កម្ពុជា ទាក់ទាញគម្រោងវិនិយោគសរុបប្រមាណ ១២៨គម្រោង គិតជាទឹកប្រាក់ជាង ២ពាន់ ៥រយលានដុល្លារអាមេរិក ក្នុងរយៈពេល៤ខែ ដើមឆ្នាំ២០២៤នេះ

0
121

ភ្នំពេញ ៖ ក្នុងរយៈពេល ៤ខែ ដើមឆ្នាំ២០២៤នេះ កម្ពុជា បានទាក់ទាញគម្រោងវិនិយោគសរុបប្រមាណ ១២៨គម្រោង គិតជាទឹកប្រាក់ជាង ២ពាន់ ៥រយលានដុល្លារអាមេរិក ដោយវិនិយោគិនចិន ជាវិនិយោគិនដែលលេចធ្លោជាងគេ នេះបើតាមការបង្ហាញរបស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា។

គិតចាប់ពីខែមករា ដល់ខែមេសា ឆ្នាំ ២០២៤នេះ កម្ពុជា ទាក់ទាញរំហូរទុនវិនិយោគប្រមាណ ២ពាន់ ៥រយលានដុល្លារអាមេរិក អំឡុងពេល ការវិនិយោគក្នុងស្រុក ឈរនៅលំដាប់លេខ ១ ខណៈ រំហូរទុនវិនិយោគពីប្រទេសចិន ជាប់លំដាប់ថ្នាក់លេខ ២។ ដោយឡែក ក្នុងខែមេសា ឆ្នាំ ២០២៤ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានអនុម័តគម្រោងថ្មីចំនួន ២១គម្រោង និងគម្រោងពង្រីកផលិតកម្មចំនួន ១គម្រោង ដែលមានទុនវិនិយោគសរុបប្រមាណ ៣០៩លានដុល្លារអាមេរិក និងអាចបង្កើតការងារបានប្រមាណ ២៣ពាន់កន្លែង។

ក្នុងចំណោមគម្រោងវិនិយោគទាំង ២២ គម្រោងវិនិយោគដែលមានទីតាំងស្ថិតនៅក្រៅតំបន់សេដ្ឋកិច្ចពិសេស មានចំនួន ១៤គម្រោង និងគម្រោងវិនិយោគដែលមានទីតាំងស្ថិតនៅក្នុង តំបន់សេដ្ឋកិច្ចពិសេសមានចំនួន ៨គម្រោង។ជាពិសេស ក្នុងខែមេសា ឆ្នាំ ២០២៤នេះ ការវិនិយោគមកពីប្រទេសចិន ស្ថិតនៅលំដាប់លេខរៀងទី ១ ដោយបានរួមចំណែករហូតដល់ទៅប្រមាណ ៩៨% នៃទុនវិនិយោគសរុប។

កាលពីឆ្នាំ ២០២៣កន្លងទៅ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានអនុម័តលើគម្រោងវិនិយោគចម្រុះចំនួន ២៦៨ រួមមាន គម្រោងថ្មីមាន ២៤៧គម្រោង និងគម្រោងពង្រីកផលិតកម្មចំនួន ២១គម្រោង។សរុបមក រំហូរទុនវិនិយោគឯកជននៅឆ្នាំ ២០២៣ មានការកើនឡើងគួរឱ្យកត់សម្គាល់ ក្នុងរង្វង់ប្រមាណ ២២% ធៀបនឹងឆ្នាំ ២០២២ ហើយរំហូរទុនវិនិយោគក្នុងឆ្នាំ ២០២៣ ភាគច្រើនមានប្រភពមកពី ចិន និងក្នុងស្រុក ដោយបានរួមចំណែកជិត ៩០% នៃទុនវិនិយោគសរុប៕

Facebook Comments
Loading...