មកដឹងពីកិច្ចសម្រុះសម្រួល រវាងបុរី VIP និង អតិថិជនដែលប្រតិកម្ម

0
536

ភ្នំពេញ ៖ យោងតាមកំណត់ហេតុប្រជុំ ក្រោយការសម្រុះសម្រួលរវាងបុរី VIP និង អតិថិជន ក្រោមការដឹកនាំរបស់លោកស្រីអភិបាលខណ្ឌដង្កោ គឺបុរីវីអាយភី និង អតិថិជន ដែលមានប្រតិកម្មជុំវិញការសាងសង់មានការយឺតយ៉ាវព្រោះបញ្ហាកូវីត១៩នោះ  បានបង្ហាញពីដំណោះស្រាយមួយជាវិជ្ជមានហើយ ដោយឈានដល់ការឯកភាព គ្នាភាគច្រើន ក្រោមវត្តមានអភិបាលខ័ណ្ឌដង្កោជាអ្នកដឹកនាំកិច្ចសម្រុះសម្រួល និង ជាសាក្សីផ្ទាល់។

លោក ស៊ុ ស៊ីដេត ប្រធានគ្រប់គ្រងបុរី VIP ជាតំណាងអោយ លោក ហម រ៉ន និង លោក វ៉ន វណ្ណៈ នាយកក្រុមហ៊ុនបុរីវីអាយភី បានលើកឡើងថា ដើម្បីបញ្ចប់នូវភាពចម្រូងចម្រាស់ គឺក្នុងឆ្នាំ២០២២នេះ ក្រុមហ៊ុននឹងសម្រេចអោយបាននូវផែនការហិរញ្ញវត្ថុ បញ្ចប់គម្រោងសាងសង់ផ្ទះទាំងអស់ ជូនដល់ប្រជាពលរដ្ឋ ដោយនឹងចេញប័ណ្ណកម្មសិទ្ធិជាផ្លូវការផង ជូនដល់ម្ចាស់ផ្ទះនីមួយៗទៅតាមលំដាប់។ ក្រុមហ៊ុន ប្រកាសថានឹងមិនធ្វើអោយមានការយឺតយ៉ាវក្នុងការប្រគល់ផ្ទះជូនដូចពេលកូវីតកំពុងផ្ទុះឡើងនោះឡើយ ក្រោយការឯកភាព។

