ភ្នំពេញ : យុគ យក្សផ្លែដែលត្រូវជួបប្រកួតជាមួយកំពែង ខ្មៅសមាគមប្រដាលក្រសួងកសិកម្មនោះសង្ឃឹមថានឹងប្រជែងបានកៅអីសម្រាប់ឡើងទៅប្រកួតជម្រុះជុំទី២ទៀតនាព្រឹត្តិការណ៍TV5 Boxing Knock-Out Serie by K-Cement វគ្គជម្រុះជុំទីមួយសម្រាប់ថ្ងៃទី៣កុម្ភៈ ។
កំពែង ខ្មៅមួយរយៈនេះការប្រកួតរបស់គេបរាជ័យស្ទើរតែរាល់លើកមិនតែប៉ុណ្ណោះជួនកាលគេត្រូវគូប្រកួតវាយឲ្យសន្លប់ទៀតផង ។
ចំពោះយក្សផ្លែវិញគេមានចិត្តធំតែកម្លាំងរបស់គេក៏ឆាប់ធ្លាក់ដែរបើគូប្រកួតខ្លាំងហើយវាយសម្រុករហូតនោះតែត្រឹម៣ទឹកប៉ុណ្ណោះយក្សផ្លែផ្លុំផេះលែងហុយហើយ ។
តើ កំពែង ខ្មៅ និង យុគ យក្សផ្លែ នរណានឹងខ្ទាតចេញពីការប្រកួតហើយនរណារកបានកៅអីសម្រាប់ជុំទី២ ។
ប្រកួតក្នុងព្រឹត្តិការណ៍នេះដែរវ៉ាន់ វឿនក្លិបឃ្លាំងមឿងកីឡាត្រូវតស៊ូជាមួយនឹម ននរបស់ក្លិបទ័បឆ័ត្រយោង៩១១ ។
វ៉ាន វឿនជាម្ចាស់មេដាយសំរិទ្ធស៊ីហ្គេមទម្ងន់៥៤គីឡូក្រាម ឯ នឹម ននទោះបីគេមិនមែនជាអ្នកប្រដាល់ជាប់ឈ្មោះជាជម្រើសជាតិក៏ពិតមែនក៏ដោយតែមួយរយៈនេះគេធ្វើឲ្យរញ្ជួយសង្វៀនប្រដាល់សម្បើមណាស់ ។ គេជាអ្នកប្រដាល់ចិត្តធំមានកម្លាំងខ្លាំង និង កលល្បិចមិនអន់នោះទេ ។បើគេចាញ់នោះក៏គូប្រកួតវេទនាដែរ ។
សម្រាប់អ្នកប្រដាល់ទាំង២រូបនេះពួកគេសុទ្ធតែមានឱកាសឈ្នះដូចគ្នា ។ គួរឲ្យសោកស្ដាយណាស់ព្រោះពួកគេខ្លាំងដូចគ្នាមែនតែដាច់ខាតត្រូវតែមានម្នាក់ខ្ទាតចេញមិនដឹងថានរណាស៊យនោះឡើយ ។
សូមបញ្ជាក់ថាក្នុងព្រឹត្តិការណ៍នេះមានអ្នកប្រដាល់៤រូបហើយដែលបានកក់កៅអីសម្រាប់ឡើងទៅប្រកួតបន្តនៅជុំទី២ ហើយក៏មាន៤រូបដែរដែលបានខ្ទាតចេញពីការប្រកួត ។ សប្ដាហ៍នេះយុគ យក្សផ្លែ កំពែង ខ្មៅ វ៉ាន់ វឿននិង នឹម នននរណាទៅនរណានៅ ?
ការប្រកួតជាមិត្តភាពអន្តរជាតិវិញនោះចាន់ សំអាតក្លិបអប់រំកាយស្រុកអន្លង់វែងខេត្តឧត្តរមានជ័យត្រូវជួបប្រកួតជាមួយអ្នកប្រដាល់ថៃស៊ាង ដាំ(Seang Dam)ដោយប្រកួតគ្នាក្នុងប្រភេទទម្ងន់៦៣,៥០គីឡូក្រាម ។