លោកសុខ សម្បត្តិ នែនាំឲ្យមន្ត្រីខណ្ឌ សង្កាត់ចុះ​មើលផ្លូវ​ និង​​ប្រព័ន្ធ​លូដែល​ទទួល​រង​ការខូចខាត​​ ក្នុងរដូវភ្លៀងនេះ

0
243

ភ្នំពេញ​ ៖ មានប្រសាសន៍ក្នុង ​កិច្ចប្រជុំ​គណៈ​បញ្ជាការ​ឯកភាព​ខណ្ឌ កាលពី​រសៀល​ថ្ងៃ​ទី​១៣​ ខែ​សីហា​ ឆ្នាំ​២០២៤ លោកសុខ សម្បត្តិ អភិបាលនៃគណៈអភិបាលខណ្ឌបឹងកេងកង បាន​ណែនាំ​ឲ្យការិយាល័យ​​សាធារណការ​ ដោយ​សហការ​ជាមួយ​អាជ្ញាធរ​ខណ្ឌ សង្កាត់​ ដើម្បី​ចុះ​មើលផ្លូវ​ដែល​ទទួល​រង​ការខូចខាត​ និង​ចុះ​មើល​ប្រព័ន្ធ​ប្រឡាយ​លូ​តាមបណ្តាសង្កាត់ទាំង៧ ក្នុងភូមិសាស្ត្រខណ្ឌបឹងកេងកង នារដូវភ្លៀងនេះ ហើយការគ្រប់គ្រងនិងថែរក្សាសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ ក៍ត្រូវថែរក្សាឲ្យបានល្អផងដែរ ដើម្បីទទួលបានការជឿជាក់ពីបងប្អូន​ប្រជា​ពលរដ្ឋប្រកបដោយប្រសិទ្ធភាពខ្ពស់។

លោក​ សុខ សម្បត្តិ​ បាន​មានប្រសាសន៍​លើកឡើងទៀតថា ការិយាល័យសាធារណការ​ ​ត្រូវបង្កើត​ក្រុមការងារ​ ដោយ​សហការ​ជាមួយ​សង្កាត់ទាំង៧ ក្នុង​ការ​ចុះ​មើលផ្លូវ​ដែល​ទទួលរង​ការខូចខាត ដូចជា ​គ្រលុក​សំបុក​មាន់ ត្រូវ​ធ្វើ​ការ​ជួសជុល​ឡើងវិញ​ជាបន្ទាន់ កុំ​ទុក​ឲ្យ​ទទួល​រង​ការខូចខាត​ធ្ងន់ធ្ងរ ក្នុងការជួសជុល​អស់​ថវិកា​ច្រើន។ ការងារ​មួយទៀត ពាក់ព័ន្ធ​ប្រព័ន្ធ​លូ ក៏​ត្រូវ​ចុះ​ពិនិត្យមើល​ស្ថានភាព​លូ​នៅ​តាម​បណ្ដា​មូលដ្ឋាន​សង្កាត់ទាំង៧ មានន័យថា បើ​កន្លែង​ណា​ទទួលរង​ការ​ខូចខាត ​ឬ​បាក់បែក ក៏​ត្រូវតែ​ធ្វើការ​ជួសជុល​ឡើងវិញ​ជាបន្ទាន់ផង​ដែរ​។

ប្រធានគណៈបញ្ជាកាឯកភាពខណ្ឌបានបន្ថែមថា ចំពោះ​មែកឈើដែលបាំងស្តុប និងទឹក​ដក់​នៅ​ចិញ្ចើមផ្លូវ ​ក៏​ជាការ​ងារ​ដែល​ត្រូវតែ​ធ្វើ​ផង​ដែរ ពោល​គឺ​ត្រូវ​កាយ​ទឹក​ដក់​ទាំងនោះ​ឲ្យ​ហូរ​ចូល​លូ មិន​ត្រូវ​ទុកឲ្យ​ស្អុយ​នៅ​តាម​បណ្ដា​ផ្លូវ​សាធារណៈ​នោះ​ទេ​។​ ពាក់ព័ន្ធ​នឹង​ការងារ​នេះ​ផង​ដែរ លោក​ប្រធានគណបញ្ជាករឯកភាពខណ្ឌ​ ក៏បាន​ណែនាំ​ដល់​សង្កាត់ទាំង៧ ត្រូវ​យកចិត្តទុកដាក់​លើ​ការងារ​នេះ គឺ​ត្រូវ​ជំរុញ​ឲ្យ​មន្ត្រី​ចុះ​ទៅ​ដល់​មូលដ្ឋាន ដើម្បី​ពិនិត្យ​ស្ថានភាព​ជាក់ស្ដែងតែម្តង។ ជាង​នេះ​ទៅ​ទៀត អាជ្ញាធរ​ខណ្ឌ សង្កាត់​ ត្រូវ​ចុះ​ណែនាំ​ប្រជាពលរដ្ឋ​ ឲ្យ​ពួកគាត់​ទុកដាក់ វេច​ខ្ចប់​សំរាម​ឲ្យ​បាន​ល្អ ​កុំ​ទុកដាក់​សំរាម​នៅ​លើ​គម្រប​លូ មាត់​លូ ដែល​បង្ក​ឲ្យ​ស្ទះលូ ពេល​ដែល​ភ្លៀង​ធ្លាក់​ម្ដងៗ។

ជាចុងក្រោយលោកសុខ សម្បត្តិ ក៍បាន​ធ្វើ​ការ​ណែនាំដល់គណៈបញ្ជាការឯក​ភាពរដ្ឋ​បាលសង្កាត់ទាំង៧ ត្រូវ​អនុវត្ត​ឲ្យ​បាន​ជោគជ័យ​នូវ​ ​គោល​នយោបាយ​ភូមិ​ សង្កាត់ មានសុវត្ថិ​ភាព និងបន្តប្រឹង​ប្រែងបំពេញតួនាទី ភារកិច្ច និងបេសកកម្ម ឲ្យកាន់​តែស​កម្ម​ថែមទៀត ក្នុងការបង្ការ ទប់ស្កាត់ បង្ក្រាប នូវរាល់បទល្មើសផ្សេងៗក្នុងដែនសមត្ថកិច្ច សំ​ដៅ​កសាងបាននូវទំនុកចិត្ត និងការជឿជាក់ពីបងប្អូន​ប្រជា​ពលរដ្ឋប្រកបដោយប្រសិទ្ធភាពខ្ពស់៕

Facebook Comments
Loading...