ប្រទេសថៃទទួលជោគជ័យ លើការធ្វើតេស្តវ៉ាក់សាំង COVID-19 លើខ្លួនសត្វកណ្តុរ និងកំពុងត្រៀមធ្វើតេស្តលើមនុស្ស

0
1301

បាងកក ៖ ក្រសួងសុខាភិបាលសាធារណៈថៃ នៅថ្ងៃពុធសប្ដាហ៍នេះបានប្រាប់ប្រព័ន្ធផ្សព្វផ្សាយថា អាជ្ញាធរសុខាភិបាលរបស់ខ្លួន បានបង្កើតភាពជឿនលឿន ក្នុងការអភិវឌ្ឍវ៉ាក់សាំងប្រឆាំង COVID-19 បន្ទាប់ពីការធ្វើតេស្ដគំរូបឋមក្នុងមន្ទីរពិសោ​ធន៍ បានបង្ហាញលទ្ធផលជោគជ័យ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌​មានចិនស៊ីនហួរ នៅព្រឹកថ្ងៃព្រហស្បតិ៍ទី០៧ ខែឧសភា ឆ្នាំ២០២០។

លោកវេជ្ជបណ្ឌិត អូផាស់ កានកាវីនផុង (Opas Karnkawin​pong) ជាអគ្គនាយកនៃនាយកដ្ឋានវិទ្យាសាស្ត្រ និងវេជ្ជសាស្ត្រនៃក្រសួងសុខាភិបាល សារធារណៈថៃ បានថ្លែងប្រាប់ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកថា ក្រុមអ្នកស្រាវជ្រាវថៃបានចាក់គំរូវ៉ាក់សាំង DNA លើខ្លួនសត្វកណ្ដុរពិសោធន៍ជាច្រើនក្បាល ហើយបន្ទាប់មកបានធ្វើតេស្ដឈាមលើពួកវា ដើម្បីឲ្យដឹងថា តើកណ្ដុរទាំងនេះបានអភិវឌ្ឍអង់ទីករប្រឆាំងមេរោគដែរ ឬក៏យ៉ាងណា។ វេជ្ជបណ្ឌិត Opas បានបន្ថែមទៀតថា ជាលទ្ធផលសត្វកណ្ដុរពិសោធន៍មានការអភិវឌ្ឍអង់ទីករ ក្នុងកម្រិតមួយគួរជាទីគាប់ចិត្ត។

គួរបញ្ជាក់ថា បើតាមលោក Opas Karnkawinpong ជំហានបន្ទាប់ គឺជាការធ្វើតេស្ដគំរូវ៉ាក់សាំងលើមនុស្ស ដើម្បីត្រួតពិនិត្យថា តើប្រព័ន្ធភាពសុំាមានប្រតិកម្ម ក្នុងកម្រិតដូចគ្នា ទៅនឹងការធ្វើតេស្ដសត្វកណ្ដុរពិសោធន៍ដែរ ឬទេ។  ម្យ៉ាងវិញទៀត បើទោះជាការអភិវឌ្ឍវ៉ាក់សាំងនៅក្នុងប្រទេសថៃ មិនមានភាពជឿនលឿនខ្លាំង ដូចនៅប្រទេសចិន សហរដ្ឋអាមេរិក និងនៅតាមបណ្ដាប្រទេសអឺរ៉ុបក៏ដោយ ក៏លោកនៅតែសង្ឃឹមដដែលថា ក្រុមអ្នកវិទ្យាសាស្ត្រថៃនឹងអភិវឌ្ឍវ៉ាក់សាំង COVID-19 មួយបាន ដែលនឹងមានភាពល្បីល្បាញគ្រប់ពេលវេលា៕

Facebook Comments
Loading...