ថ្នាក់ដឹកនាំអាជ្ញាធរជាតិអប្សរាចូលរួមគោរពវិញ្ញាណក្ខន្ធ អតីតយុទ្ធជននៅក្នុងឱកាសរំឭកខួបលើកទី៣៩នៃទិវាជ័យជម្នះ៧មករា (៧.០១.១៩៧៩-៧.១.២០១៨)

0
50477

នាព្រឹកថ្ងៃទី៧ មករា ឆ្នាំ២០១៨នេះ ថ្នាក់ដឹកនាំនៃអាជ្ញាធរជាតិអប្សរាដឹកនាំដោយឯកឧត្តម ហង់ ពៅ អគ្គនាយករង តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តមបណ្ឌិត ស៊ុំ ម៉ាប់ អគ្គនាយកអាជ្ញាធរជាតិអប្សរា បានចូលរួមគោរពវិញ្ញាណក្ខន្ធអតីតវីរយុទ្ធជន យុទ្ធនារី នៅវិមានរំឭកគុណអតីតវីរយុទ្ធជនខេត្តសៀមរាប ដែលប្រារព្ធឡើងក្រោមអធិបតីភាពសម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ។

ពិធីគោរពវិញ្ញាណក្ខន្ធនេះ ត្រូវបានរៀបចំឡើងស្របពេលដែលរាជរដ្ឋាភិបាលកម្ពុជា ក៏ដូចជាប្រជាពលរដ្ឋទូទាំងប្រទេសរៀបចំខួបទី៣៩ នៃទិវាជ័យជម្នះ៧មករា១៩៧៩។ ទិវាជ័យជម្នះ៧មករា ជាទិវាប្រវត្តិសាស្ត្រមិនអាចបំភ្លេចបាន ដែលរណសិរ្សសាមគ្គីសង្គ្រោះជាតិកម្ពុជា បានសង្គ្រោះជីវិតប្រជាជនខ្មែររាប់លានអ្នក និងរំដោះប្រទេសជាតិពីរបបប្រល័យពូជសាសន៍។

តាមរយៈជ័យជម្នះដ៏មានន័យនេះហើយ ដែលបាននាំមកនូវសន្តិភាព និងការអភិវឌ្ឍលើគ្រប់វិស័យក្នុងប្រទេសកម្ពុជា ដោយរួមបញ្ចូលទាំងការងារអភិរក្ស ជួសជុល និងស្តារឡើងវិញនូវបេតិកភណ្ឌជាតិ និងបេតិកភណ្ឌពិភពលោកអង្គររបស់កម្ពុជា៕

Facebook Comments
Loading...