លោកថា មកទល់ពេលនេះ ក្រុមហ៊ុនបានបញ្ចប់ការសាងសង់រួចរាល់លើសពី៨០ភាគរយរួចហើយ ហើយបញ្ហាដែលបានយឺតយ៉ាវ រហូតអ្នកខ្លះផ្ទុះការតវ៉ានោះ មិនមែនជាចេតនារបស់ក្រុមហ៊ុននោះទេ ប៉ុន្តែគឺបណ្ដាលមកពីបញ្ហាកូវីត១៩ ដែលបានរាំងស្ទះក្នុងគម្រោងសាងសង់តែម្ដង ព្រោះតែបញ្ហាកម្មករមិនហ៊ានមកធ្វើការ និង ដោយសារតែកត្តាសម្ភារះសំណង់ស្ទើរគ្រប់ផ្នែកដែលក្រុមហ៊ុនបានកុម្ម៉ង់ដើម្បីពន្លឿនដល់ការសាងសង់ ត្រូវបានរាំងស្ទះ ព្រោះតែច្រកដឹកជញ្ជូនមួយចំនួនត្រូវបានរាំងខ្ទប់។ លោកបានធ្វើការពន្យល់ថា បញ្ហាដែលក្រុមហ៊ុនបានជួបប្រទះ គឺដោយសារតែកូវីត១៩ផ្ទុះខ្លាំង ស្របពេលដែលមានអតិថិជនជាច្រើនមានការពន្យាពេលបង់លុយ និង ខ្លះស្នើសុំមិនបង់តែម្ដង ដែលតម្រូវអោយក្រុមហ៊ុនក៏ត្រូវមានការយោគយល់។ ក្នុងនោះ ការបង្រួមក្បាលដី បញ្ហាដូរប្រភេទក្បាលដីក្នុងកាបំបែកក្បាលដី ជូនដល់ពលរដ្ឋ ក៏ត្រូវប្រើពេលវេលាផងដែរ ទើបការងារកន្លងមក មានភាពយឺតយ៉ាវ ហើយបង្កអោយអតិថិជនខ្លះមានរឿងអន់ចិត្ត។ នៅចំពោះមុខ លោកស្រី គឹម ញឹក អភិបាលខ័ណ្ឌដង្កោ លោក ស៊ុ ស៊ីដេត បានបញ្ជាក់នៅក្នុងឯកសារថា គម្រោងផ្ទះទាំងអស់របស់ក្រុមហ៊ុនបុរីវីអាយភីនៅភ្នំពេញ នឹងមិនអោយយឺតយ៉ាវទៀតទេ ហើយក្រុមហ៊ុនត្រូវតែសម្រេចប្រគល់ផ្ទះជូនដល់អតិថិជនមិនអោយហួសពីចុងឆ្នាំ២០២២នេះឡើយ ដោយក្រុមហ៊ុនក៏នឹងធ្វើប័ណ្ណបំបែកក្បាលដីជាបន្តបន្ទាប់ ហើយអោយបានលឿនបំផុត ក្រោយការប្រគល់ផ្ទះជូន។ ក្រុមហ៊ុនបានដាក់កំហិតអោយក្រុមហ៊ុនសាងសង់ត្រូវតែបញ្ចប់ការសាងសង់ អោយបានទាំងស្រុង នៅចុងខែធ្នូ ក្នុងឆ្នាំ២០២២ ដើម្បីអោយមានទំនុកចិត្តដល់គ្រប់អតិថិជន ក្រោយការព្រមព្រម។ លោកថា ក្រុមហ៊ុនសូមទទូចអោយអតិថិជនមានការយោគយល់ ហើយប្រសិនបើមានចម្ងល់ ឬ មានបញ្ហា ចង់អោយក្រុមហ៊ុនធ្វើការដោះស្រាយ សូមទំនាក់ទៅកាន់ការិយាល័យបុរីវីអាភី ដែលស្ថិតនៅ ភូមិម៉ឺនត្រា សង្កាត់ស្ពានថ្ម ក្នុងខណ្ឌដង្កោ នៅត្រង់ច្រកចូលបុរីគ្រប់ម៉ោងធ្វើការ ជៀសជាងមិនបានជជែកគ្នា ហើយធ្វើការតវ៉ា។ នៅក្នុងលិខិតនោះ គេឃើញតំណាងអតិថិជនជាច្រើនបានទទួលយកដោយការពេញចិត្ត  ដែលយោងតាមលិខិតកំណត់ហេតុផ្លូវការរបស់លោក ស៊ុ ស៊ីដេត គឺអតិថិជនដែលទទួលយកដំណោះស្រាយ  សុទ្ធតែអបអរសាទរ និង សប្បាយចិត្ត ដែលចរន្តនៃការឯកភាពនេះ ក៏បង្ហាញអោយឃើញកាន់តែច្បាស់ពីជំហរដោះស្រាយរបស់បុរី ទៅកាន់អតិថិជន ដើម្បីបញ្ចប់នូវរាល់បាតុភាពផ្សេងៗ បើទោះជាមានការមិនពេញចិត្តពីម្ចាស់លំនៅដ្ឋានខ្លះ។  ក្រឡេកទៅមើលបុរីវីអាយភីឯណោះវិញ ក៏ឃើញមានសកម្មភាពសាងសង់ពីសំណាក់កម្មករយ៉ាងគគ្រឹកគគ្រេងខុសប្លែកពីពេលមុនផងដែរផង ដើម្បីអោយការសាងសង់រួចរាល់មុនកំណត់ ព្រោះបើតាមការរំពឹងទុករបស់លោក ស៊ុ ស៊ីដេត គឺគម្រោងទាំងមូល នឹងអាចប្រគល់ផ្ទះជូនដល់អតិថិជនមុនកំណត់ ប្រសិនបើគ្មានការប្រែប្រួល។ ផ្អែកតាមកិច្ចសម្របសម្រួលនេះ គេជឿជាក់ថា អតិថិជនពិតជាមើលឃើញពីបរិយាកាសដែលបានកើតឡើងនៅកម្ពុជា ហើយនឹងទទួលយកដំណោះស្រាយយ៉ាងពេញចិត្ត ស្របគ្នាដែលបុរីក៏បង្ហាញពីឆន្ទៈកាន់តែខ្លាំង ក្នុងការដោះស្រាយ៕

Facebook Comments
Loading...