សេចក្តីថ្លែងការណ៍របស់អង្គការសមាគមអភិរក្សសត្វព្រៃ (Wildlife Conservation Society – WCS) ស្តីពីការបាញ់សម្លាប់វីរៈជនអភិរក្ស ព្រៃឈើចំនួន០៣រូបនៅក្នុងដែនជម្រកសត្វព្រៃកែវសីមា

0
20242

ភ្នំពេញ៖ អង្គការWCS សម្តែងនូវក្តី ព្រួយបារម្ភយ៉ាងខ្លាំងចំពោះការបាញ់សម្លាប់ វីរៈជនអភិរក្សព្រៃឈើ ចំនួន០៣រូបកាលពីថ្ងៃទី៣០ ខែមករា ឆ្នាំ២០១៨ ដូចខាងក្រោមនេះ៖

1

លោក កែន សេរីរដ្ឋា នាយកអង្គការ WCS មានប្រសាសន៍ដូចខាងក្រោម៖

“អង្គការWCS សូមសម្តែងនូវការសោកស្តាយ និងសូមចូលរួមរំលែកទុក្ខ ដ៏មហាក្រៀមក្រំនេះជាមួយក្រុមគ្រួសារ និងសាច់ញាត្តិរបស់វីរៈជនអភិរក្ស ព្រៃឈើទាំង០៣រូបមាន លោក តឺន សុខណៃ មន្ត្រីឧទ្យានុរក្សរបស់ ក្រសួងបរិស្ថាន លោក សេក វឌ្ឍនា មន្ត្រីកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងលោក ថុល ខ្នា មន្ត្រីផ្នែកពត៌មានភូមិសាស្ត្រអង្គការWCS ដែលត្រូវបាន ជនប្រដាប់អាវុធមិនស្គាល់មុខលួចបាញ់សម្លាប់នៅពេល ពួកគាត់កំពុង ចុះបំពេញការងារដើរល្បាតព្រៃក្បែរព្រំប្រទល់កម្ពុជា និងវៀតណាម។”

“លោក សុខណៃ អាយុ៣៧ឆ្នាំ លោក វឌ្ឍនា អាយុ៣៤ឆ្នាំ និងលោក ខ្នា អាយុ២៤ឆ្នាំ ត្រូវបានជនល្មើសបាញ់សម្លាប់ពេលពួកគាត់ត្រឡប់ពីចំនុចអូហុចព្រំប្រទល់កម្ពុជា និងវៀតណាម បន្ទាប់ពីបានប្រទះឃើញជំរុំស្នាក់នៅរបស់ ជនល្មើសកាប់ឈើខុសច្បាប់ និងដកហូតរឹបអូសយករណាយន្ត និងម៉ូតូដែលប្រើប្រាស់សម្រាប់ សម្រាប់ដឹកជញ្ជូនឈើ។”

