លោក សុខ សម្បត្តិ ចុះពិនិត្យការជួស​ជុលចាក់បេតុងពង្រីកផ្លូវលេខ​១៥១ ដែលមានប្រវែងប្រមាណ២ពាន់ម៉ែត្រ​

0
823

ភ្នំពេញ ៖ កាលពីព្រឹកថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២១ លោកសុខ សម្បត្តិ អភិបាលនៃគណៈ​អភិបាលខណ្ឌព្រែកព្នៅ បានដឹកនាំមន្ត្រី​របស់​សា​លាខណ្ឌព្រែកព្នៅ ចុះពិនិត្យការជួស​ជុលចាក់បេតុងពង្រីកផ្លូវលេខ​១៥១ ចាប់ពីក្លោងទ្វារវត្តប្រាសាទ ដែលមានប្រវែងប្រមាណ២ពាន់ម៉ែត្រ​ ទទឹង១២ម៉ែត្រ ជាថវិការរបស់សាលារាជធានីភ្នំពេញ។​

ក្នុងឱកាសនោះ លោកសុខ សម្បត្តិ បានផ្តាំផ្ញើ​ទៅដល់កងកម្លាំង​មានសមត្ថកិច្ច​គ្រប់​ជាន់​ថ្នាក់ត្រូវជួយសម្រួលចរាចរណ៍ ក្នុងពេលជួសជុលផ្លូវនេះដើម្បីកុំឲ្យ​មានការកកស្ទះដល់​អ្នកធ្វើ​ដំណើរឆ្លងកាត់ទៅមក ព្រោះផ្លូវលេខ១៥១​នេះ​មាន​សារៈសំខាន់ណាស់ ដោយសារប្រជាពលរដ្ឋដែលរស់នៅតាមតំបន់​មួយចំនួនក្នុងខណ្ឌ​ព្រែក​ព្នៅ​ ក៍ដូចជាមកពីបណ្តាខណ្ឌដទៃទៀតក្នុងរាជធានីភ្នំពេញ និងខេត្តកណ្តាលតែងតែឆ្លង​កាត់ដឹកកសិផល​ទៅ​មកតាមផ្លូវនេះរៀងរាល់ថ្ងៃ។ ម៉្យាងវិញទៀតផ្លូវលេខ១៥១នេះតែងតែមានក្រុមអ្នកទេសចរណ​បរ​ទេស ភ្ញៀវជាតិនិងអន្តរជាតិឆ្លងកាត់ទៅលេងនៅរមណីយដ្ឋាននានា មានភ្នំរាប និងរមណី​ដ្ឋាន​ភ្នំប្រសិទ្ធិផងដែរ។​

លោក បន្តថា ជួសមុខអោយប្រជាពលរដ្ឋនៅ​ក្នុងខណ្ឌព្រែកព្នៅ​ទាំងមូល លោកសូមថ្លែងនូវអំណរអរគុណយ៉ាងជ្រាលជ្រៅ ចំពោះលោកឃួង ស្រេង អភិបាលនៃគណអភិបាលរាជធានីភ្នំពេញ និងជាប្រធាន​ក្រុម​ការងារចុះជួយខណ្ឌព្រែកព្នៅ ដែលបានចំណាយថវិកា​ក្នុងការជួយជួសជុលផ្លូវលេខ១៥១ ហើយការជួសជុលនេះគឺធ្វើតាមដំណាក់កាល ក្នុងនោះដំណាក់កាលទី១នេះមានប្រវែង២០០០ម៉ែត្រ និងដំណាក់ជាបន្តបន្ទាប់ទៀតរហូតជួស​ជុលចាក់បេតុងពង្រីកផ្លូវលេខ​១៥១ អោយហើយទាំងអស់តែម្តងចំនួន១២គីឡូម៉ែត្រ។

ក្នុងនោះផងដែរលោកសុខ សម្បត្តិ បាន​ផ្តាំផ្ញើ​ដល់​ប្រជាពលរដ្ឋទាំងអស់ដែលមានទីលំនៅអមសងខាងផ្លូវមេត្តាជួយថែរក្សាផ្លូវនេះផង ជាពិសេសកង​កម្លាំងមានសមត្ថកិច្ច ត្រូវ​ហាមដាច់ខាត​ មិនអោយរថយន្តធុនធំ ឆ្លងកាត់ជា​ដាច់ខាតដែលអាចធ្វើ​អោយ​ខូចផ្លូវនេះដូច​មុន​ទៀត។

ជាមួយនេះផងដែរ ប្រជាពលរដ្ឋជាច្រើនដែលមានទីលំនៅអមសងខាងផ្លូវ១៥១ មាន​​សេក្តី​ត្រេកអរជាខ្លាំង ដែលសាលារាជធានីភ្នំពេញ ក៍ដូចជាសាលាខណ្ឌព្រែកព្នៅដែលបានជួយសម្រួល ក្នុងការជួសជុលផ្លូវ១៥១នេះឡើងវិញ ដើម្បីងាយស្រួលដល់ការធ្វើ​ចរាច​រ​ណ៍ ក៍ដូចជាជួយលើកកម្ពស់ដល់ជីវភាពរបស់ប្រជាពលផងដែរ៕

Facebook Comments
Loading...