ជនសង្ស័យមានចិត្តជាតិរច្ឆានម្នាក់ត្រូវសមត្ថកិច្ចឃាត់ខ្លួនក្រោយពីផឹកស្រាស្រវឹងគំរាមសម្លាប់ម្ដាយឪពុកខ្លួនឯង

0
71

កណ្ដាល ៖ ជនសង្ស័យមានចិត្តជាតិរច្ឆាន និងជាមុខសញ្ញាប្រើប្រាស់គ្រឿងញៀនម្នាក់ ក្រោយពីដើរផឹកស៊ីស្រវឹងមកដល់ផ្ទះក៏បែកគំនិតរករឿងបំផ្លិចបំផ្លាញទ្រព្យសម្បត្តិក្នុងផ្ទះ និងគំរាមកំហែងថានឹងសម្លាប់ឪពុកម្ដាយខ្លួនឯងចោល ជាហេតុធ្វើឲ្យម្ដាយឪពុកភ័យក៏រត់ទៅប្តឹងសមត្ថកិច្ចឱ្យឃាត់ខ្លួន ដែលករណីនេះបានកើតឡើងកាលពីថ្ងៃទី០៧ ខែកញ្ញា ឆ្នាំ២០២១ វេលាម៉ោង១៣ និង១០នាទី ស្ថិតក្នុងភូមិព្រែកពោធិ៍ ឃុំទឹកវិល ស្រុកស្អាង ខេត្តកណ្ដាល ។

មន្ត្រីនគរបាលស្រុកស្អាងបានឱ្យដឹងថា ជនរងគ្រោះ២នាក់ប្តីប្រពន្ធ ទី១.ឈ្មោះ ប៉ោក ឃន ភេទប្រុស អាយុ៥៧ឆ្នាំ ជនជាតិខ្មែរ មុខរបរកសិករ (ត្រូវជាឪពុកចុងជនសង្ស័យ) និងទី២ឈ្មោះ ស្រី នាង ភេទស្រី អាយុ៤៧ឆ្នាំ ជនជាតិខ្មែរ មុខរបរកសិករ (ត្រូវជាម្ដាយបង្កើតជនសង្ស័យ) ទាំងពីរនាក់ត្រូវជាប្ដីប្រពន្ធមានទីលំនៅភូមិព្រែកពោធិ៍ ឃុំទឹកវិល ស្រុកស្អាង ខេត្តកណ្ដាល។ ចំណែកជនសង្ស័យដែលសមត្ថកិច្ចឃាត់ខ្លួនឈ្មោះ សន ភិរម្យ ហៅ កង្កែប ភេទប្រុស អាយុ៣២ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ មានទីលំនៅភូមិព្រែកពោធិ៍ ឃុំទឹកវិល ស្រុកស្អាង ខេត្តកណ្ដាល (ត្រូវជាកូន) (មានផ្ទុកនូវសារធាតុញៀន)។ ដោយឡែកវត្ថុតាងចាប់យក: ១ដែកគាស់ចំនួន ០១ដើមធ្វើអំពីដែកមានប្រវែងសរុប៩៧ ស.ម, ២-ដាវ១ដើម ធ្វើអំពីដែកប្រវែងសរុប៦៨ស.ម និងសម្ភារខូចខាតមាន ជញ្ចាំងផ្ទះធ្វើអំពីស័ង្កសីជាច្រើនសន្លឹក, អណ្តូងបូមទឹក ចំនួន០១ផងដែរ។

ប្រភពដដែលបានឲ្យដឹងទៀតថា កន្លងមកជនសង្ស័យជាកូនឱ្យតែប្រើប្រាស់គ្រឿងញៀនរួច ឬក៏ផឹកស្រាស្រវឹងតែងតែរករឿងជេរប្រមាថទៅកាន់ជនរងគ្រោះ និងសមាជិកក្នុងគ្រួសារផ្សេងទៀតជាញឹកញាប់ ហើយថែមទាំងប្រើដាវយកទៅគំរាមកំហែងចង់កាប់សម្លាប់ជនរងគ្រោះទាំងពីរនាក់ថែមទៀតផង។ លុះនៅថ្ងៃខែកើតហេតុខាងលើ ជនសង្ស័យបានត្រលប់មកដល់ផ្ទះវិញក្នុងស្ថានភាពស្រវឹងក៏បានមករករឿងម្តាយរួចក៏អុកឡុកគ្រួសារដោយជេរប្រមាថ និងស្រែកគំរាមកំហែងជនរងគ្រោះជាម្ដាយរបស់ខ្លួន បណ្ដាលឱ្យជនរងគ្រោះមានការភិតភ័យជាខ្លាំង។ បន្ទាប់មកជនសង្ស័យបានយកដែកគាស់ទៅវ៉ៃជញ្ជាំងផ្ទះបណ្ដាលឱ្យធ្លុះធ្លាយជាច្រើនសន្លឹក និងបានវ៉ៃបំផ្លិចបំផ្លាញអណ្តូងបូមទឹកមួយទៀត ខណៈនោះជនរងគ្រោះបានរត់គេចពីកន្លែងកើតហេតុ ហើយបានមករាយការណ៍ប្រាប់សមត្ថកិច្ចប៉ុស្តិ៍នគរបាលទឹកវិលឱ្យជួយធ្វើអន្តរាគមន៍។

ក្រោយពេលទទួលបានព័ត៌មានខាងលើភ្លាម កម្លាំងសមត្ថកិច្ចនគរបាលប៉ុស្តិ៍ទឹកវិល បានចុះទៅដល់កន្លែងកើតហេតុ និងបានឃាត់ខ្លួនជនសង្ស័យរួមទាំងវត្ថុតាង បញ្ជូនមកអធិការដ្ឋាននគរបាលស្រុកស្អាង ដើម្បីកសាងសំណុំរឿងចាត់ការតាមនីតិវិធី៕

Facebook Comments
Loading...