សាលាខណ្ឌដូនពេញ រៀបចំពិធីសូត្រមន្ដ សុំសេចក្ដីសុខសេចក្ដី ចំរើន ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីនេះ

0
114

ភ្នំពេញ ៖ លោក ជា ខេម៉ា អភិបាលនៃគណៈអភិបាលខណ្ឌដូនពេញ លោក ហែម អាន ប្រធានក្រុមប្រឹក្សាខណ្ឌ សមាជិកសមាជិកា រួមនឹង កងកម្លាំងនគរបាល កងរាជអាវុធហត្ថ មន្ដ្រីរាជការក្រោមឱវាទ ថ្នាក់ខណ្ឌនិងសង្កាត់ ជាច្រើនរូបទៀត រសៀលថ្ងៃទី៥ ខែមេសា ឆ្នាំ២០២៤នេះ បានជួបជុំគ្នានៅសាលាខណ្ឌដូនពេញ រៀបចំពិធីសូត្រមន្ដចំរើនព្រះបរិត្ត ដើម្បីសុំសេចក្ដីសុខសេចក្ដីចម្រើននិងសុំពរជ័យពីទេវតាឆ្នាំថ្មី ឆ្នាំរោង ឆស័ក ពុទ្ធ សករាជ ២៥៦៨ ព្រះនាមមហោទរាទេវី ដែលនឹងចូលមកកាន់តំណែង បន្តវេនពីទេវតាឆ្នាំចាស់ នៅចុងសប្ដាហ៍នេះ។

តាមទំនៀម ទម្លាប់ ប្រពៃណី ដូនតាពីបុរមបុរាណ ក្នុងរដូវកាលនេះ ប្រជាពលរដ្ឋខ្មែរ ទូទៅ ក៏ដូចជាមន្ដ្រី បុគ្គលិក តាមស្ថាប័ន អង្គភាព នានាក្នុងព្រះរាជាណាចក្រកម្ពុជា  តែងតែនិមន្ដព្រះសង្ឃមកសូត្រមន្ដចំរើន ព្រះបរិត្តសុំសេចក្ដីសុខសេចក្ដីចម្រើន ព្រមទាំង  បួងសួងសូម ទេវតាឆ្នាំថ្មី តាមជួយបីបាច់ថែរក្សា ឲ្យពរសព្វសារធុការ សេរីសួស្ដី ជ័យមង្គលវិបុលសុខគ្រប់ប្រការ និង សូមឲ្យទទួលបានជោគជ័យថ្មីៗថែមទៀត នៅឆ្នាំបន្ដ។ក្រៅពីជំនឿតាមបែបសាសនាកម្មវិធីនេះ ក៏ដើម្បី សង្រួម កាយវាចាចិត្ត ជម្រះ ចោលនូវ ភាពអសកម្មទាំងឡាយ  ប្រតិបត្តិតែអំពើជាកុសល ចេះអត់ឱនយោគយល់ អធ្យាស្រ័យគ្នា រួមសាមគ្គីគ្នាបង្កើនភាពស្និទ្ធិស្នាល ទំនាក់ទំនងល្អជាមួយគ្នា ដើម្បីជម្រុញឲ្យការអនុវត្តការងារ បម្រើប្រជាពលរដ្ឋក្នុងមូលដ្ឋានបានកាន់តែល្អប្រសើរ ដែលជាការរួមចំណែក កសាងសង្គមជាតិឲ្យកាន់តែរីកចម្រើនបន្ថែមទៀត។

ឆ្លៀតក្នុងឱកាសនោះដែរ លោក ជា ខេម៉ា ក្នុងនាមគណៈបញ្ជាការឯកភាពខណ្ឌដូនពេញ បានក្រើនរំលឹកដល់កងកម្លាំង ទាំងអស់ ទាំងនគរបាល កងរាជធាវុធហត្ថ និងកម្លាំងសណ្ដាប់ធ្នាប់ខណ្ឌ ស្កាត់ ក្នុងឱកាសចូលឆ្នាំថ្មីនេះ ត្រូវយកចិត្តទុកដាក់ បង្កើនការប្រុងប្រយ័ត្ន ធ្វើកិច្ចសហការរួមគ្នាឲ្យបានល្អ ក្នុងការការពារសន្ដិសុខសុវត្ថិភាពជូន ប្រជាពលរដ្ឋក្នុងមូលដ្ឋានព្រោះក្នុងអំឡុងពេលនេះ បងប្អូនប្រជាពលរដ្ឋ តែធ្វើដំណើរទៅកាន់ស្រុកកំណើតជួបជុំបងប្អូន ឬ ធ្វើដំណើរកំសាន្ដទៅកាន់តំបន់រមណីយដ្ឋាននានា បើយើងខ្វះការប្រុងប្រយ័ត្ននឹងអាចមានបញ្ហាកើតឡើង។ ម្យ៉ាងទៀត ខណ្ឌដូនពេញ ជាចំណុចកណ្ដាលរបស់រាជធានីភ្នំពេញ មានភ្ញៀវជាតិ និង អន្ដរជាតិឆ្លងកាត់និង មកលេងកំសាន្ដច្រើន ជាពិសេសទៀតនោះសាលារាជធានីបានរៀបចំកម្មវិធីសង្ក្រានឆ្នាំថ្មីរយៈពេល៤ថ្ងៃ ក្នុងថ្ងៃចូលឆ្នាំតែម្ដង នៅរមណីយដ្ឋានវត្តភ្នំ​ស្ថិតក្នុងភូមិសាស្ដ្រ ខណ្ឌដូនពេញ ដែលទាមទារឲ្យអាជ្ញាធរខណ្ឌ ដែលជាម្ចាស់ផ្ទះ ត្រូវយកចិត្តទុកដាក់ ប្រកបដោយការទទួលខុសត្រូវខ្ពស់។

លោក អភិបាលខណ្ឌបន្ដថា បញ្ហាចរាចរណ៍ក៏សំខាន់ខ្លាំងណាស់ដែរ ដូចនេះ កម្លាំងរបស់យើង ត្រូវធ្វើការ ផ្សព្វផ្សាយ ឲ្យប្រជាពលរដ្ឋ ចូលរួមក្នុងការគោរពច្បាប់ចរាចរណ៍ និង ចុះទៅតាមគោលដៅសំខាន់ ដែលអាចកើតមានបញ្ហាកកស្ទះចរាចរណ៍កើតឡើង ដើម្បីជួយសម្រួលការ ធ្វើដំណើររបស់បងប្អូនឲ្យបានរលូន ឲ្យពួកគាត់ទទួលបាននូវភាពសប្បាយរីករាយក្នុងឱកាសឆ្នាំថ្មី៕

Facebook Comments
Loading...