ជីកដំឡូងជ្រូក យកមកស្ងោរហូប ក្នុងក្រុមគ្រួសារសង្ស័យ « មើមក្តួច »ពុលស្លាប់ ម្តាយ កូននិងឪពុក កំពុងសង្គ្រោះបន្ទាន់

0
504

កណ្ដាល ៖ ស្ត្រីម្នាក់ទៅរកជីកដំឡូងជ្រូកនៅឯវាល យកមកស្ងោរហូប ក្នុងក្រុមគ្រួសារ បន្ទាប់ពី ហូបរួចមានអាការៈមិនស្រួល ឈឺក្បាល វិលមុខ សរុបគ្នា៤នាក់ ក៏នាំគ្នាទៅសម្រាកនៅមណ្ឌលសុខភាព ឃុំភ្នំបាត ស្រុកពញាឮ ខេត្តកណ្តាល កាលពីថ្ងៃទី២០ ខែមករា ឆ្នាំ២០២៣ តែដោយអាការៈកាន់តែធ្ងន់ធ្ងរ ត្រូវបានដឹកបញ្ជូន ទៅសង្គ្រោះនៅមន្ទីរពេទ្យកាល់ម៉ែត រាជធានីភ្នំពេញ ជាអកុសល នៅវេលាម៉ោង១០ព្រឹក ថ្ងៃទី៣០ ខែមករា ឆ្នាំ២០២៣ ស្ត្រីរងគ្រោះម្នាក់បានស្លាប់។
តាមសមត្ថកិច្ចបានឲ្យដឹងថា ករណីពុលមើមដំឡូងខាងលើ កើតឡើងនៅក្នុងភូមិស្រែរាំង ឃុំទំនប់ធំ ស្រុកពញាឮ ខេត្តកណ្ដាល។ ស្ត្រីរងគ្រោះដែលបានស្លាប់មាន ឈ្មោះ លឹម ផល អាយុ៣៧ឆ្នាំ ចំណែកជនរងគ្រោះ៣នាក់ទៀតកំពុងសង្គ្រោះបន្ទាន់ ៖ ទី១ ឈ្មោះ លឹម ឡាង ភេទស្រី អាយុ៦១ឆ្នាំ ត្រូវជាម្តាយ ទី២ឈ្មោះ រិន ឡយ ភេទប្រុស អាយុ៧ឆ្នាំ ត្រូវជាកូន និងទី៣ឈ្មោះ រិន ស្រីលីន ភេទស្រី អាយុ១១ឆ្នាំ ត្រូវជាកូន។
សមត្ថកិច្ចបន្តទៀតថា កាលពីថ្ងៃទី២០ ខែមករា ឆ្នាំ២០២៣ ឈ្មោះ លឹម ផល បានទៅជីកដំឡូងជ្រូក នៅឯព្រៃមកស្ងោរហូប នៅក្នុងគ្រួសារ។ ក្រោយពីហូបរួចក៏មានអាការៈមិនស្រួលខ្លួន ហើយ ក៏នាំគ្នាមកព្យាបាលនៅមណ្ឌលសុខភាពឃុំភ្នំបាត តែដោយសារអាការៈមិនបានធូរស្រាលទើបនាំគ្នាទៅព្យាបាលបន្តនៅមន្ទីរកាល់ម៉ែត លុះមកថ្ងៃទី៣០ ខែមករា ឆ្នាំ២០២៣ វេលាម៉ោង១០ព្រឹក ឈ្មោះ លឹម ផល បានស្លាប់។
ចំណែកសមាជិក០៣នាក់ទៀត កំពុងសម្រាកព្យាបាលនៅឡើយ។ សពស្ត្រីរងគ្រោះត្រូវបានក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណីនៅលំនៅដ្ឋាន ស្ថិតក្នុងភូមិស្រែរាំង ឃុំទំនប់ធំ ស្រុកពញាឮ ខេត្តកណ្តាល។
ទាក់ទងទៅនឹងករណីខាងលើ ប្រជាពលរដ្ឋបាន ដាក់ការសង្ស័យថា ពេលដែលជនរងគ្រោះទៅរកជីកមើមដំឡូងជ្រូក ប្រហែលជាបានដោយទាំងមើមក្តួច ព្រោះមើមដំឡូងជ្រូក និងមើមក្តួច ស្រដៀងគ្នា លុះដល់ស្ងោរហូបប៉ះចំមើមក្តួច ក៏បណ្តាលឲ្យពុលបែបនេះ៕

Facebook Comments
Loading...