នៅព្រឹកថ្ងៃពុធ ០៥កើត ខែចេត្រ ឆ្នាំរកា នព្វស័ក ព.ស២៥៦១ ត្រូវនឹងថ្ងៃទី២១ ខែមីនា ឆ្នាំ២០១៨ គណៈកម្មាធិការសម្របសម្រួលអន្តរជាតិសម្រាប់ការអភិរក្ស និងលើកតម្លៃរមណីយដ្ឋានប្រាសាទព្រះវិហារ បានបើកកិច្ចប្រជុំពេញអង្គលើកទី៤របស់ខ្លួននៅស្នាក់ការអាជ្ញាធរជាតិអប្សរា នាខេត្តសៀមរាប។ កិច្ចប្រជុំបានផ្តោតលើប្រធានបទសំខាន់ៗមួយចំនួនដូចជា ការងារអភិរក្សនិងអភិវឌ្ឍនៅប្រាសាទព្រះវិហារ និងប្រាសាទកោះកេរ។
អង្គប្រជុំមានការអញ្ជើញចូលរួមដ៏ខ្ពង់់ខ្ពស់ លោកជំទាវ ភឿង សកុណា រដ្ឋមន្រ្តីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងជាប្រធានអាជ្ញាធរជាតិអប្សរា សហប្រធានកិច្ចប្រជុំអាយស៊ីស៊ី-ព្រះវិហារ មានប្រទេសចិន និងប្រទេសឥណ្ឌា តំណាងទូត ស្ថាប័នដៃគូអភិវឌ្ឍន៍ មន្រ្តីរាជការ ព្រមទាំងអ្នកជំនាញជាតិនិងអន្តរជាតិជាច្រើន។
មានប្រសាសន៍ក្នុងពិធីបើកកិច្ចប្រជុំពេញអង្គលើកទី៤ លោកជំទាវ ភឿង សកុណា បានសម្តែងអារម្មណ៍សប្បាយរីករាយដែលបានចូលរួមក្នុងកិច្ចប្រជុំនិងបង្ហាញនូវការវិវត្តនៃការងារសំខាន់ៗដែលភាគីពាក់ព័ន្ធ បានបំពេញនាពេលកន្លងមក លើការងារជួសជុល និងអភិរក្សទាំងនៅប្រាសាទព្រះវិហារ និងនៅប្រាសាទកោះកេរ។ រីឯកិច្ចប្រជុំនាពេលនេះក៏កំពុងបង្ហាញនូវដំណើរការដ៏ត្រឹមត្រូវ ហើយលោកជំទាវសង្ឃឹមថា សកម្មភាពការងារជួសជុលក្នុងប្រាសាទព្រះវិហារ និងតំបន់កោះកេរ នឹងត្រូវបានពង្រីកនាពេលខាងមុខ។
ក្នុងនាមអាជ្ញាធរជាតិព្រះវិហារ លោកបណ្ឌិត គឹម សេតារា ប្រធានអាជ្ញាធរជាតិព្រះវិហារ បានប្រសាសន៍ថា អង្គប្រជុំនេះមានរបៀបវារៈសំខាន់ ផ្តោតលើការសហប្រតិបត្តិការ ពិសេសសហប្រធានប្រទេសចិន និងឥណ្ឌា រួមជាមួយដៃគូសហប្រតិបត្តិការផ្សេងៗទៀត ដែលបានបង្ហាញឆន្ទៈនៃការចូលរួមជួសជុលប្រាសាទព្រះវិហារ និងមួយផ្នែកទៀតនៅប្រាសាទកោះកេរ។ បន្ថែមលើសនេះ អង្គប្រជុំក៏នឹងពិភាក្សាផងដែរអំពីបញ្ហាបរិស្ថានផងដែរព្រោះថា ដោយសារទីនោះជាតំបន់ភ្នំ ហើយនៅខែវស្សាមានបញ្ហាទឹកហូរច្រោះ និងខែប្រាំងមានភ្លើងឆេះព្រៃ។
គួរបញ្ជាក់ថា នៅប្រាសាទព្រះវិហារមានខ្លោងទ្វារ (Gupura) ចំនួន៥ ដែលនីមួយៗមានភាពទ្រុឌទ្រោម។ នាពេលកន្លងមកភាគីចិន ធ្លាប់បានសន្យាជួសជុលប្រាង្គនិងខ្លោងទ្វារទី១ ទី២ និងទី៣ ចំណែកឯភាគីឥណ្ឌា សន្យាជួយជួសជុលខ្លោងទ្វារទី៥ និងជណ្ដើរខាងជើង។ រិឯប្រទេសរុស្ស៊ី ក៏បានសន្យាជួសជុលខ្លោងទ្វារទី៤ផងដែរ៕