សម្តេចតេជោ ហ៊ុន សែន ! មនុស្សមួយចំនួនបានទប់ស្កាត់ការផលិតអគ្គិសនីប្រើដោយវារីអគ្គិសនី តែពួកគេទាមទារឲ្យរាជរដ្ឋាភិបាលដោះស្រាយបញ្ហាអគ្គិសនីឲ្យពួកគេ

0
267

លើកឡើងក្នុងជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋ ដែលបានផ្លាស់ប្តូរទីលំនៅទៅទីតាំងថ្មី និងត្រួតពិនិត្យការដ្ឋានសាងសង់ វារីអគ្គិសនីស្ទឹងពោធិ៍សាត់១ ស្ថិតនៅឃុំប្រម៉ោយ ស្រុកវាលវែង ខេត្តពោធិ៍​សាត់ នៅព្រឹកថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២៣នេះ សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ថា ពេលនេះគឺជាសម័យ នៃការប្រើប្រាស់អគ្គិសនី ដែលវារីអគ្គិសនីជាប្រភពថាមពលដ៏ល្អមួយ ហើយមនុស្សមួយចំនួនបានទប់ស្កាត់ការផលិតអគ្គិសនីប្រើដោយវារីអគ្គិសនី តែពួកគេទាមទារឲ្យរាជរដ្ឋាភិបាលដោះស្រាយបញ្ហាអគ្គិសនីឲ្យពួកគេ។

សម្ដេចតេជោ ហ៊ុន សែន មានប្រសាសន៍បញ្ជាក់ថា «មនុស្សមួយចំនួន បាននិយាយទប់ស្កាត់នូវការផលិតអគ្គិសនី ប្រើដោយវារីអគ្គិសនី ប៉ុន្តែពួកគេក៏ទាមទារឲ្យយើងដោះស្រាយអគ្គិសនីឲ្យពួកគេ តើដោះស្រាយរបៀបម៉េចទៅ ប្រេងវាថ្លៃពេក ធ្យុង ថ្មថា បំពុលបរិស្ថាន ដល់វារីអគ្គិសនីថា បំផ្លាញព្រៃ ធ្វើឲ្យលិចលង់នូវផ្ទៃដីមួយចំនួន»។

សម្ដេចតេជោ ហ៊ុន សែន បានដាក់ជាសំណួរថា «អញ្ចឹងតើយើង ត្រូវវិលត្រឡប់ចន្លុះឬយ៉ាងម៉េច? ដុតចង្គៀងប្រេង កាតឬយ៉ាងម៉េច? យើងដុតទៀន ឬយ៉ាងម៉េច»?។ កាលពីទសវត្សរ៍៩០ កម្ពុជា ប្រើអគ្គិសនីត្រឹមប្រមាណ ៣០មេហ្គាវ៉ាត់ប៉ុណ្ណោះ តែបច្ចុប្បន្នប្រើរហូតដល់ទៅជា ២២០០មេហ្គាវ៉ាត់ហើយ។

សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា វារីអគ្គិសនីស្ទឹងពោធិ៍សាត់១ នឹងរួមចំណែកកាត់បន្ថយការជន់លិចទីរួមខេត្តពោធិ៍សាត់ ក្នុងរដូវវស្សា និងធានាការផ្គត់ផ្គង់ទឹកនៅរដូវប្រាំង៕

Facebook Comments
Loading...