ភ្នំពេញ ៖ ហាងជនជាតិចិនមួយកន្លែងនៅក្រោយផ្សាររតនាផ្លាហ្សា ត្រូវភ្លើងឆាបឆេះទាំងស្រុង តែមិនរាលដាលដល់ផ្ទះអ្នកដទៃឡើយ ដែលហេតិការណ៍នេះកើតឡើងកាលពីរវេលាម៉ោង៥ និង២០នាទីល្ងាច ថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២១ ស្ថិតក្នុងភូមិចុងថ្នល់ខាងកើត សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ។
តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថាមុនពេលកើតហេតុ ខណៈដែលម្ចាស់ទីតាំងខាងលើកំពុងតែនៅខាងក្រោមក៏ស្រាប់តែមានផ្សែងហុយចេញពីជាន់ខាងលើបង្កជាផ្សែងខ្មៅ ភ្លាមៗនោះប្រជាពលរដ្ឋបានទំនាក់ទំនងទៅសមត្ថកិច្ចមូលដ្ឋានដើម្បីជួយអន្តរាគមន៍ ក្រោយមកសមត្ថកិច្ចមូលដ្ឋានបានទំនាក់ទំនងទៅសមត្ថកិច្ចជំនាញបង្ការ និងពន្លត់អគ្គិភ័យនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញដើម្បីជួយអន្តរាគមន៍ ដោយបានបញ្ចេញរថយន្តពន្លត់អគ្គីភ័យចំនួន៥គ្រឿង និងប្រើប្រាស់ទឹកអស់ចំនួន៣ឡាន ទើបអគ្គីភ័យខាងលើបានរលត់ទៅវិញនៅវេលាម៉ោង៦ និង០០នាទីល្ងាច ថ្ងៃខែឆ្នាំដដែល។
ក្នុងករណីអគ្គីភ័យខាងលើនេះ បណ្តាលឲ្យឆេះបន្ទប់គេងជាន់ទី២ អស់ទាំងស្រុង និងសម្ភារៈប្រើប្រាស់មួយចំនួន និងពុំបណ្ដាលឲ្យឆេះរាលដាលដល់ផ្ទះអ្នកជិតខាងនៅឡើយ៕