បែកធ្លាយរឿងអាស្រូវលោក ផ្កាយបី មួយរូបលក់ដីខ្យល់ឲ្យអ្នកវិនិយោគជនជាតិចិន បានប្រាក់ជាង៦០ម៉ឺនដុល្លារ គ្មានដីមួយចម្រាមឲ្យគេ ពេលនេះជនរងគ្រោះប្តឹងទៅរដ្ឋមន្ត្រីក្រសួងយុត្តិធម៌ ជួយរកយុត្តិធម៌

0
565

ភ្នំពេញ ៖ លោកឧត្តមសេនីយ៍ឯក ស៊ុន ហួរ ចប្ចុប្បន្នជា «ទីប្រឹក្សាក្រសួងមហាផ្ទៃ បានរងនូវការចោទប្រកាន់ពី អ្នកវិនិយោគជនជាតិចិនម្នាក់ ថាបានឆបោក ប្រាក់ អ្នកវិនិយោគ ចិន យក ជាង៦០ម៉ឺនដុល្លារ រឿងលក់ដីខ្យល់មួយ កន្លែងនៅ ខេត្តព្រះសីហនុ រយះពេលជិត៤ឆ្នាំហើយ គ្មានដីសូម្បីមួយចម្អាម ឲ្យម្ចាស់លុយ ហើយព្យាយាមគេចវេសមិនដោះស្រាយ ។ពេលនេះជនរងគ្រោះប្តឹងទៅរដ្ឋមន្ត្រីក្រសួងយុត្តិធម៌ ជួយរកយុត្តិធម៌ បន្ទាប់ពី ជនរងគ្រោះ ប្តឹងទៅស្ថាបន័តុលាការ .តុលាការ តម្កល់មិនចាត់ការ ។
នេះបើយោងតាមការលើក ឡើង របស់ លោកជី កានយូ នាយកក្រុមហ៊ុនធីដាប់បេលយូ លី ស៊ីន ថេកណឡជី(TW LI XIN TECHNOLOGY CO, LTD) នៅក្នុងសន្និសិទ្ធកាសែត កាលពី រសៀលថ្ងៃទី៣ សីហា ។នៅក្នុង សន្និសីទកាសែត នោះ លោក កានយូ បានរៀបរាប់ពីរឿង លោកធំខ្មែរមួយរូបបានលក់ដី (ដីខ្យល់ឱ្យរូបលោក) ហើយបានទទួលលុយកក់ ២០% ស្មើនឹង៦៦ម៉ឺនដុល្លារ អស់រយៈពេល៤ឆ្នាំហើយ មិនឃើញប្រគល់ដីមកឱ្យលោក លុយក៏មិនសង ហើយលោកបានប្តឹងទៅសាលាដំបូងរាជធានីភ្នំពេញ ត្រូវបានតុលាការសម្រេចតម្កល់រឿងទុកមិនចាត់ការ ហើយនៅពេលនេះតាមរយៈមេធាវី គាត់បានប្តឹងទៅឯកឧត្តមរដ្ឋមន្ត្រីក្រសួងយុត្តិធម៌ដើម្បីជួយរកយុត្តិធម៌។
លោកជី កានយូ នាយកក្រុមហ៊ុនធីដាប់បេលយូ លី ស៊ីន ថេកណឡជី មានអាសយដ្ឋាននៅភូមិ៣ សង្កាត់លេខ៣ ក្រុង-ខេត្តព្រះសីហនុ បាននិយាយថា លោកបានមកប្រទេសកម្ពុជាកាលពីឆ្នាំ២០១៧ ដើម្បីមកវិនិយោគនៅទីនេះ ហើយក៏បានជួបលោកផល, លោកផល បានណែនាំឱ្យជួបលោកឧត្តមសេនីយ៍ឯក ស៊ុន ហួរ ធ្វើការនៅក្រសួងមហាផ្ទៃ។ បន្ទាប់មកលោក ស៊ុន ហួរ បាននាំរូបលោកទៅក្រុងព្រះសីហនុ ហើយប្រាប់ថា «គាត់មានដីជាងមួយហិកតា រួចបង្ហាញប្លង់ថា គាត់ចង់លក់តម្លៃ៣លាន៣សែនដុល្លារ»។ លោកក៏បានសម្រេចចិត្តទិញដោយបានកក់លុយលើកទីមួយចំនួន១០%ស្មើនឹង៣៣ម៉ឺនដុល្លារ។
លោកជី កានយូ និយាយបន្តថា បន្ទាប់មកលោកក៏បានរកមេធាវី ដោយមានលោក មៀច សំអ៊ាន់ ជាមេធាវីតំណាងដោយអាណត្តិ ដើម្បីធ្វើកិច្ចសន្យាទិញដីនោះ។ ក្រោយពេលលោកមេធាវី ចុះសាកសួររួចក៏បានបញ្ជាក់ប្រាប់លោកវិញថា «ដីនេះមិនអាចទិញបានទេ ព្រោះដីនោះមិនមែនជាដីរបស់លោក ស៊ុន ហួរទេ ម្ចាស់ដីឈ្មោះផ្សេង»។ ពេលនោះលោកមានចិត្តភ័យខ្លាច ថារូបលោកត្រូវបានគេបោកប្រាស ហើយលោកក៏បានទៅជួបលោក ស៊ុន ហួរ រួចប្រាប់ថា «ខ្ញុំឈប់ទិញដីនោះហើយ»។ តែលោកស៊ុន ហួរប្រាប់ថា «គាត់អត់មានលុយទេ ព្រោះយកលុយទៅដោះស្រាយដីនោះអស់ហើយ ក្នុងរយៈពេលមួយឆ្នាំគាត់នឹងដោះស្រាយយកដីនោះបាន សូមកុំបារម្ភទៀត!»។

