សង្កាត់សំរោងបន្តអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធនៅក្នុងមូលដ្ឋានរបស់ខ្លួនដើម្បីឆ្លើយតបនិងសេចក្តីត្រូវការចាំបាច់របស់ប្រជាពលរដ្ឋ

0
9032

ភ្នំពេញ ៖ ឆ្លើយតបទៅនឹងតម្រូវការរស់នៅ ក៏ដូចជាការធ្វើដំណើរប្រកបអាជីវកម្មរបស់បងប្អូនប្រជាពលរដ្ឋក្នុងមូលដ្ឋាន រដ្ឋបាលសង្កាត់សំរោងបានបន្តកិច្ចខិតខំប្រឹងប្រែងអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធនៅក្នុងមូលដ្ឋានគ្រប់គ្រងឱ្យបានគ្រប់ភូមិ។

បើតាម លោក យ៉ិន អ៊ីម ចៅសង្កាត់សំរោង បានប្រាប់ក្រុមអ្នកសារព័ត៌មាន នៅក្នុងពេលកំពុងកសាងផ្លូវបេតុងមួយកន្លែងក្នុងភូមិសំរោងកណ្តាល សង្កាត់សំរោង ខណ្ឌព្រែកព្នៅនាព្រឹកថ្ងៃទី ៦ខែមេសាឆ្នាំ ២០២២នេះថា នៅក្នុងសង្កាត់សំរោងទាំងមូល ការកសាងហេដ្ឋា រចនាសម្ព័ន្ធ មានផ្លូវនិងលូជាដើមនេះ ត្រូវបានអភិវឌ្ឍស្ទើរតែរួចរាល់ជាង៨០% ទៅហើយ ហើយក៏កំពុងបន្តអភិវឌ្ឍឲ្យបានកាន់តែឆាប់ថែមទៀត ដើម្បីឱ្យប្រជាពលរដ្ឋនៅក្នុងសង្កាត់សំរោងទាំងមូល មិនរងផលប៉ះពាល់ពីការលិចលង់ជំនន់ទឹកភ្លៀង ឬប្រជាពលរដ្ឋមិនមានផ្លូវល្អធ្វើដំណើរប្រកបអាជីវកម្មនោះទៀតទេ។

លោកចៅសង្កាត់បានបន្តទៀតថា ជាទូទៅការកសាងហេដ្ឋារចនាសម្ព័ន្ធក្នុងមូលដ្ឋានកើតឡើងគឺបានមកពីគម្រោងថវិកាមូលនិធិក្រុមប្រឹក្សាសង្កាត់មួយផ្នែក និងមួយផ្នែកទៀតបានមកពីការចូលរួមរបស់សប្បុរសជនជិតឆ្ងាយជាពិសេសអាជីវករ ប្រជាពលរដ្ឋដែលរស់នៅក្នុងមូលដ្ឋាននេះផ្ទាល់ បានចូលរួមយ៉ាងសស្រាក់សស្រាំជាមួយនឹងអាជ្ញាធរសង្កាត់ក៏ដូចជាក្រុមការងារចុះជួយសង្កាត់សំរោង រួមគ្នាអភិវឌ្ឍមូលដ្ឋានសង្កាត់សំរោងនេះបានយ៉ាងឆាប់រហ័សនឹងឆ្លើយតបទៅនឹងសេចក្តីត្រូវការចាំបាច់របស់ប្រជាពលរដ្ឋក្នុងការរស់នៅប្រកបអាជីវកម្មនិងការធ្វើដំណើរទៅមកបានយ៉ាងសុខស្រួល។

លោក យ៉ិន អ៊ីម បានបន្តថា នៅថ្ងៃនេះយើងចាប់ផ្ដើមកសាងផ្លូវបេតុងមួយខ្សែទៀតដែលមានទទឹង៨ម៉ែត្រនិងបណ្ដោយជាង១៣០ ម៉ែត្រ  ចំណាយថវិកាអស់ប្រមាណជា១ម៉ឺនដុល្លារអាមេរិក។ ក្រោយពីផ្លូវនេះកសាងរួចរាល់ហើយ យើងក៏គ្រោងបន្តធ្វើផ្លូវដាក់លូតភ្ជាប់ពីកំណាត់ផ្លូវនេះ ទៅផ្លូវផ្សេងៗជាបន្តបន្ទាប់ទៀត នៅក្នុងភូមិសំរោងកណ្តាលឲ្យបានខ្វាត់ខ្វែងដើម្បីបង្កលក្ខណៈងាយស្រួលដល់ការធ្វើដំណើរ ទៅសាលារៀន របស់ក្មួយៗសិស្សានុសិស្ស និងការប្រកបអាជីវកម្មរបស់បងប្អូនប្រជាពលរដ្ឋនៅក្នុងភូមិឋានទាំងនេះ។

គួរបញ្ជាក់ផងដែរថា ក្នុងពេលកំពុងកសាងផ្លូវបេតុងខាងលើនេះ ក៏មានការអញ្ជើញចូលរួមពីសំណាក់លោក ម៉ៅ បូរ៉ា ប្រធានក្រុមប្រឹក្សាខណ្ឌព្រែកព្នៅ និងលោក ស៊ូ ស៊ីវុត្ថា ប្រធានភូមិបាលខណ្ឌព្រែកព្នៅ និងជាអនុប្រធានក្រុមការងារចុះជួយសង្កាត់សំរោង។ ហើយលោកអនុប្រធានក្រុមការងារចុះជួយសង្កាត់សំរោងក៏បាននាំយកនូវថវិកានិងភេសជ្ជៈមួយចំនួនទៅប្រគល់ជូនមេភូមិ ដើម្បីជួយឧបត្ថម្ភដល់សកម្មភាពកសាងកំណាត់ផ្លូវបេតុងនេះផងដែរ៕

Facebook Comments
Loading...