រមណីយដ្ឋានលោកតា ឃ្លាំងមឿង ជាកន្លែងបូជាដ៍សាកសិទ្ធ ​និងបានទាក់ទាញ​អ្នកទេសចរ​ជាតិ និង​អន្តរជាតិ​ទៅ​កម្សាន្ត​រាល់ថ្ងៃផងដែរ

0
8081

ពោធិសាត់ ៖ រូបសំណាក់ និងរណ្តៅដែល​លោកតា ឃ្លាំងមឿង លោតចុះ ជាកន្លែង​បូជា​មួយ​ដ៏​ស​ក្ខ័​សិទ្ធ តាំងពីយូលង់រហូតមកដល់បច្ចុប្បន្ន​ ដែលនៅទីនោះ​បានក្លាយ​ជា​រមណីយដ្ឋាន​ដែលមាន​អ្នកទេសចរ​ជាតិ និង​អន្តរជាតិ​ទៅ​កម្សាន្ត​ជារៀងរាល់ថ្ងៃ ថែមទាំង​ប្រមូលបាន​ប្រាក់​កសាង​សមិទ្ធផល​ជា​បន្តបន្ទាប់​ទៀតផង។​

រមណីយដ្ឋាន​ឧកញ៉ា​ឃ្លាំ​មឿង ស្ថិតនៅ​ក្នុងភូមិ កំពែង​ស្វាយ ឃុំស្នាម​ព្រះ ស្រុក បាកាន មានចម្ងាយ​ប្រមាណជា៦គីឡូ​មែ​​ត្រ​ពី​ទី​រួម​ខេត្តពោធិ៍សាត់ គឺជា​រមណីយដ្ឋាន​មួយ​ ដែលមាន​ការទាក់ទាញ និង មានការ​ចូលចិត្ត គឺជា​កន្លែង​បូជា​មួយ​ដ៏​ស​ក្ខ័​សិទ្ធ ហើយ​ប្រជាជន​នៅក្នុង​ខេត្ត ពោធិសាត់ តែងតែមាន​ជំនឿ ទៅលើ​លោកតា ឃ្លាំងមឿង ហើយ​បាន​យក​ដ​ង្វា​យ​ទៅ​ថ្វាយ​ដើម្បី​សុំ​សេចក្ដីសុខ សេចក្ដីចម្រើន​ពី​លោកតា​ទៀតផង។

​បើតាមលោកខាន់ សុផាត អ្នកគ្រប់គ្រងនៅទីនោះបានលើឡើងថា ទី​ផ្នូរ​លោក​ឧកញ៉ា​ឃ្លាំងមឿង និង​ជំទាវ​ខាន់​ខៀវ ដែលជារណ្តៅ​លោក​ឧកញ៉ា​មឿង​បាន​លោត​នោះ ត្រូវបានបាន​រក្សា​ការពារ​ទុក​មកដល់​សព្វថ្ងៃ​ ដោយ​ធ្វើជា​អគារ​មួយ​មាន​ក្បាច់រចនា​យ៉ាងស្រស់ស្អាត​គ្របពីលើ ហើយ​នៅ​កៀនជញ្ជាំង​ពីក្រោយ​រណ្ដៅ ឬ​ផ្នូរ​នេះ គេ​បាន​សាង​រូបសំណាក​លោក​ឧកញ៉ា និង ​​ជំទាវ ​តម្កល់​ឱ្យ​ឈរ​ចង្អុល​បែរមុខ​ទៅរក​កន្លែង ​ដែល​គាត់​បាន​លោត​នោះ។

លោកបន្តថា បើតាមប្រវត្តិសាស្ត្រ​បាន​ឲ្យដឹងថា លោកតា​ឃ្លាំងមឿង​ជា​មេទ័ព​មួយរូប​ ដ៏​ល្បីល្បាញ​នៅក្នុង​សម័យ​លង្វែក អ្នកណា​ក៏​តែងតែ​ក្រែង​ញញើត​ពី​អនុភាព​របស់​លោកតា​ឃ្លាំងមឿង​ដែរ។ លោកតា​ឃ្លាំងមឿង​បានធ្វើ​សង្គ្រាម​នៅក្នុង​សមរភូមិ​មិនដែល​ទទួល​បរាជ័យ​សូម្បី​តែមួយ​លើក ធ្វើឱ្យ​ព្រះបាទ ច័ន្ទ​រាជា ទ្រង់​បាន​សព្វ​ព្រះរាជ​ហរ​ទ័យ​ត្រាសបង្គាប់​ឱ្យ​ឧកញ៉ា​ឃ្លាំងមឿង​ជា​មេទ័ព​សេនា​ដៃស្ដាំ​របស់​ព្រះអង្គ​រហូតមក។ នៅថ្ងៃមួយ​ព្រះបាទ​ច័ន្ទ​រាជ​ក៏បាន​ត្រាស់បង្គាប់ ឧកញ៉ា​ឃ្លាំងមឿងឱ្យ​ចេញទៅ​ធ្វើសង្គ្រាម​ការពារ​ខេត្ត​ដែល​នៅជាប់​ព្រំប្រទល់​សៀម ដោយសារតែ​ពួក​សៀម​វាយ​សម្រុកចូលមក​លឿន​ពេក ​ហើយ​ក៏បាន​ដណ្ដើមយក​ខេត្តបាត់ដំបង​បាន ហើយ​ពួក​សៀម​បម្រុងវាយយក​ខេត្តពោធិសាត់​មួយ​ខេត្ត​ទៀត ទើប​ធ្វើឱ្យ​ឧកញ៉ា​ឃ្លាំងមឿង​បោះជំរុំ​នៅក្នុង ខេត្តពោធិ៍សាត់។​​