លោក ជី កានយូ និយាយបន្តថា ដោយលោកគិតថា មិនអាចយកលុយនោះបាន លោកក៏សម្រេចចិត្តជឿលើគាត់ម្តងទៀត ព្រោះគាត់ពាក់ផ្កាយ៣នៅក្រសួងមហាផ្ទៃ ហើយក៏បានកក់លុយថែម១០%ទៀតសរុប២០%ស្មើនឹង៦៦ម៉ឺនដុល្លារ ដោយគាត់បានសន្យាថា «នឹងយកដីនេះមកឱ្យគាត់ កាត់ប្លង់ដាក់ឈ្មោះលោកតែម្តង»។ ប៉ុន្តែរហូតមកដល់ពេលនេះលោក ស៊ុន ហួរ នៅតែមិនអាចយកដីនេះមកឱ្យរូបលោកបាន ហើយលោកក៏បានឱ្យមេធាវីប្តឹងទៅតុលាការចោទពីបទ «ឆបោក»។ តែពេលនេះតុលាការបានជូនដំណឹងនាថ្ងៃទី២ សីហា ឆ្នាំ២០២១ មកថា «តុលាការសម្រេចតម្កល់រឿងទុកមិនចាត់ការ» ដែលធ្វើឱ្យលោកបាត់បង់លុយយ៉ាងច្រើន។
លោកនាយកក្រុមហ៊ុន បានបន្តថា នៅពេលចុងក្រោយនេះ រូបលោកឮថា ឯកឧត្តមកើត រិទ្ធ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌កម្ពុជា ដែលស្រឡាញ់សច្ចធម៌ អាចនឹងរកយុត្តិធម៌ជូនលោកបាន ហើយលោកបានឱ្យមេធាវី រៀបចំបែបបទដើម្បីដាក់ពាក្យបណ្តឹងទៅជូនឯកឧត្តមរដ្ឋមន្ត្រីមេត្តាជួយរកយុត្តិធម៌រួចហើយ។ លោកសង្ឃឹមថា ឯកឧត្តមរដ្ឋមន្ត្រីនឹងជួយរូបលោក ដែលជាអ្នកវិនិយោគមកពីបរទេស រួមចំណែកជួយសេដ្ឋកិច្ចកម្ពុជា។

នាល្ងាចថ្ងៃដដែលនេះ គេហទំព័រ (ដំណឹងពលរដ្ឋ) បានព្យាយាមសុំការបំភ្លឺពីលោកឧត្តមសេនីយ៍ឯក ស៊ុន ហួរ ធ្វើការនៅក្រសួងមហាផ្ទៃ ជុំវិញកាលើកឡើងរបស់ លោកជី កានយូ លោកនាយកក្រុមហ៊ុនធីដាប់បេលយូ លី ស៊ីន ថេកណឡជី រឿងទិញ-លក់ដីធ្លីខាងលើនេះ ប៉ុន្តែមិនអាចទំនាក់ទំនងបានឡើយ។គេហទំព័រ រងចាំការ ការបកស្រាយជានិច្ច។
យោងតាមកិច្ចសន្យាទិញ-លក់ដី បានបញ្ជាក់ថា លោកឧត្តមសេនីយ៍ឯក ស៊ុន ហួរ កើតនៅឆ្នាំ១៩៦៩ មានទីលំនៅផ្ទះលេខ៤២៥អឺ០ ផ្លូវលេខ១៩៨ ក្រុម១៧ ភូមិ៤ សង្កាត់បឹងព្រលឹត ខណ្ឌ៧មករា រាជធានីភ្នំពេញ ដែលមានលោកមេធាវី មៀច សំអ៊ាន់ ចុះហត្ថលេខាបញ្ជាក់លើកិច្ចសន្យាចុះថ្ងៃទី៧ ខែមករា ឆ្នាំ២០១៨ទៀតផង។
សូមបញ្ជាក់ថា បើយោងតាមឯកសារដែលបានចែកចាយនៅក្នុងសន្និសីទកាសែត បានបញ្ជាក់ថា លោកឧត្តមសេនីយ៍ឯក ស៊ុន ហួរ ត្រូវបានព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ចេញព្រះរាជក្រឹត្យ លេខ នស/រកត/០៥២០/៥៥៦ ចុះថ្ងៃទី២៩ ឧសភា ឆ្នាំ២០២០ បានបញ្ចប់ និង តែងតាំង ផ្តល់ឋានៈលោកឧត្តមសេនីយ៍ឯក ស៊ុន ហួរ អត្តលេខ ៧៨១១១ ពីអនុប្រធានក្រុមប្រឹក្សានីតិកម្មក្រសួងមហាផ្ទៃ មកជា «ទីប្រឹក្សាក្រសួងមហាផ្ទៃមានឋានៈស្មើ អគ្គនាយក»។

Facebook Comments
Loading...