លោកសុខ សម្បត្តិ ដឹកនាំកម្លាំងគណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌព្រែកព្នៅ ដាក់គោលដៅត្រួតពិនិត្យវិធានការរដ្ឋបាល និងល្បាតនៅក្នុងភូមិសាស្ត្រខណ្ឌ

0
701

ភ្នំពេញ ៖ ដោយអនុវត្តតាមសេចក្ដីសម្រេចលេខ ២៤៩/២១ សសរ របស់រដ្ឋបាលរាជធានីភ្នំពេញចុះថ្ងៃទី២៩ ខែ កក្កដាឆ្នាំ ២០២១ លោកសុខ សម្បត្តិ អភិបាលនៃគណអភិបាលខណ្ឌ បានដឹកនាំកម្លាំងគណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌព្រែកព្នៅ ដាក់គោលដៅត្រួតពិនិត្យវិធានការរដ្ឋបាល និងល្បាតនៅក្នុងភូមិសាស្ត្រខណ្ឌព្រែកព្នៅ នាយប់ថ្ងៃអាទិត្យទី០១ ខែសីហា ឆ្នាំ២០២១។

លោកសុខ សម្បត្តិ បានលើកឡើងថា ក្នុងអំឡុងពេលដាក់ចេញអនុវត្តវិធានការរដ្ឋបាល បម្រាមគោចរ១៤ថ្ងៃ ដោយផ្អាកជាបណ្ដោះ អាសន្ននូវរាល់ការធ្វើចរាចរណ៍ និងរាល់សកម្មភាព ការងារ មុខរបរ ឬអាជីវកម្ម នៅចន្លោះម៉ោង២១ និង០០នាទីយប់រហូត ដល់ម៉ោង៣ និង០០តាបភ្លឺដើម្បីប្រយុទ្ធនិងទប់ស្កាត់ការឆ្លងរាលដាល នៃជំងឺកូវីដ-១៩។

លោកអភិបាលខណ្ឌព្រែកព្នៅ បានបញ្ជាថាអាជ្ញាធរមានសមត្ថកិច្ចដូចជា កម្លាំងនគរបាល កម្លាំងកងរាជអាវុធហត្ថ និងអ្នកពាក់ព័ន្ធទាំងអស់ចំណុះរដ្ឋបាលខណ្ឌព្រែកព្នៅដែលចុះអនុវត្តនូវបម្រាមគោចររបស់រាជរដ្ឋាភិបាលនេះ ត្រូវអនុវត្តឲ្យបានម៉ឺងម៉ាត់និងមិនមានការលើកលែងចំពោះបុគ្គលបំពានបម្រាមគោចរនេះឡើយ។ បើមានបុគ្គលណាធ្វើសកម្មភាពតបតឬមានអាការស្រវឹងច្រងេងច្រងាងជាមួយសមត្ថកិច្ចមិនចូលរួមដោយប្រការណាមួយនោះ ត្រូវឃាត់ខ្លួនឬនាំខ្លួនទៅកាន់អធិការដ្ឋាននគរបាលខណ្ឌ ដើម្បីធ្វើការអប់រំណែនាំ ឬពិន័យទៅតាមនីតិវិធី ហើយបើល្មើសធ្ងន់ធ្ងរអាចបញ្ជូនទៅកាន់សាលាដំបូងរាជធានីភ្នំពេញចាត់ការបន្តទៀត៕

Facebook Comments
Loading...