អគ្គស្នងការនគរបាលជាតិ កែសម្រួលការអនុវត្តអនុក្រិត្យលេខ៣៩ ពាក់ព័ន្ធការផាកពិន័យបទល្មើសចរាចរណ៍

0
763

ភ្នំពេញ ៖ យោងតាម សារជាសំឡេងរបស់លោកវរសេនីយ៍ទោស ម៉ាន សុផាន់ណា នាយការិយាល័យនគរបាលចរាចរណ៍ផ្លូវគោកនៃនាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្ដាប់ធ្នាប់សាធារណៈ បានអោយដឹងពាក់ព័ន្ធនឹងការអនុវត្ត (អនុក្រឹត្យលេខ៣៩) ការរឹតបន្តឹងច្បាប់ចរាចរណ៍ផ្លូវគោក និងយោងតាមកិច្ចប្រជុំកាលពីថ្ងៃទី១៧ មិថុនា ២០២២ ក្រោមអធិបតីភាពនាយឧត្តមសេនីយ៍ ហ៊ឹម យ៉ាន អគ្គស្នងការរងរនគរបាលជាតិ សូមធ្វើការណែនាំដល់លោកនាយការិយាល័យ ទាំង២៥ រាជធានី-ខេត្ត ស្តីពីការកែសម្រួលចំពោះរថយន្ត ០៩ ចំណុច និងម៉ូតូ ០៧ ចំណុច មានដូចតទៅ ៖

ទី១. រថយន្តពិន័យ ០៩ ចំណុច ត្រូវកែសម្រួលមក (ការអប់រំ ០៥ ចំណុច និងពិន័យ ០៤ ចំណុច)

+ការអប់រំ ០៥ ចំណុច រួមមាន ៖

១. មិនគោរពភ្លើងសញ្ញា ផ្លាកសញ្ញា

២. ការល្មើសបទ និងជែង

៣. ការមិនពាក់ខ្សែក្រវ៉ាត់

៤. ការដឹកលើសចំណុះ (អប់រំណែនាំ និងរើទំលាក់ចុះ តាមច្បាប់កំណត់)

៥. ការប្រើប្រាស់ទូរសព្ទ

+ការពិន័យ ០៤ ចំណុច រួមមាន ៖

១. ល្មើសល្បឿនកំណត់

២. បើកបរក្នុងស្ថានភាពស្រវឹង

៣. គ្មានបណ្ណបើកបរ

៤. អត់ផ្លាកលេខ និងបណ្ណសម្គាល់រថយន្ត

និងទី២. ម៉ូតូពិន័យ ០៧ ចំណុច ត្រូវកែសម្រួលមក (ការអប់រំ ០៤ចំណុច និង ពិន័យ ០៣ចំណុច)

+ការអប់រំ ០៤ ចំណុច រួមមាន ៖

១. មិនគោរពភ្លើងសញ្ញា ផ្លាកសញ្ញា

២. ការល្មើសបទ និងជែង

៣. ការប្រើប្រាស់ទូរសព្ទ

៤. គ្មានកញ្ចក់ឆ្លុះត្រឡប់ក្រោយ

+ការពិន័យ ០៣ចំណុច រួមមាន ៖

១. មិនពាក់មួកសុវត្ថិភាព (តែត្រូវចេះបត់បែនតាមកាលៈទេសៈ បើមិនអាចទេ ត្រឹមធ្វើការអប់រំ)

២. បើកបរក្នុងស្ថានភាពស្រវឹង

៣. គ្មានផ្លាកលេខ ។

កាលពីវេលាម៉ោង ៩ព្រឹកថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២២ លោកវរសេនីយ៍ឯក សែម រតនា នាយការិយាល័យនគរបាលចរាចរផ្លូវគោត រាជធានីភ្នំពេញ បានដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយផែនការរបស់នាយកដ្ឋាននគរបាលចរាចរ និង សណ្តាប់ធ្នាប់សាធារណៈ ស្តីពីគោលការណ៍ចុះរឹតបន្តឹងការអនុវត្តច្បាប់ ស្តីពីចរាចរណ៍ផ្លូវគោក ដោយបានណែនាំកម្លាំងនគរបាលតាមគោលដៅទាំងអស់ រួមមាន ៖ ផ្នែសណ្តាប់ធ្នាប់ចរាចរណ៍ខណ្ឌទាំង១៤ និងនាយរងការិយាល័យនាយផ្នែកជំនាញចំណុះការិយាល័យនគរបាលចរាចរណ៍ផ្លូវគោក ត្រូវអនុវត្តច្បាប់ឲ្យចំទិសដៅ ស្របតាមការណែនាំរបស់នាយឧត្តមសេនីយ៍ ហ៊ឹម យ៉ាន អគ្គស្នងការរងនគរបាលជាតិទទួលផែននាយកដ្ឋាននគរបាលចរាចរ និងសណ្តាប់ធ្នាប់សាធារណៈ ។

សូមបញ្ជាក់ឡើងវិញថា កន្លងទៅ ការពិន័យអន្តរការណ៍ចំពោះអំពើល្មើស នឹងច្បាប់ចរាចរណ៍ផ្លូវគោក សម្រាប់រថយន្ត គឺត្រូវពិន័យទាំង ០៩ ចំណុច និងម៉ូតូ ត្រូវពិន័យចំនួន ០៧ចំណុច ដែលមានទឹកប្រាក់ចាប់ពី ៦០,០០០រៀល ទៅដល់ ២,៤០០,០០០រៀល (តាមប្រភេទយាន) ។

ជាការកត់សម្គាល់ សម្រាប់ការអនុវត្តច្បាប់ចរាចរណ៍តាមដងផ្លូវកន្លងទៅ មានការថ្នាំងថ្នាក់ពីប្រជាពលរដ្ឋផងដែរ ជាពិសេសការចាប់ផាកពិន័យពួកគាត់រហូតមានការប្រទូស្តរាយគ្នា និងស្រែកតវ៉ាទៀតផង ។ ទោះជាយ៉ាងណាក៏ដោយ ក៏អ្នកដំណើរខ្លះ មិនបានចូលរួមអនុវត្តឲ្យបានត្រឹមត្រូវនៅឡើយទេ ដូចជាការបើកបរមិនគោរពភ្លើងក្រហម ការជែងមិនមើលគន្លងផ្លូវ និង បើកបរលើសជាតិអាកុល ជាដើម ៕

Facebook Comments
Loading...