គណបក្សភឿថៃសង្ឃឹមឈ្នះឆ្នោតភ្លូកទឹកភ្លូកដី ដើម្បីបណ្តេញរដ្ឋាភិបាលគាំទ្រដោយយោធា

0
495

បរទេស ៖ រថយន្តរាប់សិបជាមួយនឹងបដាឃោសនាក៏បានដង្ហែចេញពីវិមានប្រជាធិបតេយ្យឆ្ពោះទៅកាន់សង្កាត់លក់ដូរធំនៃក្រុងបាងកក ក្រុមមេដឹកនាំបក្សប្រឆាំងថៃបាននាំគ្នាចុះតាមដងវិថីនៃក្រុងបាងកកកាលពីថ្ងៃសៅរ៍ទី១៣ឧសភា នៅក្នុងការប៉ុនប៉ងចុងក្រោយដើម្បីទាក់ទាញអ្នកបោះឆ្នោត ដោយសុំអោយពួកគេចេញទៅបោះឆ្នោតដើម្បីបណ្តេញរដ្ឋាភិបាលគាំទ្រដោយយោធា នៅថ្ងៃបោះឆ្នោតនៅថ្ងៃអាទិត្យទី១៤ឧសភា ។

ព្រះរាជាណាចក្រថៃត្រូវបោះឆ្នោតនៅថ្ងៃអាទិត្យទី១៤ឧសភា ដោយអ្នកបោះឆ្នោតត្រូវកំណត់ជោគវាសនាអតីតមេដឹកនាំរដ្ឋប្រហារនិងជានាយករដ្ឋមន្ត្រី លោក ប្រាយុទ្ធ ចាន់ អូចាក្រោយលោកស្ថិតក្នុងអំណាចអស់ជិតមួយទសវត្សរ៍។តែនៅក្នុងប្រទេសមួយដែលរដ្ឋប្រហារនិងអំណាចតុលាការតែងលុបចោលលទ្ធផលឆ្នោត មានការព្រួយបារម្ភថា ក្រុមយោធាអាចស្វះស្វែងបន្តតោងអំណាច ទោះជាមេទ័ពថៃទើបចេញមកអះអាងថានឹងមិនមានរដ្ឋប្រហារទៀតក្តី។

បេក្ខជននាយករដ្ឋមន្ត្រីនាំមុខគេនៃគណបក្សប្រឆាំង ភឿថៃ លោកស្រី ភែតងតាន ស៊ីណាវ៉ាត(ឆ្វេង)និងលោកស្រេតថា ថាវីស៊ីន(ស្តាំ)បេក្ខជននាយករដ្ឋមន្រ្តីម្នាក់ទៀតនៃរបស់ភឿថៃ បានបក់ដៃចេញពីរថយន្តហ្ស៊ីប និងស្វាគមន៍បែបប្រពៃណីថៃទៅកាន់អ្នកគាំទ្រនៅពេលលោកស្រីធ្វើដំណើរកាត់វិថីនានាក្នុងក្រុងបាងកក។

រថយន្តរាប់សិបជាមួយនឹងបដាឃោសនាក៏បានដង្ហែចេញពីវិមានប្រជាធិបតេយ្យឆ្ពោះទៅកាន់សង្កាត់លក់ដូរធំនៃក្រុងបាងកក នៅពេលអ្នកគាំទ្រគ្រវីទង់និងស្រែកថា«ភឿថៃឈ្នះភ្លូកទឹកភ្លូកដី»។

លោកស្រី ភែតងតានបានប្រាប់អ្នកយកព័ត៌មានថា «ខ្ញុំសង្ឃឹមថា ប្រជាជនថៃនឹងបោះឆ្នោតអោយយើងដោះស្រាយបញ្ហាប្រទេសជាតិ»។

គណបក្សភឿថៃបាននិងកំពុងទទួលបានសម្លេងគាំទ្រនាំមុខគេក្នុងការស្ទង់មតិ តែមាគ៌ារបស់គណបក្សឆ្ពោះទៅកាន់អំណាចប្រឈមឧបសគ្គជាច្រើន ជាពិសេសព្រឹទ្ធសភាដែលយោធាជ្រើសតាំងឡើងក្នុងឆ្នាំ២០១៧ត្រូវចូលរួមជាមួយសភានៅក្នុងការបោះឆ្នោតជ្រើសរើសនាយរដ្ឋមន្ត្រី។

មេដឹកនាំគណបក្សបោះជំហានទៅមុខ(MFP)ដែលជាបក្សប្រឆាំងធំមួយទៀត លោក ភិតា លីមចារឺនរ៉ាត(Pita Limjaroenrat)ក៏ស្ថិតនៅលើរថយន្តបើកដំបូលនិងប្រើឧឃោសនស័ព្ទដើម្បីប្រមូលការគាំទ្រ។

លោកបានប្រាប់អ្នកដំណើរឆ្លងកាត់ថា «សូមមេត្តាផ្តល់អោយមនុស្សជំនាន់ក្មេងៗនូវឱកាសគ្រប់គ្រងប្រទេស។យើងនឹងមើលថែរមនុស្សជំនាន់ចាស់ៗ»។

តាមពិតការបោះឆ្នោតនេះ ជាការប្រឈមមុខគ្នារវាងក្រុមប្រឆាំងដែលគាំទ្រលទ្ធិប្រជាធិបតេយ្យ គាំទ្រដោយអ្នកបោះឆ្នោតវ័យក្មេងៗនិងអ្នកជនបទស្រែចំការ ជាមួយនឹងស្ថាប័នរាជានិយមស្និទ្ធនឹងយោធាបែបអភិរក្ស ដឹកនាំដោយក្រុមលោកប្រាយុទ្ធ និងគណបក្សកាន់អំណាចរបស់ឧបនាយករដ្ឋមន្ត្រី ប្រាវីត វង់ស៊ូវ៉ុន ដែលក៏ជាមេទ័ពម្នាក់ទៀតដែលបានចូលរួមក្នុងរដ្ឋប្រហារ។

ស្ថានីយបោះឆ្នោត៩៥.០០០ត្រូវបានដាក់ពង្រាយចាប់ពីតំបន់ភ្នំសំបូរព្រៃនៅភាគខាងជើងថៃ ដល់ឆ្នេរខ្សាច់ខាងត្បូងរបស់ប្រទេសសំរាប់អ្នកមានសិទ្ធិបោះឆ្នោតថៃប្រមាណ៥២លាននាក់ រួមមាន៤លាននាក់បានបោះឆ្នោតជាមុន៕

Facebook Comments
Loading...