រថយន្តកុងតឺន័រ១គ្រឿង បុករះម៉ូតូ១គ្រឿង និងរថយន្ត២គ្រឿងលើផ្លូវជាតិលេខ៤ សំណាងមិនមានគ្រោះថ្នាក់ដល់ជីវិត

0
538

ព្រះសីហនុ ៖ រថយន្តកុងតឺន័រ១គ្រឿង បុករះម៉ូតូ១គ្រឿង និងរថយន្ត២គ្រឿងរងការខូចខាតយ៉ាងដំណំ លើផ្លូវជាតិលេខ៤ សំណាងមិនមានគ្រោះថ្នាក់ដល់ជីវិត ដែលករណីគ្រោះថ្នាក់ចរាចរណ៍ បានកើតឡើងកាលពីវេលាម៉ោង៥ និង៣៥នាទីល្ងាច ថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០២១នេះ ស្ថិតនៅលើដងផ្លូវជាតិលេខ៤ ចន្លោះគីឡូម៉ែត្រលេខ១៨៦ និង១៨៦ ស្ថិតនៅក្នុងភូមិត្រពាំងស្អុយ២ ឃុំអណ្តូងថ្ម ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។

ប្រភពពីមន្រ្តីកងរាជអាវុធហត្ថខេត្ត បានឲ្យដឹងថាករណីគ្រោះថ្នាក់ចរាចរណ៍នេះ បង្កឡើងដោយសាររថយន្តកុងតឺន័រមួយគ្រឿង ម៉ាកpeterliet ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 3D-1286 អ្នកបើកបរ (ក្រោយកើតហេតុ គេចខ្លួនបាត់) ធ្វើដំណើរក្នុងទិសដៅខេត្តព្រះសីហនុ ឆ្ពោះទៅរាជធានីភ្នំពេញ លុះមកដល់ចំណុចកើតហេតុខាងលើ បានបុកនឹងម៉ូតូមួយគ្រឿង ម៉ាកZomer ពណ៌ក្រហមលាយខ្មៅ ពាក់ស្លាកលេខ ព្រះសីហនុ 1E-5824 អ្នកបើកបរ (មិនទាន់ស្គាល់អត្តសញ្ញាណ) ដែលមានទិសដៅស្របគ្នា និងបានរេចង្កូតទៅបុករថយន្តមួយគ្រឿងទៀត ម៉ាកNissan navira ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ2AU-2961 អ្នកបើកបរឈ្មោះ សុង ពិសី ភេទប្រុសអាយុ៤៩ឆ្នាំ ទីលំនៅភូមិ១ សង្កាត់២ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។

ប្រភពដដែលបានបញ្ជាក់ថា ចំពោះករណីខាងលើនេះ មិនបណ្ដាលឱ្យមានមនុស្សរងរបួសនោះទេ។ បច្ចុប្បន្នបង្ក និងរថយន្តរងគ្រោះទាំង០២គ្រឿង និងម៉ូតូមួយគ្រឿងត្រូវរថយន្តស្ទូច និងយកទៅរក្សាទុកនៅអធិការរដ្ឋាននគរបាលស្រុកព្រៃនប់ ដើម្បីដោះស្រាយគ្នាតាមក្រោយ៕

Facebook Comments
Loading...