សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត អញ្ជើញជាអធិបតីក្នុងការបើកព្រឹត្តការណ៍ ការប្រកួតកីឡាជាតិលើកទី២

0
20640

ភ្នំពេញ៖ នៅល្ងាចថ្ងៃសុក្រ ១១កើត ខែជេស្ឋ សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០១៨នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន បានអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ក្នុងពិធីបើកការប្រកួតកីឡាជាតិលើកទី២ នៅពហុកីឡដ្ឋានជាតិអូឡាំពិក។

ការ​ប្រកួត​កីឡា​ជាតិ​លើក​ទី២ ក្រោម​ប្រធាន​បទ «កីឡា​នាំ​មក​នូវ​សន្តិភាព និង​ការអភិវឌ្ឍ» ដែល​មាន​រយៈ​ពេល​​មួយ​សប្តាហ៍​នៅ​ពហុកីឡដ្ឋាន​ជាតិ​អូឡាំពិកដែល​នឹងប្រ​ព្រឹត្ត​ទៅ​ចាប់​ពី​ថ្ងៃ​ទី២៥ ខែ​ឧសភា ដល់​ថ្ងៃ​ទី០៤ ខែមិថុនា ឆ្នាំ ២០១៨ ដែលមានកីឡាករ កីឡាករិនី​ និង​គ្រូ​បង្វឹក​ចូល​រួម សរុប ៤.១៦៣ នាក់ លើ​ប្រភេទ​កីឡា​ចំនួន​២៧ រួម​មាន​​វិញ្ញាសា​រចំនួន​២៧៤ មកពី​ក្រសួង រាជធានី​-​ខេត្ត​ចំនួន​២៥។

កម្មវិធីបើកព្រឹត្តិការណ៍កីឡានេះ ក៏មានការរៀបចំកម្មវិធីប្លែកៗ និងអស្ចារ្យជាច្រើនទៀត ដើម្បីអបអរពិធីបើកកីឡាជាតិ រួមមានដូចជាការដង្ហែ​ក្បួន​ព្យុះហយាត្រាប្រតិភូកីឡាតាមបណ្តាខេត្តនានា ការ​សម្តែងបែបសិល្បវប្បធម៌បុរាណ ក្បាច់គុនល្បុក្កតោ ការ​សម្តែង​​ចលនាកាយសមស្របពីគរុ​សិស្ស​កីឡា ក្រុម​កីឡាតេក្វាន់ដូ ការ​សម្តែង​​ចលនា​កាយកម្សាន្ត​ចម្រៀង ដោយ​មាន​ការ​ចូល​រួម​ពីសិល្បករ សិល្បការិនីល្បីៗជា​ច្រើន​រូប​ និងការបាញ់កាំជ្រួចអបអរសាទរផដែរ។

ក្រៅពីការអញ្ជើញជាអធិបតីភាពដោយផ្ទាល់ពីសម្ដេចតេជោ និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិតហើយនោះ ព្រឹត្តិការណ៍កីឡាជាតិលើកទី២នេះ ក៏មានកម្មវិធីកាន់តែអស្ចារ្យជាងលើកទី១ផងដែរ ដោយព្រះមហាក្សត្រកម្ពុជា​ ព្រះករុណា ព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី នឹងព្រះបរមរាជានុញ្ញាតដ៏ខ្ពង់ខ្ពស់បំផុត សព្វព្រះរាជហឫទ័យប្រោសព្រះរាជទានភ្លើងគប់ ដល់តំណាងកីឡាករជាតិ ហើយនាំយកភ្លើងគប់ពីព្រះបរមរាជវាំង មកប្រគល់ជូនសម្ដេចតេជោនាយករដ្ឋមន្ដ្រី ដើម្បីដុតបំភ្លឺគប់ ប្រារព្ធពិធីបើកការប្រកួតផ្លូវការនៅពហុកីឡដ្ឋានជាតិផងដែរ។

ចំពោះភ្លើងគប់ខាងលើតំណាងអត្តពលិកជាតិ ដែលត្រូវចូលក្រាបបង្គំទទួលការព្រះរាជទានពីព្រះមហាក្សត្រនោះ រួមមាន៖ កីឡាករ ឃុន ឌីម៉ា ម្ចាស់មេដាយមាសកីឡាស៊ីហ្គេមឆ្នាំ២០១៧ លើប្រភេទកីឡាគុនខ្មែរ ដែលជាកីឡាអត្តសញ្ញាណជាតិ។ បន្ទាប់មក ឌីម៉ា នឹងរត់កាន់ភ្លើងគប់អមដោយតារាបាល់ទាត់ឆ្នើមៗ ២រូប គឺកីឡាករ ចាន់ វឌ្ឍនាកា និងកីឡាករ ប្រាក់ មុន្នីឧត្តម រួមជាមួយកីឡាករក្បាច់គុណល្បុក្កតោចំនួន១០រូប​ ពីព្រះបរមរាជវាំង ជាមួយនឹងក្បួនម៉ូតូធំ ១២គ្រឿង តាមផ្លូវសំខាន់ៗមួយចំនួន ឆ្ពោះមកពហុកីឡដ្ឋានជាតិ។

ការ​ប្រកួត​កីឡា​ជាតិ​នេះ រៀបចំ​ឡើង​ក្នុង​គោល​បំណង វាស់​ស្ទង់គុណផលកីឡា តាម​ប្រភេទ​កីឡានី​មួយៗ ក៏​ដូចជា​ហ្វឹកហ្វឺន​មន្រ្តីរៀបចំ​ការ​ប្រកួត មន្រ្តី​អាជ្ញា​កណ្តាល និង​ចៅក្រម​ក្នុង​ការ​ត្រៀម​លក្ខណៈ​​ឈាន​ឆ្ពោះ​ទៅ​ធ្វើ​ជា​ម្ចាស់​​ផ្ទះ នៃ​ការ​ប្រកួត​កីឡា ស៊ី​ហ្គេម លើក​ទី៣២ ឆ្នាំ​២០២៣ នា​ពេល​ខាង​មុខ។

បន្ទាប់ពីសម្តេចតេជោ ហ៊ុន សែន អញ្ជើញប្រកាសបើកការកួតកីឡាជាតិលើកទី២រួចហើយនោះ ក៏មានពិធីដង្ហែ និងទទួលភ្លើងគុប ដែលដង្ហែពីព្រះបរមរាជវាំងមកកាន់ពហុកីឡដ្ឋានជាតិដោយកីឡាករ​ កីឡាការិនីល្បីៗជាច្រើនផងដែរ មុននឹងអញ្ជើញប្រគល់ជូនសម្តេចតេជោនាយករដ្ឋមន្ត្រី និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ដើម្បីអុចបំភ្លឺ បើកព្រឹត្តិការណ៍ការកប្រកួតកីឡាជាតិឆ្នាំ២០១៨នេះ ចាប់ពីពេលនេះតទៅ៕

ផ្សាយផ្ទាល់(Live): ប្រសាសន៍​ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា​ ប្រកាសបើកការប្រកួតកីឡាជាតិលើកទី២ នៅពហុកីឡដ្ឋានជាតិអូឡាំពិក រាជធានីភ្នំពេញ។ ល្ងាចថ្ងៃសុក្រ ១១កើត ខែជេស្ឋ សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០១៨

Gepostet von Samdech Hun Sen, Cambodian Prime Minister am Freitag, 25. Mai 2018

Facebook Comments
Loading...