លោក សុខណៃ គឺជាជនជាតិដើមភាគតិចព្នង រស់នៅក្នុងភូមិពូចាម ស្រុកអូររាំង ខេត្តមណ្ឌលគិរី។ គាត់ធំដឹងក្តីជាមួយធម្មជាតិ និងសត្វព្រៃ ហើយតាំងពីកុមារភាព គាត់បានយល់ដឹងអំពីសារៈសំខាន់នៃព្រៃឈើ និងសត្វព្រៃ ជាពិសេសការងារអភិរក្ស។ បន្ទាប់ពីទទួលបានបរិញ្ញាប័ត្រ ផ្នែកគ្រប់គ្រងធនធានមនុស្សពី សាកលវិទ្យាល័យជាតិគ្រប់គ្រង នៅរាជធានីភ្នំពេញ លោក សុខណៃ បានចាប់ផ្តើមការងារជាមួយ អង្គការWCS ជាជំនួយការគម្រោងទេសចរណ៍ធម្មជាតិនៅក្នុងដែន ជម្រកសត្វព្រៃកែវសីមាអស់រយៈពេល០៤ឆ្នាំ។ ក្នុងតួនាទីនេះ គាត់បានរៀបចំបង្កើតគម្រោងទេសចរណ៍ជំរុំសត្វទោចដែលមានទីតាំងស្ថិតនៅក្បែរភូមិ អណ្តូងក្រឡឹងក្នុងដែនជម្រកសត្វព្រៃកែវសីមា ដែលភ្ញៀវទេសចរអាចមកកំសាន្ត និងស្នាក់នៅ ហើយអាចឲ្យសហគមន៍ អាចរកប្រាក់ចំណូលបានទៀតផង។ សម្រាប់ជនជាតិដើមភាគតិច ពាក្យ “ចាហូ” មានន័យថាសត្វទោចថ្ពាល់លឿងញី ហើយត្រូវបានគេយកមកដាក់ ជាឈ្មោះឲ្យគម្រោងទេសចរណ៍នៅភូមិអណ្តូងក្រឡឹងនេះ។ សត្វទោចថ្ពាល់លឿងនេះ គឺជាប្រភេទសត្វមួយដែលលោក សុខណៃចង់ការពារ និងស្គាល់ច្បាស់អំពីពួកវា ពិសេសពេលមានភ្ញៀវ មកកំសាន្តម្តងៗគាត់តែងនិយាយរឿងព្រេងអំពីប្រវត្តិសត្វទោចនេះ។ ក្រោយមក គាត់បានចូលបម្រើការងារជាមន្ត្រីឧទ្យានុរក្សរបស់ក្រសួង បរិស្ថាន និងក្លាយជាមន្ត្រីសមភាគីអង្គការWCSនៅពាក់កណ្តាល ឆ្នាំ២០១៧ ដោយហេតុថាគាត់បានឃើញ និងដឹងនូវអ្វីដែលបានកើតឡើង ចំពោះធនធានព្រៃឈើដែលគាត់ស្រលាញ់ និងចង់ការពារទាំងអស់នោះ។ លោក សុខណៃ ទទួលបានការគោរពស្រលាញ់ពីសហគមន៍ជនជាតិ ដើមភាគតិចព្នង មិត្តភក្តិរួមការងារ និងភ្ញៀវទេសចរដែលធ្លាប់បានទៅ កំសាន្តទៅជំរុំសត្វទោច ពីព្រោះអ្នកគ្រប់គ្នាសុទ្ធតែបានដឹង និងទទួលស្គាល់ឆន្ទះ និងការខិតខំប្រឹងប្រែងរបស់លោកកន្លង មកក្នុងការថែរក្សា និងការពារធនធានធម្មជាតិ។ គាត់បានបន្សល់ទុកនូវ ភរិយា និងកូនស្រីតូចចំនួន០២នាក់ដែលមានអាយុ០១ឆ្នាំ និង០៤ឆ្នាំ។

លោក វឌ្ឍនា ដែលបន្សល់ទុកនូវភរិយា និងកូនស្រីតូចៗចំនួន០២នាក់មាន អាយុ០២ឆ្នាំ និង០៥ឆ្នាំ មានស្រុកកំណើតនៅរាជធានីភ្នំពេញ។ បន្ទាប់ពីបញ្ចប់បរិញ្ញាប័ត្រ គាត់បានចូលបម្រើការងារជាកងរាជ អាវុធហត្ថលើផ្ទៃប្រទេស។ នៅក្នុងឆ្នាំ២០១៦ គាត់បានផ្លាស់មកកាន់ កែវសីមា និងបានចូលបម្រើការងារជាមន្ត្រីសមភាគីកងរាជអាវុធហត្ថ និងជាសមាជិកក្រុមល្បាត។ លោក វឌ្ឍនាបានធ្វើការជាមួយមន្ត្រី ឧទ្យានុរក្សរបស់ក្រសួងបរិស្ថាន និងក្រុមល្បាតសហគមន៍ដើម្បីការពារ ដែនជម្រកសត្វព្រៃកែវសីមានេះ។ គាត់ គឺជាមន្ត្រីឧស្សាហ៍ព្យាយាម និងទទួលបានការគោរពស្រលាញ់ពីសមាជិកក្រុម ហើយនឹងស្ថិតនៅក្នុង ចិត្តមិត្តរួមការងាររបស់គាត់ទាំងអស់។

