សហគមន៍អភិវឌ្ឍន៍កសិកម្មកម្ពុជាព្រមព្រៀងទទួលទិញសណ្តែកផ្កាយពីប្រជាពលរដ្ឋនៅភូមិធម្មជាតិរុនឯក

0
13558

តំណាងសហគមន៍អភិវឌ្ឍន៍កសិកម្មកម្ពុជា ដឹកនាំដោយលោកវេជ្ជបណ្ឌិត ឃី លាង បានជួបជាមួយឯកឧត្តម ម៉ី ម៉ារ៉ាឌី ប្រធានគម្រោងភូមិធម្មជាតិរុនតាឯកនៃអគ្គនាយកដ្ឋានអាជ្ញាធរជាតិអប្សរា និងបានចុះអនុស្សារណៈយោគយល់គ្នាលើកិច្ចព្រមព្រៀងបង្កើនការដាំដំណាំកសិកម្មនិងទទួលទិញសណ្តែកផ្កាយពីប្រជាពលរដ្ឋនៅភូមិធម្មជាតិរុនតាឯក កាលពីថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០១៧។

តាមការបញ្ជាក់ពីលោក អ៊ឹង តុងអៀង មន្ត្រីសម្របសម្រួលនៃគម្រោងភូមិធម្មជាតិរុនតាឯកឱ្យដឹងថា សណ្តែកផ្កាយជាដំណាំមួយប្រភេទមានការលំបាកក្នុងការបណ្តុះកូនដាំ តែមិនមែនជារុក្ខជាតិពិបាកដាំទេ គឺគ្រាន់តែជីកដីជម្រៅ៣តឹក ៤ជ្រុង លាយជីលាមកសត្វ ជីអង្កាម និងដីដំបូក ហើយដាក់ដាំជាការស្រេច។ ប៉ុន្តែរុក្ខជាតិនេះពិបាកក្នុងការថែទាំបន្តិច គឺមិនត្រូវការទឹកច្រើនពេកនិងក្តៅពេក ព្រោះវាអាចធ្វើឱ្យវាស្លាប់បាន ក្នុងនោះនៅខែមេសា គឺពិបាកក្នុងការថែទាំបំផុតដោយសាររលកកម្តៅខ្ពស់។ លោក តុងអៀង បន្តទៀតថា បច្ចុប្បន្នការដាំដុះសណ្តែកផ្កាយនៅរុនតាឯក គឺមានចំនួន៤ហិកតា ដោយប្រជាពលរដ្ឋ១៨គ្រួសារ។ ត្រឹមរយៈពេល៧ទៅ៩ខែនឹងទទួលផលបានហើយអាស្រ័យទៅតាមដី និងការថែទាំ ហើយវាមានរយៈពេលប្រមូលផលដល់ទៅ២០ទៅ៣០ឆ្នាំឯណោះ។

លោកវេជ្ជបណ្ឌិត ឃី លាង ដែលជាប្រធានសហគ្រាសធុនតូចនិងមធ្យមប្រចាំខេត្តកោះកុងដែរនោះបានឱ្យដឹង ការចុះអនុស្សារណៈនេះ គឺដើម្បីលើកស្ទួយកម្រិតជីវភាពរបស់ប្រជាជននៅទីនេះឱ្យកាន់តែប្រសើរ ព្រោះទីនេះមានទីតាំងល្អ មានធនធានមនុស្សគ្រប់គ្រាន់ ហើយមិនប្រើគីមីក្នុងការដាំដុះដែលធ្វើឱ្យផលិតផលមានតម្លៃថ្លៃពេលចូលក្នុងទីផ្សារសហគមន៍។ ក្រុមហ៊ុនបានផ្តល់គ្រាប់ពូជ ជី បច្ចេកទេស និងទីផ្សារចំពោះប្រជាកសិករដែលចង់ដាំសណ្តែកផ្កាយទាំងនៅរុនតាឯកនិងទូទាំង២៥ខេត្តក្រុង។

លោកប្រធានសហគមន៍បញ្ជាក់ទៀតថា ដើម្បីឱ្យផលិតផលរបស់យើងនាំចេញទៅកាន់ទីផ្សារអន្តរជាតិបាន ត្រូវមាន៣ចំណុចសំខាន់ គឺទី១ រួមគ្នាធ្វើជាបណ្តុំសហគមន៍និងសហករ ទី២ ទិន្នន័យជាក់លាក់ ទី៣ ដាំតាមបច្ចេកវិទ្យាសរីរាង្គនិងសុវត្ថិភាព ដែលជាតម្រូវការរបស់អង្គការសុខភាពពិភពលោក។ បច្ចុប្បន្នតម្រូវការទីផ្សារគឺ៤០០០០តោនក្នុងមួយឆ្នាំ តែយើងមិនអាចផ្តល់ដល់ទីផ្សារបាន ទើបយើងបំផុសឱ្យប្រជាជនដាំ ហើយសណ្តែកផ្កាយដែលដាំបាន សហគមន៍នឹងនាំចេញទៅក្រៅប្រទេសផង និងមួយចំនួនផលិតនៅក្នុងស្រុកផង មិនឱ្យប្រជាជនពិបាកក្នុងការរកទីផ្សារឡើយ។

ឯកឧត្តម ម៉ី ម៉ារ៉ាឌី ក៏បានថ្លែងអំណរគុណដល់សហគមន៍អភិវឌ្ឍន៍កសិកម្មកម្ពុជា ដែលបានផ្តល់ឱកាសដ៏ល្អនេះដល់ប្រជាកសិករ។ ឯកឧត្តមនឹងជួយជំរុញ ផ្សព្វផ្សាយ និងលើកទឹកចិត្តប្រជាជនក្នុងការដាំដុះដំណាំនេះឱ្យបានទូលំទូលាយ ព្រោះមានអ្នកចាំទិញលទ្ធផលយើងដោយមិនបាច់បារម្ភពីតម្លៃនិងតម្រូវការ៕

Facebook Comments
Loading...