ឆ្នាំ២០១៧កន្លងទៅនេះអាជ្ញាធរជាតិអប្សរាបានឧបត្ថម្ភស្ត្រីទើបសម្រាលកូនរួចក្នុងតំបន់អង្គរបានចំនួនជាង៦០០គ្រួសារ និងអនុញ្ញាតការសាងសង់ និងជួសជុលតូចៗបានចំនួនជិត៥០០ករណី

0
12213

ក្រៅពីការងារអភិរក្ស និងអភិវឌ្ឍន៍ អាជ្ញាធរជាតិអប្សរាបានយកចិត្តទុកដាក់លើសុខុមាលភាពរបស់ប្រជាពលរដ្ឋក្នុងរមណីយដ្ឋានអង្គរជាប្រចាំ ក្នុងគម្រោងលើកស្ទួយកម្រិតជីវភាពប្រជាពលរដ្ឋ តាមរយៈក្រុមការងារសហគមន៍ ដែលតែងចុះដល់លំនៅឋានរបស់ប្រជាពលរដ្ឋគ្រប់តំបន់ទាំងអស់។


ជាក់ស្តែង រយៈពេលមួយឆ្នាំ២០១៧កន្លងទៅនេះ អាជ្ញាធរជាតិអប្សរាបានឧបត្ថម្ភកញ្ចប់ទ្រទ្រង់សុខុមាលភាពម្តាយនិងទារកក្នុងតំបន់អង្គរបានចំនួន៦០៥គ្រួសារ ដែលក្នុងកញ្ចប់នេះមានដូចជា កូនមុងសម្រាប់ទារក សម្លៀងកបំពាក់ទារក និងបំពង់ទឹកក្តៅជាដើម រួមទាំងថវិកាមួយចំនួនផង។

តាមរយៈក្រុមការងារសហគមន៍នេះដែរ អាជ្ញាធរជាតិអប្សរាក៏បានចុះពិនិត្យ និងដោះស្រាយសំណើសាងសង់ និងជួសជុលតូចៗបានចំនួន៤៧៥ករណី របស់ប្រជាពលរដ្ឋដែលមានសេចក្តីត្រូវការចាំបាច់ ក្នុងការកែលម្អលំនៅដ្ឋានរបស់ពួកគាត់ឲ្យមានលក្ខណៈងាយស្រួលក្នុងជីវភាពរស់នៅសមរម្យ។

ក្រៅពីករណីខាងលើ អាជ្ញាធរជាតិអប្សរាក៏បានឧបត្ថម្ភស័ង្កសី ថវិកា និងសម្ភារៈមនុស្សធម៌ជាច្រើនទៀត ដល់ប្រជាពលរដ្ឋដែលរងគ្រោះដោយភ្លើងឆេះផ្ទះ និងចូលរួមឧបត្ថម្ភជាស៊ីម៉ង់ត៍ សម្ភារៈសាងសង់ផ្សេងៗ ដល់វត្តអារាម និងអាគារសាធារណៈក្នុងតំបន់អង្គរជាដើម៕

Facebook Comments
Loading...