ការវាយលុក ​និង ​ការឡោមព័ទ្ធ របស់​មេទ័ព​សៀម​អស់​រយៈពេល​ជា​យូរ​ខែ​យូរថ្ងៃ​ក៏​នៅតែ​មិនបាន​សម្រេច ធ្វើឱ្យ​ឧកញ៉ា​ឃ្លាំងមឿង​បាត់បង់​កងទ័ព​អស់​ជាច្រើន​នាក់ ការសុំ​កងទ័ព​ជំនួយ​ក៏​មិនទាន់​មកដល់ ហើយ​ឧកញ៉ា​ឃ្លាំងមឿង​ក៏បាន​សម្រេចចិត្ត​សរសេរ​សារលិខិត​ទៅ​ថ្វាយ​ព្រះបាទ​ច័ន្ទ​រាជា​ម្ដងទៀត ​ដោយមាន​អត្ថន័យ​ថា (​ប​ពិត​ព្រះអង្គម្ចាស់​ជីវិត​តម្ក​ល់​លើ​ត្បូង ទូលព្រះបង្គំ​សូម​ថ្វាយ​ជីវិត ដើម្បី​ទៅ​កេណ្ឌ​ទ័ព​ខ្មោច​មក​ធ្វើ​ចម្បាំង​ដណ្ដើមយក​ទឹកដី ​ដែល​បាន​បាត់បង​មកវិញ )។ ឧកញ៉ា​ឃ្លាំងមឿង​សរសេរ​សារ​ថ្វាយ​រួចហើយ ក៏បាន​បញ្ជា​កូនទាហាន​ទៅ​ជីករណ្ដៅ​ដែលមាន​ជម្រៅ​រហូតដល់៣ម៉ែត​ហើយ​នៅក្នុង​រណ្ដៅ​នោះ​ត្រូវ​ដាំ​សុទ្ធតែ​កាំបិត និងចម្រូង​ឬ​ស្សី​យ៉ាង​មុត​ស្រួច។ឧកញ៉ា​ឃ្លាំងមឿង​បាន​លោត​ចូលទៅក្នុង​រណ្ដៅ​ភ្លាម​មួយ​រំពេច ស្រាប់តែ​ពេលនោះ​មាន​ភរិយា​ព្រមទាំង​កូនប្រុស​របស់​គាត់​ក៏បាន​លោត​ចូលទៅ​ក្នុងនោះ​ផងដែរ ហើយ​ក៏មាន​មេទ័ព ជំនិត​២​នាក់​ក៏​ហ៊ាន​លះបង់​ជីវិត​ទៅតាម​បម្រើឧកញ៉ា​ឃ្លាំងមឿង។​ ​ឧកញ៉ា​ឃ្លាំងមឿង​បាន​លះបង់​ជីវិត​ទាំង​គ្រួសារ​ដើម្បី​ការពារ​ទឹកដី​ខ្មែរ។ លុះ៣ថ្ងៃ​ក្រោយមក​នាពេល​យប់​ខែភ្លឺ​មួយ ស្រាប់​តែមាន​សំឡេងពិ​ណ្យ​ពាទ្យ និង មាន​សំឡេងស្រែក​ហ៊ោកញ្ជ្រាវ​របស់​កងទ័ព​ខ្មោច​ ដែល​ឧកញ៉ា​ឃ្លាំងមឿង​បាន​ទៅ​កេណ្ឌ​ក៏បាន​មកដល់ ហើយ​ធ្វើឱ្យ​កងទ័ព​សៀម​ចុកពោះ រាករូស​គ្មាន​កម្លាំង ក្រោកឈរ​ទៅណា​ក៏​មិន​រួច លុះដល់​ពេលព្រឹក​ឡើងក​ង​ទ័ព​របស់​ឧកញ៉ា​ឃ្លាំងមឿង​ដែល​នៅរស់​ទាំងអស់​ ក៏បាន​ចូលទៅ​ចាប់ចង​កងទ័ព​សៀម​ទាំងអស់ ​ដែល​បាន​ឡោមព័ទ្ធ​កងទ័ព​ឧកញ៉ា​ឃ្លាំងមឿង។

ចាប់តាំងពី​ពេលនោះ​មក​ស្នាដៃ​របស់​ឧកញ៉ា​ឃ្លាំងមឿង​ ក៏បាន​ចារ​ទុក នៅក្នុង​សៀវភៅ​ប្រវត្តិសាស្ត្រ​រហូតមក​ដល់ពេល​បច្ចុប្បន្ន ហើយ​ក៏មាន​ប្រជាព​រដ្ឋ​ជាច្រើន​មក​គោរពបូជា​ចំពោះ​ឧកញ៉ា​ឃ្លាំងមឿង​មកដល់​សព្វថ្ងៃ៕

Facebook Comments
Loading...