សិក្ខាសាលាជាន់ខ្ពស់ ស្តីពីនិរន្តរភាពទីក្រុង បានឈានដល់ការឯកភាពជាគោលការណ៍សម្រាប់ដាក់ជូនរដ្ឋមន្រ្តីបរិស្ថានអាស៊ីបូព៌ានៅក្នុងកិច្ចប្រជុំកំពូលនៅពេលខាងមុខ

0
19152

ឯកឧត្តម វ៉ាន់ មុនីនាថ ប្រធានក្រុមការងារអាស៊ាន ស្តីពីនិរន្តរភាពបរិស្ថានទីក្រុង និងជាតំណាងក្រសួងបរិស្ថាននៃព្រះរាជាណាចក្រកម្ពុជា បានបញ្ជាក់ថា សិក្ខាកាមបានឯកភាពគ្នាផ្តល់ជាអនុសាសន៍ជូនដល់រដ្ឋមន្រ្តីបរិស្ថានអាស៊ីបូព៌ា ដើម្បីពិនិត្យ និងអនុម័ត ដូចខាងក្រោម៖
១. បន្តគាំទ្រដល់ការអនុវត្តកម្មវិធីទីក្រុងអាស៊ានឈានមុខ និងគោលដៅអភិវឌ្ឍដោយចីរភាពសហប្រជាជាតិ (SDGs) ដែលគ្រោងនឹងចាប់ផ្តើមនៅឆ្នាំ២០១៨ ដើម្បីឈានទៅរកការរៀបចំគោលនយោបាយ និងផែនការសកម្មភាពថ្មីៗប្រកបដោយភាពច្នៃប្រឌិត ដើម្បីពង្រឹងសកម្មភាព និងសមត្ថភាពរបស់ទីក្រុងគំរូនិរន្តរភាពអាស៊ាន ព្រមទាំងដើម្បីគាំទ្រដល់ជនបង្គោលជាតិក្នុងការជំរុញការអនុវត្តកម្មវិធីនេះ។
២ គាំទ្រគំនិតផ្តួចផ្តើមអាស៊ានដែលកំពុងអនុវត្ត ដូចជា បណ្តាញទីក្រុងឆ្លាតវៃអាស៊ាន និងការសិក្សាអំពីការពន្លឿនការរៀបចំទីក្រុងអាស៊ានប្រកបដោយនិរន្តរភាព នៅក្រោមផែនការមេស្តីពីការតភ្ជាប់អាស៊ានឆ្នាំ២០២៥។
៣. បន្តគាំទ្រសិក្ខាសាលាជាន់ខ្ពស់ ស្តីពីនិរន្តរភាពទីក្រុង ជាវេទិកាសម្រាប់ចែករំលែក និងតាមដានវឌ្ឍនភាពនៃការអនុវត្ត SDGs នៅថ្នាក់មូលដ្ឋាន និងការអនុវត្តកម្មវិធីទីក្រុងអាស៊ានឈានមុខ SDGs
៤. គាំទ្រសិក្ខាសាលាជាន់ខ្ពស់ ស្តីពីនិរន្តរភាពទីក្រុង ជាវេទិកាសម្រាប់បញ្ចេញមតិរបស់តំណាងទីក្រុងនៅក្នុងតំបន់ សំដៅរួមចំណែកដល់ការឈានទៅរកការសម្រេចបានគោលដៅក្នុងកម្រិតតំបន់ និងកម្រិតពិភពលោករបស់កិច្ចព្រមព្រៀងទីក្រុងប៉ារីស របៀបវារៈអភិវឌ្ឍប្រកបដោយចីរភាពឆ្នាំ២០៣០ និង SDGs ។
៥. គាំទ្រលេខាធិការដ្ឋានអាស៊ាន និង IGES ដែលជាលេខាធិការដ្ឋានសម្រាប់សិក្ខាសាលាជាន់ខ្ពស់លើកទី៩ ស្តីពីនិរន្តរភាពទីក្រុង ដើម្បីធ្វើសកម្មភាពចាំបាច់ និងរាយការណ៍លទ្ធផលសំខាន់ៗ នៅតាមបណ្តាកិច្ចប្រជុំថ្នាក់តំបន់ និងថ្នាក់អន្តរជាតិស្តីពីការអភិវឌ្ឍប្រកបដោយចីរភាព ដូចជា វេទិកាអាស៊ីប៉ាស៊ីហ្វិកលើកទី៥ ស្តីពីការអភិវឌ្ឍប្រកបដោយចីរភាព ដែលគ្រោងនឹងរៀបចំក្នុងខែមីនា ឆ្នាំ២០១៨ នៅទីក្រុងបាងកក និងវេទិកានយោបាយជាន់ខ្ពស់ ដែលគ្រោងនឹងរៀបចំក្នុងខែកក្កដា ឆ្នាំ២០១៨ នៅទីក្រុងញ៉ូវយ៉ក។
៦. ផ្តល់ការគាំទ្រពេញទំហឹង និងផ្តល់ធាតុចូលសម្រាប់ការរៀបចំសិក្ខាសាលាជាន់ខ្ពស់លើកទី១០ ស្តីពីនិរន្តរភាពទីក្រុង ដែលគ្រោងនឹងរៀបចំនៅដើមឆ្នាំ២០១៩ ដោយរដ្ឋាភិបាលឥណ្ឌូនេស៊ី។

សូមបញ្ជាក់ថា កម្ពុជាធ្វើជាម្ចាស់នៅខេត្តសៀមរាប រយៈពេល៣ថ្ងៃចាប់ពីថ្ងៃទី០៨ ដល់ថ្ងៃទី១០ ខែមីនាឆ្នាំ២០១៨ សិក្ខាសាលាជាន់ខ្ពស់ស្តីពីនិរន្តរភាពទីក្រុង នៅក្រោមក្របខណ្ឌកិច្ចប្រជុំកំពូលរបស់រដ្ឋមន្រ្តី បរិស្ថានអាស៊ីបូព៌ា។ ព្រឹត្តិការណ៍នេះ ជាឱកាសដ៏ពិសេសមួយ សម្រាប់មន្រ្តីជាន់ខ្ពស់ថ្នាក់ជាតិរបស់ស្ថាប័នរដ្ឋាភិបាល ទទួលបន្ទុកលើវិស័យ បរិស្ថាន និងតំណាងស្ថាប័នថ្នាក់ក្រោមជាតិ ក៏ដូចជាភាគីពាក់ព័ន្ធសំខាន់ៗដែលអញ្ជើញមកពី សហគមន៍ អភិវឌ្ឍអន្តរជាតិ ស្ថាប័នសិក្សា និងវិស័យឯកជន ផ្លាស់ប្តូរព័ត៌មាន និងពិភាក្សាគ្នាអំពីបញ្ហា និងគំនិតថ្មីៗ ដើម្បីសម្រេចបានការអភិវឌ្ឍទីក្រុងប្រកបដោយនិរន្តរភាព៕

Image may contain: 2 people, people sitting and suit

Image may contain: one or more people

Facebook Comments
Loading...