចក្បែរផ្សារឃ្លាំងលើក្នុងក្រុម០៣ ភូមិ០២ សង្កាត់លេខ០១ ក្រុង.ខេត្តព្រះសីហនុ។
ប្រភពខាងលើបានឲ្យដឹងទៀតថាស្ត្រីរងគ្រោះឈ្មោះប្រាក់ មុំអាយុ៤២ឆ្នាំមុខរបរលក់ដូរ មានទីលំនៅក្បែរកន្លែងកើតហេតុខាងលើបើកបរម៉ូតូម៉ាកហុងដាឌ្រីម១២៥ព៏តខ្មៅសេរី២០១៦មិនទាន់មានស្លាកលេខ។ ដោយឡែកអ្នកបើកបររថយន្តបង្ករឈ្មោះ តិល សាមុត ភេទប្រុស មានអាយុប្រមាណជាង៥០ឆ្នាំមុខរបរជាគ្រូបង្រៀនភាសាអង់គ្លេស សាលាវិទ្យាល័យសម្តេចឪ ក្រុងព្រះសីហនុ។ បើកបររថយន្តម៉ាកប៉ាហ្សេរ៉ូ ព៏តទឹកប្រាក់លាយព៏តបៃតងចាស់ពាក់ស្លាកលេខ ភ្នំពេញ២F.១៣៦២។
សាក្សីដែលបានឃើញហេតុការណ៍ខាងលើបានឲ្យដឹងថា មុនកើតហេតុគេឃើញស្ត្រីរងគ្រោះខាងលើជិះម៉ូតូចេញមកពីផ្ទះតាមចិញ្ចើមផ្លូវក្រាលគ្រួសក្រហម មកពីកើតធ្វើដំណើរទៅផ្សារឃ្លាំងលើ លុះមកដល់ចំណុចកើតហេតុស្រាប់តែរថយន្តបង្ករដែលមានភិនភាគខាងលើបើកបរពីឡិចទៅកើតបញ្ច្រាសទិសគ្នាក្នុងល្បឿនលឿន ហើយបានជ្រុលចង្កូតចេញពីលើផ្លូវជាតិ ទៅបុកម៉ូតូស្ត្រីរងគ្រោះនៅលើចិញ្ចើមផ្លូវពេញទំហឹុង បណ្តាលឲ្យស្ត្រីអ្នកបើកបរម៉ូតូខ្ទាតបុើងចេញពីម៉ូតូរងរបួសធ្ងន់ធ្ងរ។
នៅព្រឹកថ្ងៃដដែលភាគីទាំង០២នៅមិនទាន់មានដំណោះស្រាយបញ្ចប់កណីខាងលើនៅឡើយ ហើយសមត្ថកិច្ចនគរបាលការិយាល័យជំនាញបានកសាងសំណុំរឿងទៅតាមនិតិវិធី រង់ចាំភាគីទាំង០២ស្វែងរកដំណោះស្រាយមួយ ដែលក្រុមគ្រួសារស្ត្រីរងគ្រោះអាចទទួលយកបាន។