គម្រោងវិនិយោគជាអាទិភាព ក្នុងមូលដ្ឋានខណ្ឌព្រែកព្នៅចំនួន៣១៩គម្រោងត្រូវបានមន្ទីរ អង្គភាព និងអង្គការដៃគូអភិវឌ្ឍគាំទ្រសម្រាប់អនុវត្តន៍ នៅឆ្នាំ២០២២

0
756

ភ្នំពេញ ៖ គម្រោងសកម្មភាពជាអាទិភាពនៅក្នុងខណ្ឌព្រែកព្នៅចំនួន៣១៩ គម្រោង ស្មើនឹង១០៥,៨៨% នៃគម្រោងស្នើសុំគាំទ្រ សម្រាប់អភិវឌ្ឍមូលដ្ឋានខណ្ឌ ឆ្នាំ២០២២ ត្រូវបានទទួលការគាំទ្រជាផ្លូវការពីមន្ទីរ អង្គភាព និងអង្គការដៃគូអភិវឌ្ឍនានាផ្នែ​ក​ឯកជននិងសប្បុរសជន ក្នុងសិក្ខាសាលាសមាហរណកម្មផែនការ កម្មវិធីវិនិយោគ៣ឆ្នាំរំកិលរបស់ខណ្ឌ សង្កាត់ នាព្រឹកថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២១នេះ នៅសាលាខណ្ឌព្រែកព្នៅ។

លោក សុខ សម្បត្តិ អភិបាល នៃគណៈអភិបាល ខណ្ឌព្រែកព្នៅបានមាន ប្រសាសន៍ថាគម្រោងអាទិភាពទាំង៣១៩ គម្រោងនេះ សម្រាប់កម្មវិធីវិនិយោគ៣ឆ្នាំរំកិល របស់ខណ្ឌ មាន៦៨ គម្រោង ដែលមានផ្នែកសេដ្ឋកិច្ច សង្គមកិច្ច ធនធាន ធម្មជាតិ បរិស្ថាន ផ្នែក រដ្ឋបាលនិងសន្ដិសុខ។ ដោយឡែកសម្រាប់គម្រោងអាទិភាពរបស់ សង្កាត់ ទាំង៥ សរុបមាន២៣៩ គម្រោង ដែលជាគម្រោងផ្នែកវិស័យកសិកម្ម វិស័យអាជីវកម្ម អប់រំ សុខភាព វិស័យ ភាពងាយរងគ្រោះ បរិស្ថាន រដ្ឋបាល និងសន្តិសុខ។ ក្រៅពីគម្រោងទាំងនេះ ក៏មានការគាំទ្រពីមន្ទីរ អង្គភាពចំនួន១២ គម្រោងផ្សេងទៀត សម្រាប់ខណ្ឌនិងសង្កាត់ដែលពុំបានស្នើឡើង។

លោក អភិបាលខណ្ឌ បានបញ្ជាក់ថា គម្រោងដែលទទួលបានការគាំទ្រនាពេល នេះគឺជា កម្មវិធី សកម្មភាព អាទិភាព ក្នុងការចូលរួមបំពេញនូវ តម្រូវការចាំបាច់របស់ប្រជាពលរដ្ឋក្នុងមូលដ្ឋាន ក៏ដូចជាការចូលរួមអនុវត្ត តាមយុទ្ធសាសន៍ចតុកោណ ដំណាក់ការទី៤របស់រាជរដ្ឋាភិបាល ក្នុងការកាត់បន្ថយភាពក្រីក្រជូនប្រជាពលរដ្ឋក្នុងមូលដ្ឋាន និងការអនុវត្តគោលនយោបាយវិមជ្ឈកា វិសហមជ្ឈកា និងការអភិវឌ្ឍ តាមបែប ប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិអោយកានតែប្រសើរឡើង។

ថ្លែងក្នុងឱកាសនោះ លោកស្រី កែវ សុខ ពិសី អភិបាលរងរាជធានីភ្នំពេញ បានណែនាំ ដល់បណ្ដាអង្គភាព មន្ទីរជំនាញ អង្គការសង្គមស៊ីវីល ជាដៃគូអភិវឌ្ឍដែលបានចុះកិច្ចព្រមព្រៀងបណ្ដោះអាសន្ន ក្នុងថ្ងៃនេះសូមបញ្ចូលគម្រោងដែលបានគាំទ្រគម្រោងអភិវឌ្ឍនានារបស់ខណ្ឌនិងសង្កាត់ទៅក្នុងផែនការសកម្មភាព របស់អង្គភាពនិមួយៗ និងត្រូវអនុវត្តន៍ផែន ការសកម្មភាពការងាររបស់ខ្លួន ឲ្យបានច្បាស់លាស់ និងតាមកិច្ចព្រមព្រៀង បណ្ដោះអាសន្ន ដែលបានចុះហត្ថលេខារួច។លោកស្រី បន្ដថា ការអនុវត្តគម្រោងដែលបានគាំទ្រ ត្រូវមានកិច្ចសហការ និង ពិភាក្សាបន្ថែមទៀត ជាមួយខណ្ឌនិង តាមបណ្ដាសង្កាត់ និងត្រូវខិតខំអនុវត្តន៍ឲ្យបានទាន់ពេលវេលាកំណត់ដើម្បីចូលរួមចំណែកក្នុងការអភិវឌ្ឍមូលដ្ឋាន។

លោកស្រី បានក្រើនរំលឹកដល់មន្ដ្រីថ្នាក់ មូលដ្ឋាន ពិសេសថ្នាក់សង្កាត់ ត្រូវតាមដានពីការអនុវត្តន៍គម្រោង នៅក្នុងមូលដ្ឋានរបស់ខ្លួន ឲ្យបានច្បាស់លាស់ ព្រោះ អ្នកនៅក្នុងមូលដ្ឋាននេះហើយ ជាអ្នកដែលទទួលនូវប្រយោជន៍ ពីគម្រោងនេះដោយផ្ទាល់ ប្រសិនបើ គម្រោងនេះមានផលវិបាកអ្វីកើតឡើងពីការអនុវត្តន៍ អាជ្ញាធរមូលដ្ឋាននេះហើយដែលត្រូវចេញមុខមកទទួលខុសត្រូវមុនគេ។

គួរបញ្ជាក់ថានៅក្នុងឆ្នាំ២០២១ កម្មវិធីវិនិយោគ៣ឆ្នាំរំកិល របស់ខណ្ឌព្រែកព្នៅ ទទួលបានការគាំទ្រ គម្រោងសកម្មភាពជាអាទិភាព សរុបចំនួន៧៨គំរោង ដោយអនុវត្តបាន៧៨គំរោងស្មើនឹង ១០០% ៕

Facebook Comments
Loading...