សម្ដេចក្រឡាហោម ស ខេង ប្រកាសលុបប៉ុស្តិ៍ត្រួតពិនិត្យទូទាំងប្រទេស ដើម្បីកុំឲ្យប៉ះពាល់ដល់ជីវភាពពលរដ្ឋ

0
40943

ភ្នំពេញ៖ ក្រសួងមហាផ្ទៃ សម្រេចលុបបំបាត់ប៉ុស្តិ៍ត្រួតពិនិត្យផ្លូវគោក និងផ្លូវទឹកទូទាំងប្រទេស ដើម្បីកុំឲ្យប៉ះពាល់ដល់ជីវភាពពលរដ្ឋ។ ក្រសួងមហាផ្ទៃ បានពិនិត្យឃើញថា ការពង្រាយប៉ុស្តិ៍ត្រួតពិនិត្យច្រើនទីតាំង មានសមត្ថកិច្ចច្រើនមុខជំនាញ ជាកត្តានាំឲ្យកើតមានបញ្ហាប្រឈម ប៉ះពាល់ដល់សិទ្ធិសេរីភាព ផលប្រយោជន៍ និងសតិអារម្មណ៍ប្រជាពលរដ្ឋ។ តាមរយៈការសង្កេតឃើញបែបនេះ ក្រសួងមហាផ្ទៃ សម្រេចលុបចោលប៉ុស្តិ៍ត្រួតពិនិត្យទាំងនេះ ក្នុងគោលបំណងបម្រើសេវាសាធារណៈជូនពលរដ្ឋ ក៏ដូចជាជួយសម្រួលដល់ជីវភាពរស់នៅរបស់ពលរដ្ឋផងដែរ។

somdachkrolahomsrkheng

លិខិតក្រសួងមហាផ្ទៃ ដែលចុះហត្ថលេខាដោយសម្ដេច ស ខេង បានបញ្ជាក់ដូច្នេះថា៖«ក្នុងគោលបំណងជំរុញឲ្យបានសម្រេចនូវគោលនយោបាយ និងការប្ដេជ្ញាចិត្តដ៏មោះមុតរបស់រដ្ឋាភិបាលក្នុងការផ្ដល់សេវាបម្រើ ក៏ដូចជាបង្កលក្ខណៈសម្បត្តិប្រសើជូនប្រជាពលរដ្ឋ ក្នុងការធ្វើសកម្មភាពប្រកបមុខរបរ លើកស្ទួយជីវភាពប្រចាំថ្ងៃដោយភាពកក់ក្តៅ គ្មានការរំខាន ព្រមទាំងលុបបំបាត់ឲ្យបាននូវអំពើអសកម្មនានា ដែលតែងតែកើតមានឡើងនៅតាមប៉ុស្តិត្រួតពិនិត្យ និងលុបបំបាត់ប៉ុស្តិ៍ត្រួតពិនិត្យទាំងផ្លូវគោកនិងផ្លូវទឹក»។

លិខិតដដែលបន្តថា បើក្នុងករណីចាំបាច់ដោយផ្អែកលើស្ថានការណ៍ជាក់ស្ដែង ដែលតម្រូវឲ្យមានប៉ុស្តិ៍ឈរជើងអចិន្ត្រៃយ ឬប៉ុស្តិ៍ចល័តត្រួតពិនិត្យរបស់ស្ថាប័នជំនាញពាក់ព័ន្ធ នៅក្នុងភូមិសាស្ត្ររាជធានី-ខេត្តនោះ គណៈបញ្ជាការឯកភាពរាជធានី-ខេត្ត ត្រូវធ្វើសំណើសុំការពិនិត្យ និងសម្រេចពីប្រធានគណៈបញ្ជាការដឹកនាំត្រួតពិនិត្យ និងលុបបំបាត់ប៉ុស្តិ៍ត្រួតពិនិត្យអនាធិបតេយ្យទាំងផ្លូវគោក និងផ្លូវទឹក ទើបអាចអនុវត្តបាន។

«គណៈបញ្ជាការឯកភាពរាជធានី-ខេត្ត មានភារកិច្ចទទួលខុសត្រូវក្នុងការត្រួតពិនិត្យ រាល់សកម្មភាពអនុវត្តរបស់ប៉ុស្តិ៍ត្រួតពិនិត្យ ដែលត្រូវបានបង្កើតព្រមទាំងធានាឲ្យបានដាច់ខាត មិនឲ្យមានអំពើអសកម្មណាមួយកើតឡើង ធ្វើឲ្យប៉ះពាល់គោលនយោបាយដ៏ត្រឹមត្រូវរបស់រដ្ឋាភិបាល ឬប៉ះពាល់ដល់សិទ្ធិសេរីភាព និងផលប្រយោជន៍របស់ប្រជាពលរដ្ឋឡើយ»។ នេះបើតាមលិខិតរបស់រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ៕

Facebook Comments
Loading...