តុលាការកម្ពុជាផ្ដន្ទាទោសបុរសស្ត្រីវៀតណាម៦នាក់ដាក់ពន្ធនាគារពី១៥ឆ្នាំដល់២០ឆ្នាំនិងបណ្ដេញចេញពីទឹកដីកម្ពុជាក្រោយអនុវត្តទោសចប់

0
130

ភ្នំពេញ ៖ តុលាការកម្ពុជាកាត់ទោសនិងផ្ដន្ទាទោសដាក់ពន្ធនាគារពី១៥ឆ្នាំដល់២០ឆ្នាំ លើបុរស ស្ត្រីជនជាតិវៀតណាមចំនួន៦នាក់ ពាក់ព័ន្ធទៅនិងបទល្មើសចាប់ឃុំឃាំង និង បង្ខាំងមនុស្សខុសច្បាប់មានស្ថានទំងន់ទោស (ធ្វើទារុណកម្មឃោរឃៅលើជនជាតិវៀតណាមដូចគ្នាដើម្បីជំរិតទារប្រាក់) ជនជាប់ចោទទាំងនេះក៏ត្រូវបានតុលាការសម្រេចអោយបណ្ដេញចេញពីទឹកដីកម្ពុជាក្រោយអនុវត្តទ័ណ្ឌកម្មទោសចប់ផងដែរ។

ជនជាប់ចោទទាំង៦នាក់ដែលតុលាការសម្រេចផ្ដន្ទាទោសនេះរួមមានទី១/ ឈ្មោះ ឈ្មោះ LE MING HAU ភេទ ប្រុស អាយុ ២៦ ឆ្នាំ ត្រូវផ្ដន្ទាទោសដាក់ពន្ធនាគារកំណត់១៨ឆ្នាំ ។

ទី២/ ឈ្មោះ TRAN VAN CONG ភេទ ប្រុស អាយុ ៤៤ ឆ្នាំ ត្រូវផ្ដន្ទាទោសដាក់ពន្ធនាគារកំណត់ ១៨ឆ្នាំ ។

ទី៣/ ឈ្មោះ  NGUYEN VAN SANG ភេទ ប្រុស អាយុ ៥១ ឆ្នាំ ត្រូវផ្ដន្ទាទោសដាក់ពន្ធនាគារកំណត់១៨ឆ្នាំ ។

ទី៤/ ឈ្មោះ DO LUONG TRUNG ភេទ ប្រុស អាយុ ២៥ ឆ្នាំ ត្រូវផ្ដន្ទាទោសដាក់ពន្ធនាគារកំណត់១៨ឆ្នាំ ។

ទី៥/ ឈ្មោះ NGUYEN VAN DUNG ភេទ ប្រុស អាយុ ៤០ ឆ្នាំ ត្រូវផ្ដន្ទាទោសដាក់ពន្ធនាគារកំណត់២០ឆ្នាំ ។

ទី៦/ ឈ្មោះ THANH THUY ភេទ ស្រី អាយុ ៤១ ឆ្នាំ ត្រូវផ្ដន្ទាទោសដាក់ពនកធនាគារកំណត់១៥ឆ្នាំ ។

លោកកេត សុជាតិ ប្រធានក្រុមប្រឹក្សាជំនុំជំរះក្នុងរឿងក្ដីនេះបានបញ្ជាក់ថា ក្នុងករណីជនជាប់ចោទកើតទុក្ខមិនសុខចិត្តនិងសាលក្រមសម្រេចបែបនេះពួកគេអាចប្ដឹងសាលាឧទ្ធរណ៍បានតាមកំណត់ច្បាប់ ។

សូមបញ្ជាក់ថា រឿងក្ដីជនជាតិវៀតណាមចាប់បង្ខាំងជនជាតិវៀមដូចគ្នាដើម្បីជំរិតទារប្រាក់នេះត្រូវបានក្រុមប្រឹក្សាសាលាដំបូងរាជធានីភ្នំពេញ ដឹកនាំដោយលោកចៅក្រម កេត សុជាតិ និងតំណាងអយ្យការ លោក ស៊ិន រក្សា បើកសវនាការកាលពីថ្ងៃទី១០ ខែកក្ដដា ឆ្នាំ២០២៤កន្លងទៅ ហើយទើបតែលើកមកប្រកាសសាលក្រមនារសៀលថ្ងៃទី ២៤កក្ដដា ឆ្នាំ២០២៤នេះ ។

គួររំលឹកថា នគរបាល ការិយាល័យព្រហ្មទណ្ឌ កម្រិតស្រាលនៃនាយកដ្ឋានព្រហ្មទណ្ឌក្រសួងមហាផ្ទៃកាលពីថ្ងៃទី ១៥ ខែឧសភា ឆ្នាំ២០២៣ បានចាប់ខ្លួនជនជាតិ វៀតណាមប្រុសស្រីចំនួន ៦ នាក់បញ្ជូនមកសាលាដំបូងរាជធានី ភ្នំពេញពាក់ព័ន្ធករណីបង្ខាំងធ្វើទារុណកម្មនិង ជំរិតទារប្រាក់ពីជនរងគ្រោះជាជនជាតិវៀតណាមដូចគ្នា ។

តាមរបាយការណ៍របស់តុលាការក្នុងពេលជំនុំជំរះបានឲ្យដឹងថាការ ចាប់ខ្លួនជនសង្ស័យជា ក្រុមចាប់ជំរិតខាងលើ គឺធ្វើឡើងតាមពាក្យបណ្តឹងរបស់ជនរងគ្រោះ ឈ្មោះ TRUONG VANCAN ភេទប្រុស ជាជនជាតិវៀតណាម ដូចគ្ន បានប្តឹងចោទប្រកាន់ជនសង្ស័យទាំង៦នាក់ ពីបទចាប់បង្ខាំង ធ្វើ ទារុណកម្មនិងជំរិតទារប្រាក់កាលពីថ្ងៃទី ០៨ ខែឧសភា ឆ្នាំ២០២៣ ប្រព្រឹត្តនៅ រាជធានី ភ្នំពេញ។

ក្រោយពីទទួលបាន ពាក្យបណ្តឹងនាយកដ្ឋាន នគរបាលព្រហ្មទណ្ឌ បានដឹកនាំកម្លាំងបើក ការស៊ើបអង្កេតនិង ស្រាវជ្រាវ រយៈពេលច្រើនថ្ងៃ ទើបឈានដល់កា ចាប់ខ្លួនជនសង្ស័យទាំង ៦នាក់នោះ។

បន្ទាប់ពីចាប់ខ្លួនយោងតាមពាក្យបណ្តឹងនិង ចម្លើយជនសង្ស័យទាំងអស់ស៊ីសង្វាក់ពាក់ព័ន្ធ ទៅនឹងបទល្មើសសមត្ថ កិច្ចបានកសាង សំណុំរឿងបញ្ជូនជនសង្ស័យមកសាលាដំបូង រាជធានីភ្នំពេញ សម្រេចចោទប្រកាន់ ឃុំខ្លួនបណ្ដោះអាសន្ន និងផ្ដន្ទាទោសតាមច្បាប់កម្ពុជា នាពេលនេះ៕

Facebook Comments
Loading...