ការិយាល័យប្រជាពលរដ្ឋ និងច្រកចេញចូលតែមួយខណ្ឌព្រែកព្នៅបើកយុទ្ធនាការចុះផ្សព្វផ្សាយតម្លៃសេវាដល់ប្រជាពលរដ្ឋ

0
889

ភ្នំពេញ ៖ ការិយាល័យប្រជាពលរដ្ឋ និងការិយាល័យច្រកចេញចូលតែមួយខណ្ឌព្រែកព្នៅ បានចុះធ្វើយុទ្ធនាការ​ផ្សព្វ​ផ្សាយតាមរយះការចុះចែកខិតប័ណ្ណតារាងតម្លៃសេវាដោយផ្ទាល់នៅតាមមូលដ្ឋានតំបន់ទីប្រជុំជន និងទីផ្សារ ក្នុងសង្កាត់២គឺសង្កាត់ព្រែកព្នៅ និងសង្កាត់សំរោង នៃខណ្ឌព្រែកព្នៅ នូវយន្តការផ្តល់​សេវាតាម​រ​យៈការិយាល័យ​ច្រកចេញចូលតែមួយ ការដោះស្រាយបណ្តឹង និងការដាក់ពាក្យចូលការិយាល័យប្រជាពលរដ្ឋ កាលពីថ្ងៃទី០២ ខែវិច្ឆិកា ២០២១នេះ ដែលដឹកនាំដោយ លោ​ក​ប៉ែន វុទ្ធី ​ប្រធានការិយា​ល័យ​ប្រជាពលរដ្ឋខណ្ឌ​ព្រែក​ព្នៅ លោកឈាន សុវិទ្យា ប្រធានច្រកចេញចូលតែមួយ និងមន្ត្រីការិ​យា​ល័យច្រកជាច្រើន​នាក់​ទៀតផងដែរ។

ក្នុងយុទ្ធនាការចុះផ្សព្វផ្សាយតាមរយៈការចុះចែកខិតប័ណ្ណតារាងតម្លៃសេវា នាតំបន់ទី​ប្រ​ជុំជន និងទីផ្សារក្នុងខណ្ឌព្រែកព្នៅនេះ លោកឈាន សុវិទ្យា ប្រធានច្រកចេញចូលតែមួយ បានប្រាប់ប្រជាពលរដ្ឋថា សូមឲ្យបងប្អូនប្រជាពលរដ្ឋចង់ធ្វើអ្វីមួយ សូមមកទទួលសេវាកម្មរដ្ឋ​បាលច្រកចេញចូលតែមួយរបស់សាលាខណ្ឌព្រែកព្នៅ ដែលចែកចេញជា២ផ្នែក គឺផ្នែកជួរ​មុខមានភារកិច្ចទទួល ប្រគល់ឯកសារ និងផ្តល់ពត៍មាននានាពីសេវារដ្ឋបាល និងទទួលការ​បង់​​កម្រៃសេវា។ ផ្នែកក្រោយទទួលការងារជំនាញបច្ចេកទេសតាមវិស័យនី​មួយៗដែលក្រ​សួ​ង​​បានធ្វើប្រតិភូកម្ម។

លោកបន្តថា ការផ្តល់សេវាតាមការិយាល័យច្រកចេញចូលតែមួយ ធានានូវតម្លាភាព គណ​នេយ្យភាព ប្រសិទ្ធិភាព សមធម៍ និរន្តរភាព។ ហើយព័ត៍មានលម្អិតអំពីតំលៃសេវាកម្ម នឹង​មាន​ដាក់បង្ហាញជាសាធារណៈនៅនឹងជញ្ជាំងការិយាល័យច្រកចេញចូលតែមួយ និងក្នុង​ខិត​ប័ណ្ឌផ្សព្វផ្សាយនាពេលនេះ។

ចំណែកលោកប៉ែន វុទ្ធី ប្រធានការិយាល័យប្រជាពលរដ្ឋបានលើក​ឡើង​ផងដែរថា ប្រជាពលរដ្ឋអាចសម្តែងការមិនពេញចិត្ត ប្តឹងតវ៉ា ឫផ្តល់មតិយោបល់ ពាក់ព័ន្ធ​នឹង​ការផ្តល់សេវា នៅការិយាល័យច្រកចេញចូលតែមួយ ដោយផ្ទាល់មាត់ ឫតាមទួរស័ព្ទដែល​មាន​នៅក្នុងខិតប័ណ្ឌ ឫទៅដាក់ពាក្របណ្តឹងតាមប្រអប់សំបុត្រ នៅការិយាល័យ​ប្រជាពល​រដ្ឋនៅតាមសង្កាត់ និងនៅសាលាខណ្ឌព្រែកព្នៅផងដែរ បើមានមន្ត្រីច្រកណាមួយទាមទារ ឫឲ្យបង់លើសតម្លៃសេវា​ដែល​បានកំណត់នោះ។

លោកបន្តថា ការិយាល័យប្រជាពលរដ្ឋ គឺជាអង្គភាពធ្វើសកម្មភាពដោយអព្យាក្រិត មាន​ភារ​កិច្ចទទួលពាក្យបណ្តឹងតាវ៉ា និងសម្រុះសម្រួលដោះស្រាយនូវរាល់ពាក្យ​បណ្តឹងតវ៉ារបស់​ប្រជាពលរដ្ឋ ដែលទាក់ទងដល់ការសំរេចចិត្ត អាកប្បកិរិយា អំពីភាពមិនប្រក្រតី ឫកំហុស​ខុស​ឆ្គងរបស់មន្ត្រីរាជការ បុគ្គលិក ក្នុងដែនសមត្ថកិច្ចខណ្ឌដែលបានប្រ​តិបត្តិមិនត្រឹមត្រូវតាម​ទួនាទី ភារកិច្ច និងគោលការណ៍ច្បាប់ដែលបានកំណត់។ ពាក្យបណ្តឹងរបស់ប្រជាពល​រដ្ឋត្រូវ​បានធានា ដោះស្រាយការពារ និងផ្តល់ជូនដោយសមស្របប្រកបដោយតម្លាភាព សមភាព៕

Facebook Comments
Loading...