ការជួបគ្នារវាងលោក ស៊ី ជីនពីង និងលោក វ្ល៉ាឌីមៀរ ពូទីន ធ្វើឲ្យមានការព្រួយបារម្ភកាន់តែខ្លាំងឡើងរបស់សហរដ្ឋអាមេរិកជុំវិញចំណងមិត្តភាពរវាងចិន និងរុស្ស៊ី

0
908

បរទេស ៖ ប្រធានាធិបតីចិន លោក ស៊ី ជីនពីង ជួបប្រជុំតាមរយៈវីដេអូមួយជាមួយប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀរ ពូទីន កាលពីថ្ងៃច័ន្ទ ដែលជាពេលវេលាមួយដែលក្រុមអ្នកជំនាញចិនបាននិយាយថា វាមានសារៈសំខាន់ជាពិសេសតែប៉ុន្មានថ្ងៃមុនពេលដែលគណបក្សកុម្មុយនីស្តចិន (CPC) ប្រារព្ធពិធីខួបមួយសតវត្សរ៍របស់ខ្លួន និងអន្តរកម្មលើកទី ២ រវាងមេដឹកនាំកំពូលទាំងពីរក្នុងរយៈពេល ៦សប្តាហ៍ ដែលនឹងពង្រឹងបន្ថែមទៀតនូវភាពជាដៃគូទ្វេភាគីជាយុទ្ធសាស្ត្រ ស្របពេលដែលមានការព្រួយបារម្ភកាន់តែខ្លាំងឡើងរបស់សហរដ្ឋអាមេរិកជុំវិញចំណងមិត្តភាពរវាងចិន និងរុស្ស៊ី។

អ្នកនាំពាក្យក្រសួងការបរទេសចិន លោក Hua Chunying បានប្រកាសកាលពីថ្ងៃសុក្រថា លោក ស៊ី គ្រោងនឹងធ្វើការពិភាក្សាជាមួយលោក ពូទីន តាមរយៈតំណភ្ជាប់វីដេអូនៅថ្ងៃច័ន្ទ។ នេះ គឺជាការជួបប្រជុំតាមរយៈវីដេអូលើកទី ២ របស់លោក ស៊ី ជាមួយលោក ពូទីន បន្ទាប់ពីមេដឹកនាំទាំងពីរបានធ្វើជាសាក្សីក្នុងពិធីបើកការដ្ឋានគម្រោងថាមពលនុយក្លេអ៊ែរទ្វេភាគី រោងចក្រថាមពលនុយក្លេអ៊ែន Tianwan និងរោងចក្រថាមពលនុយក្លេអ៊ែរ Xudapu កាលពីថ្ងៃទី ១៩ ខែឧសភា។

វិមានក្រឹមឡាំងបាននិយាយនៅលើគេហទំព័ររបស់ខ្លួនថា ព្រឹត្តិការណ៍នេះត្រូវបានកំណត់ពេលវេលាស្របគ្នានឹងខួបលើកទី ២០ នៃការចុះហត្ថលេខាលើសន្ធិសញ្ញារវាងរុស្ស៊ី – ចិន ស្តីពីកិច្ចសហប្រតិបត្តិការល្អ និងភាពជាមិត្ត។ យោងតាមសេចក្តីថ្លែងការណ៍ជាសាធារណៈនៅលើគេហទំព័រវិមានក្រឹមឡាំងបានឱ្យដឹងថា មេដឹកនាំទាំងពីរនឹងផ្លាស់ប្តូរការអបអរសាទរ និងវាយតម្លៃអំពីស្ថានភាពបច្ចុប្បន្ន និងទស្សនវិស័យសម្រាប់ភាពជាដៃគូយុទ្ធសាស្ត្ររវាងរុស្ស៊ី និងចិន។ វាក៏ត្រូវបានគ្រោងផងដែរថា អ្នកទាំងពីរនឹងពិភាក្សាអំពីបញ្ហាបច្ចុប្បន្ន ស្តីពីរបៀបវារៈទ្វេភាគី និងអន្តរជាតិ។

លោក Yang Jin អ្នកជំនាញមកពីវិទ្យាស្ថានសិក្សារុស្ស៊ី អឺរ៉ុបខាងកើត និងអាស៊ីកណ្តាល នៅបណ្ឌិត្យសភាវិទ្យាសាស្ត្រសង្គមចិន បានប្រាប់សារព័ត៌មាន Global Times កាលពីថ្ងៃអាទិត្យថា ពិធីចុះហត្ថលេខាលើសន្ធិសញ្ញារវាងរុស្ស៊ី – ចិន ស្តីពីកិច្ចសហប្រតិបត្តិការល្អ និងភាពជាមិត្ត គឺជានិមិត្តរូបក្នុងការអភិវឌ្ឍទំនាក់ទំនងរវាងចិន – រុស្ស៊ី ហើយប្រធានាធិបតីរុស្ស៊ីក៏ត្រូវបានគេរំពឹងទុកផងដែរថានឹងសម្តែងការអបអរសាទរចំពោះការបង្កើត CPC ដែលជាពេលវេលាដ៏សំខាន់មួយ៕ (ប្រភព People’s Daily បកប្រែដោយលោក យា ចិន្តាខន្តី) សម្រួលផ្សាយដោយ៖ ធូ កុសល

Facebook Comments
Loading...