ថ្លើមធំជនសង្ស័យ២នាក់លួចកាច់សោ.កម៉ូតូរបស់សមត្ថកិច្ច ត្រូវបានឃាត់ខ្លួន

0
624

ភ្នំពេញ ៖ ថ្លើមធំជនសង្ស័យ២នាក់លួចកាច់សោ.កម៉ូតូរបស់សមត្ថកិច្ច ត្រូវបានសមត្ថកិច្ចនគរបាលខណ្ឌច្បារអំពៅបានសហការជាមួយនគរបាលខណ្ឌចំការមនធ្វើការឃាត់ខ្លួន កាលពីវេលាម៉ោង១១ និង៣០នាទីយប់ថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០២១ នៅចំណុចមុខផ្ទះលេខ១១៧ ផ្លូវលេខ៣៦៩ ភូមិដើមចាន់ សង្កាត់ច្បារអំពៅ២ ខណ្ឌច្បារអំពៅ។

លោក គាន់ ឌីណា អធិការរងទទួលផែនព្រហ្មទណ្ឌខណ្ឌបានឱ្យដឹងថា ជនសង្ស័យដែលឃាត់ខ្លួនចំនួន២នាក់ទី១.ឈ្មោះ វង់ សុភា  អាយុ១៩ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ។ ទី២.ឈ្មោះ ប៉េត ណេត អាយុ២៨ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ។ជនសង្ស័យទាំង០២នាក់នេះស្នាក់នៅបន្ទប់ជួលលេខ០៣ ផ្លូវសុធារស ភូមិ៩ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន (ជនសង្ស័យប្រើប្រាស់គ្រឿងញៀន។ )។ ចំណែកជនរងគ្រោះឈ្មោះ ណប វិរៈ ភេទ ប្រុស អាយុ៤៨ឆ្នាំ ជនជាតិខ្មែរ មុខរបរ នគរបាល ស្នាក់នៅផ្ទះកើតហេតុ។

លោក គាន់ ឌីណា អធិការរងទទួលផែនព្រហ្មទណ្ឌខណ្ឌច្បារអំពៅបានឱ្យដឹងទៀតថា មុនពេលកើតហេតុជនរងគ្រោះបានទុកម៉ូតូម៉ាក KEE WAY-TX ពណ៌ខ្មៅ ស្លាកលេខ ន.ប 1-7943 នៅ ចំណុចកើតហេតុ ដោយពុំបានចាក់សោ.កម៉ូតូទេ រួចក៏ចូលទៅដេកក្នុងផ្ទះ។ លុះបន្តិចក្រោយមកស្រាប់តែមានជនសង្ស័យចំនួន០៤នាក់ មានឈ្មោះ

ប៉េត នេត, ឈ្មោះ វង់ សុភា, ឈ្មោះ អុឹម និងឈ្មោះ ម៉ាយ ជិះម៉ូតូ០២គ្រឿងមកឈប់ក្បែរកន្លែងកើតហេតុ រួចនាំគ្នាធ្វើ សកម្មភាពលួចយកម៉ូតូជនរងគ្រោះហើយនាំគ្នាជិះគេចខ្លួន រួចដោះស្លាកលេខ (ន.ប 1-7943 ទៅលាក់ទុកក្នុងបន្ទប់ជួលជនសង្ស័យស្នាក់នៅ (បន្ទប់ជួលលេខ៣ ផ្លូវ សុធារស ភូមិ៩ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន)។ រហូតដល់ថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២១ វេលា ម៉ោង៧និង២០នាទីយប់ សមត្ថកិច្ចនគរបាលខណ្ឌច្បារអំពៅ បានសហការជាមួយសមត្ថកិច្ចខណ្ឌចំការមនធ្វើការឃាត់ខ្លួនបានជនសង្ស័យ២នាក់ គឺឈ្មោះ វង់ សុភា និងឈ្មោះ ប៉េត ណេត នៅចំណុចបន្ទប់ជួល និងដកហូតម៉ូតូ០១គ្រឿង (ជារបស់ជនរងគ្រោះ) ហើយត្រួតពិនិត្យក្នុងបន្ទប់ជួលជនសង្ស័យស្នាក់នៅរកឃើញវត្ថុតាងបន្ថែមទៀតរួមមាន ស្លាកលេខម៉ូតូចំនួន០២ (ន.ប 1-7943, សៀមរាប 1A-1477), ដាវ០២ដើម, សោខ្សៀលេខ៨ចំនួន២ និងដែកកែច្នៃចុងស្រួចសម្រាប់កាច់សោ.កម៉ូតូចំនួន០២ រួចបញ្ជូនមកអធិការដ្ឋាននគរបាលខណ្ឌច្បារអំពៅចាត់ការតាមច្បាប់។ ចំណែកជនសង្ស័យឈ្មោះ អ៊ឺម និងឈ្មោះ ម៉ាយ នាំគ្នាគេចខ្លួនបាត់។

បច្ចុប្បន្ន ជនសង្ស័យទាំង២នាក់កំពុងឃាត់ខ្លួនបណ្តោះអាសន្ននៅអធិការដ្ឋាននគរបាលខណ្ឌច្បារអំពៅ ដើម្បីកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញចាត់ការបន្តតាមនីតិវិធី៕

Facebook Comments
Loading...