ជនសង្ស័យម្នាក់ពីមុនជាប់គុកដោយសារលួច ចេញមកវិញត្រូវបានសមត្ថកិច្ចចាប់វ៉ៃខ្នោះម្តងទៀតដោយសារជួញដូរគ្រឿងញៀន

0
477

កណ្ដាល ៖ ជនសង្ស័យម្នាក់ពីមុនជាប់គុកដោយសារលួច ចេញមកវិញត្រូវបានសមត្ថកិច្ចស្រុកកណ្ដាលស្ទឹង ចាប់វ៉ៃខ្នោះម្តងទៀតដោយសារជួញដូរគ្រឿងញៀន ដែលហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង១៥ និង១៨នាទី ថ្ងៃទី២ ខែវិច្ឆិកា ឆ្នាំ២០២១ នៅចំណុចភូមិដើមឫស ឃុំដើមឫស ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល។

សមត្ថកិច្ចបានឱ្យដឹងថា ជនសង្ស័យឈ្មោះ កន សុខលីន ភេទប្រុស អាយុ២៤ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅ ភូមិត្រពាំងស្លា ឃុំព្រះនិព្វាន ស្រុកគងពិសី ខេត្តកំពង់ស្ពឺ។ក្រោយឃាត់ខ្លួន កម្លាំងសមត្ថកិច្ចដកហូតបានវត្ថុតាងម្សៅក្រាមពណ៌សថ្លា សង្ស័យជាសារធាតុញៀន(ម៉ាទឹកកក) ចំនួន១៤កញ្ចប់មធ្យម,ទូរស័ព្ទដៃចំនួន១គ្រឿង ម៉ាក ViVO ពណ៌ខៀវ, កូនកាបូបដៃចំនួនមួយ។

សមត្ថកិច្ចបានបញ្ជាក់ទៀតថា នៅថ្ងៃ ខែ ឆ្នាំ ដដែលវេលាម៉ោងកើតហេតុខាងលើកម្លាំងផ្នែកជំនាញ និងកម្លាំងប៉ុស្តិ៍រដ្ឋបាលដើមឫសបានចេញល្បាតតាមភូមិសាស្ត្រងាយរងគ្រោះក៏បានជួបនឹងជនសង្ស័យកំពុងតែ ឈរនៅចិញ្ចើមផ្លូវ ហើយមានកូនកាបូបដៃចំនួន១ដាក់ក្នុងហោប៉ៅក្រោយខាងឆ្វេងនៅចំណុចខាងមុខផ្ទះជាងជួសជុលម៉ូតូ។ ដោយមានការសង្ស័យកម្លាំងយើងក៏បានជិះម៉ូតូទៅជិតដើម្បីសួរនាំ និងឆែកឆេរក៏រកឃើញថ្នាំញៀនចំនួន១៤កញ្ចប់ ដែលជនសង្ស័យបានលាក់ទុកក្នុងកាបូប។ សមត្ថកិច្ចយើងក៏បានធ្វើការឃាត់ខ្លួនជនសង្ស័យរួមនឹងវត្ថុតាងមកកាន់អធិការដ្ឋានស្រុកតែម្តង។

នៅចំពោះមុខសមត្ថកិច្ចជនសង្ស័យបានឆ្លើយសារភាពថា ថ្នាំញៀននេះពិតជារបស់ខ្លួនប្រាដកមែន ដោយខ្លួនបានទិញពីឈ្មោះ ភារម្យ ភេទប្រុស អាយុប្រហែល៤៣ឆ្នាំ នៅភូមិត្រពាំងស្លា ឃុំព្រះនិព្វាន ស្រុកគងពិសី ខេត្តកំពង់ស្ពឺ ក្នុងតម្លៃ៤៥០,០០០រៀល (សែសិបប្រាំម៉ឺនរៀល) ដើម្បីយកមកលក់បន្ត។ ខ្លួនបានជួញដូរថ្នាំញៀននេះបានរយៈពេល៣ខែហើយ ពីមុនខ្លួនធ្លាប់ជាប់ពន្ធនាគារម្តងរួចមកហើយ រយៈពេល៩ខែពីបទលួចម៉ាស៊ីនដេរ ប្រព្រឹត្តនៅភូមិត្រពាំងស្លា ឃុំព្រះនិព្វាន ស្រុកគងពិសី ខេត្តកំពង់ស្ពឺ។

បច្ចុប្បន្នជនសង្ស័យ រួមជាមួយវត្ថុតាង ត្រូវបានបញ្ជូនមកកាន់អធិការដ្ឋាននគរបាលស្រុក ដើម្បីសាកសួរបន្ត និងកសាងសំណុំរឿងចាត់ការតាមនីតិវិធី៕

Facebook Comments
Loading...