ភ្នំពេញ ៖ ស្ត្រីៗដែលមកទិញម្ហូបនាំគ្នាជួយបង្កើតកូនបានដោយជោគជ័យ លើស្ត្រីម្នាក់ដែលមានសតិមិនល្អ ដែលបានដើរមកផ្សារខ្មែរ-ឥស្លាមព្រែកប្រា ហើយក៏ស្រាប់តែឈឺពោះសម្រាលកូន ក្រោយមកម្តាយ និងកូនខ្ចីដែលទើបសម្រាលត្រូវបានរថយន្តសង្រ្គោះដឹកយកទៅសង្រ្គោះនៅមន្ទីរពេទ្យ ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង១៣ រសៀលថ្ងៃទី៤ ខែមេសា ស្ថិតនៅផ្សារខ្មែរឥស្លាម បណ្តោយផ្លូវលេខ ៣៦៩ ភូមិព្រះពន្លា សង្កាត់ព្រែកប្រាខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។
តាមការបញ្ជាក់ពីសាក្សីគឺឃើញស្រ្តីរងគ្រោះក្នុងវ័យជាង ២០ឆ្នាំ បានត្អូញថា ឈឺពោះខ្លាំងណាស់ឲ្យជួយផងហើយគេបានដឹងថា ស្រ្តីរងគ្រោះជាមនុស្សមិនសូវគ្រប់ទឹកទើបដំបូងឡើយស្មានតែស្ត្រីខាងលើចេះតែស្រែក។ លុះប្រមាណជាកន្លះម៉ោងក្រោយស្រាប់តែធ្លាក់ឈាមហើយសម្រាលកូនចេញមក។
បើតាមការបញ្ជាក់ពីគ្រូពេទ្យដែលចេញរថយន្តទៅជួយសង្រ្គោះបានបញ្ជាក់ថា សុខភាពម្តាយនៅល្អប្រសើ។ ចំណែកទារកហាក់ដូចជានៅខ្សោយខ្លាំងណាស់។ ហើយមកដល់រសៀលថ្ងៃដដែលនេះស្រ្តីរងគ្រោះកំពុងសម្រាកនៅបន្ទប់សង្រ្គោះរបស់មន្ទីរពេទ្យបង្អែកខណ្ឌច្បារអំពៅមានទីតាំងជាប់សាលាខណ្ឌច្បារអំពៅរាជធានីភ្នំពេញដោយមានការយកចិត្តទុកដាក់ពីគ្រូពេទ្យខ្លាំងណាស់៕