រថភ្លើងមួយគ្រឿង បានធ្លាក់ផ្លូវនៅភាគខាងកើតប្រទេសអ៊ីរ៉ង់ បណ្តាលឲ្យអ្នកដំណើរចំនួន១០នាក់ បាត់បង់ជីវិត និង៥០នាក់ទៀតរងរបួស

0
504

បរទេស ៖ អ្នកដំណើរចំនួន១០នាក់ បាត់បង់ជីវិត និង៥០នាក់ទៀតរងរបួស បន្ទាប់ពីរថភ្លើងដឹកអ្នកដំណើរមួយគ្រឿង បានធ្លាក់ផ្លូវនៅភាគខាងកើតប្រទេសអ៊ីរ៉ង់ កាលពីព្រឹកថ្ងៃពុធទី០៨ខែមិថុនានេះ តែយ៉ាងណាបើតាមទូរទស្សន៍រដ្ឋអ៊ីរ៉ង់បានផ្សាយថា ចំនួនអ្នកស្លាប់និងរបួសអាចកើនឡើងទៀត ថ្វីបើព័ត៌មានលម្អិតដំបូងអំពីគ្រោះមហន្តរាយនេះ នៅតែមិនទាន់ដឹងច្បាស់ក៏ដោយ។

តាមសេចក្តីរាយការណ៍ទូរទស្សន៍រដ្ឋអ៊ីរ៉ង់បានឲ្យដឹងថា ទូរថភ្លើងចំនួនបួន​ក្នុង​ចំណោម​ប្រាំពីរ ​បានធ្លាក់ផ្លូវ ​ក្នុងពេល​ងងឹតនា​ព្រឹក​ព្រលឹម ​ក្បែរ​ទីក្រុង​វាលខ្សាច់ Tabas។ ក្រុមជួយសង្គ្រោះបានជិះរថយន្តសង្គ្រោះបន្ទាន់ និងឧទ្ធម្ភាគចក្រចំនួន ៣គ្រឿងទៅកាន់កន្លែងកើតហេតុនៅតំបន់ដាច់ស្រយាលមួយនេះ។

ហេតុការណ៍នៅលើផ្លូវដែកដែលតភ្ជាប់ទៅកណ្តាលទីក្រុង Yazd មួយនេះ ​កំពុង​ស្ថិត​ក្រោម​ការ​ស៊ើបអង្កេត។ គួរបញ្ជាក់ថា គ្រោះថ្នាក់​រថភ្លើង​មួយទៀត​កាលពី​ឆ្នាំ​២០១៦ បាន​សម្លាប់​មនុស្ស​រាប់សិប​នាក់ និង​របួស​ជាច្រើន​នាក់​។

គ្រោះមហន្តរាយរថភ្លើងអាក្រក់បំផុតរបស់ប្រទេសអ៊ីរ៉ង់ បានកើតឡើងក្នុងឆ្នាំ ២០០៤ នៅពេលរថភ្លើងដែលផ្ទុកដោយប្រេងសាំង ជី ស្ពាន់ធ័រ និងកប្បាស បានជួបគ្រោះថ្នាក់នៅជិតទីក្រុងប្រវត្តិសាស្ត្រ Neyshabur ដោយសម្លាប់មនុស្សប្រហែល ៣២០ នាក់ របួស ៤៦០ នាក់ និងបំផ្លាញភូមិចំនួន៥៕

Facebook Comments
Loading...