លោក ខ្នា ធំដឹងក្តីនៅក្នុងភូមិប៉ែនមាសដែលជាភូមិដាច់ស្រយាលមួយ នៅក្នុងឃុំសំរោង ស្រុកត្រាំកក់ ខេត្តតាកែវ។ គាត់ គឺជាកូនតែម្នាក់គត់នៅ ក្នុងក្រុមគ្រួសារដែលបានចូលរៀននៅសាកលវិទ្យាល័យ ហើយបញ្ចប់ បរិញ្ញាប័ត្រផ្នែកវិទ្យាសាស្ត្រព្រៃឈើពីសាកលវិទ្យាល័យភូមិន្ទកសិកម្ម “ចំការដូង” នៅឆ្នាំ២០១៦។ គាត់បានបន្តការសិក្សាអាហាររូបករណ៍ រយៈពេល១០ខែ នៅក្នុងប្រទេសអ៊ីស្រាអែលផ្នែកប្រព័ន្ធពត៌មាន ភូមិសាស្ត្រ។ លោក ខ្នា បានចូលរួមជាមួយអង្គការWCSនៅក្នុងឆ្នាំ២០១៧ ជាមួយក្រុមការងារ Geographic Information System (GIS) និង Spatial Monitoring And Report Tool (SMART)។ គាត់ពេញចិត្តនឹង ធ្វើការងារជាក្រុមដើម្បីស្វែងរកវិធីសាស្ត្រថ្មី ដោយប្រើប្រាស់ទិន្នន័យពី លើអាកាសសម្រាប់ការងារអភិរក្ស។ ផ្នែកមួយនៃការងាររបស់គាត់ គឺជួយពង្រឹងគុណភាពនៃការត្រួតពិនិត្យ និងការប្រមូលទិន្នន័យនៅ ទីវាលដែលតម្រូវឲ្យគាត់ត្រូវចុះទៅក្នុងព្រៃ។ ទោះបីជាគាត់បានចូលរួម ជាមួយអង្គការWCS បានតិចជាង១ឆ្នាំក្តី គាត់គឺជាសមាជិកដ៏មាន ប្រជាប្រិយភាពម្នាក់នៅក្នុងក្រុម និងមិនអាចបំភ្លេចបានជារៀងរហូត។ គាត់បន្សល់ទុកភរិយា និងកូនស្រីដ៏តូចម្នាក់ដែលមាន អាយុទើបតែ២ខែកន្លះប៉ុណ្ណោះ។

“អង្គការWCS ពិតជាមានការរន្ធត់ និងសោកស្តាយយ៉ាងខ្លាំងចំពោះការ បាត់បង់វីរៈជនអភិរក្សទាំង០៣រូបខាងលើនេះ។ ជាការគោរព និងឆ្លើយ តបចំពោះឆន្ទះ និងការប្តេជ្ញាចិត្តរបស់ពួកគាត់ និងមន្ត្រីអភិរក្សផ្សេងទៀត ដែលបានចំណាយពេលវេលាការការពារព្រៃឈើ និងសត្វព្រៃនៅក្នុង ប្រទេសកម្ពុជា អង្គការWCS នឹងបន្តគាំទ្រដល់រាជរដ្ឋាភិបាលកម្ពុជា និងសហគមន៍ដៃគូដើម្បីរួមគ្នាបញ្ឈប់ការកាប់ឆ្កាដីព្រៃ ការកាប់ព្រៃឈើ និងបរបាញ់សត្វព្រៃខុសច្បាប់ ព្រមទាំងស្វែងរកយុត្តិធម៌ជូនជនរងគ្រោះ និងក្រុមគ្រួសារ។”

“ជារៀងរាល់ថ្ងៃ មន្ត្រីឧទ្យានុរក្ស និងក្រុមអនុវត្តច្បាប់ បានប្រថុយជីវិតរបស់ ខ្លួនដើម្បីការពារសត្វព្រៃ និងព្រៃឈើ។ យើងមិនត្រូវអនុញ្ញាតឲ្យឧក្រិដ្ឋជន កាប់បំផ្លាញព្រៃនៅកម្ពុជា គំរាមកំហែង និងបាញ់សម្លាប់អ្នក ការពារសម្បត្តិ ធម្មជាតិកើតឡើងជាថ្មីម្តងទៀតឡើយ។ យើងទាំងអស់គ្នា នឹងចងចាំ លោក សុខណៃ លោក វឌ្ឍនា និងលោក ខ្នា ជាវីរៈជនអភិរក្សព្រៃឈើ ជារៀងរហូត។”

2

3

4

Facebook Comments
Loading...