ប្រជាពលរដ្ឋដែលរស់នៅតាមដងស្ទឹងសង្កែមានការព្រួយបារម្ភយ៉ាងខ្លាំង បន្ទាប់ពីសមត្ថកិច្ច និងប្រជាពលរដ្ឋ ចាប់បានសត្វក្រពើមួយក្បាល

0
721

បាត់ដំបង ៖ ប្រជាពលរដ្ឋដែលរស់នៅតាមដងស្ទឹងសង្កែមានការព្រួយបារម្ភយ៉ាងខ្លាំងអំពីសុវត្ថិភាពពួកគាត់ បន្ទាប់ពីសមត្ថកិច្ច និងប្រជាពលរដ្ឋ ចាប់បានសត្វក្រពើមួយក្បាល ទម្ងន់ជាង ៤០ គីឡូក្រាម ដែលប្រជាពលរដ្ឋប្រទះឃើញក្នុងស្ទឹងសង្កែ ស្រុកឯកភ្នំ ខេត្តបាត់ដំបង កាលពីវេលាម៉ោង ១ រសៀល ថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២៤។

ប្រភពពីប្រជាពលរដ្ឋបានឲ្យដឹងថា កាលពីព្រឹកថ្ងៃទី ២៦ ខែមីនានេះ មានប្រជាពលរដ្ឋម្នាក់ដែលប្រកបមុខរបររាយមងក្នុងស្ទឹង បានប្រទះឃើញសត្វក្រពើមួយក្បាលនៅក្នុងទឹកដែលអើតក្បាលលឹមៗ ធ្វើឲ្យមានការភ្ញាក់ផ្អើលព្រមទាំងបានរាយការណ៍ទៅកម្លាំងសមត្ថកិច្ចដើម្បីរិះរកវិធានការក្នុងការចាប់សត្វក្រពើមួយក្បាលនេះ។

ដោយសារការខិតខំប្រឹងប្រែងរបស់កម្លាំងសមត្ថកិច្ចនៃអធិការដ្ឋាននគបាលស្រុកឯកភ្នំរួមនឹងប្រជាពលរដ្ឋដែលមានជំនាញស្រាប់បានតាមប្រមាញ់តាំងពីព្រឹករហូតដល់ម៉ោង ០១៖០០ រសៀលទើបអាចចាប់សត្វក្រពើនេះបាន។

បើតាមការសន្និដ្ឋានរបស់សមត្ថកិច្ចគឺសត្វក្រពើនេះដែលមានទម្ងន់ប្រមាណជាង ៤០ គីឡូក្រាម គឺអាចរួចចេញពីទីតាំងចិញ្ចឹមក្រពើណាមួយជាក់ជាមិនខានព្រោះនៅតំបន់ខាងលើមានទីតាំងចិញ្ចឹមក្រពើមួយចំនួនផងដែរ។

ហើយការចាប់សត្វក្រពើនេះគឺធ្វើឡើងនៅចំណុចខាងមុខវត្តស្វាយជ្រុំ ស្ថិតក្នុងភូមិស្វាយជ្រុំ ឃុំព្រែកណូរិន្ទ ស្រុកឯកភ្នំខេត្តបាត់ដំបង ដែលបច្ចុប្បន្នការចាប់សត្វក្រពើបានមួយក្បាលនេះគឺបានបង្កឲ្យប្រជាពលរដ្ឋដែលរស់នៅតាមដងស្ទឹងសង្កែមានការព្រួយបារម្ភយ៉ាងខ្លាំងអំពីសុវត្ថិភាពពួកគាត់ដែលតែងតែចុះទៅងូតទឹកក្នុងស្ទឹងឬក៏ប្រកបមុខរបរអ្វីមួយ នៅក្នុងស្ទឹងសង្កែដែលពួកគាត់បានសំណូមពរឲ្យសមត្ថកិច្ចជំនាញពាក់ព័ន្ធមេត្តាពិនិត្យឲ្យម៉ត់ចត់ឡើងវិញទៅលើទីតាំងចិញ្ចឹមសត្វក្រពើទាំងអស់ដែលស្ថិតនៅតាមបណ្ដោយដងស្ទឹងសង្កែដើម្បីសុវត្ថិភាពរបស់ពួកគាត់៕

 

Facebook Comments
Loading...