ភ្នំពេញ ៖ កីឡាករលន បញ្ញា អ្នកប្រដាល់នៃសមាគមន៍កីឡាប្រដាល់ក្រសួងការពារជាតិ ជួបកីឡាករសួន ចាន់នី អ្នកប្រដាល់របស់ក្លិបបក្សីស្លាបដែក ខណៈកីឡាករអេ ណារ័ត្ន អ្នកប្រដាល់សមាគមន៍កីឡាប្រដាល់ក្រសួងកសិកម្ម ជួបកីឡាករខេម ចាន់ អ្នកប្រដាល់មកពីក្លិបកងពលតូចទ័ពឆ័ត្រយោង៩១១ ដើម្បីដណ្តើមប្រាក់លាន នៅលើសង្វៀនស៊ីអិនស៊ី នាថ្ងៃសៅរ៍ទី២៧ ខែមីនា ឆ្នាំ២០២១នេះ។
កីឡាករស្រករក្រោយលន បញ្ញា ត្រូវជួបជាមួយកីឡាករជើងយូសួន ចាន់នី ក្នុងប្រភេទទម្ងន់៦៣.៥គីឡូក្រាម អ្នកទាំងពីរមិនធ្លាប់ជួបគ្នាជាច្រើនលើកមកហើយ។ លន បញ្ញា គេជាកីឡាករស្រករក្រោយទេតែស្នៀតខ្លាំងរបស់គេខ្លាំងទាំងព្រមតែម្តង ក្នុងនោះបើគេទាត់មួយជើងហើយកណ្តាប់ដៃក៍ចេញតាមក្រោយដែរ ហើយស្នៀតកែងបុកកាណូតក៍គ្រោះថ្នាក់ដែរ កីឡាករល្មមៗមិនអាចទប់ជាមួយគេបានប្រាំទឹកនោះទេ ហើយគេមានកម្ពស់ខ្ពស់ទៀត ដែលអាចបោះជង្គង់ខ្លីក៍បានវែងក៍បាន តែយ៉ាងណាលន បញ្ញា គេមិនសូវខ្លាំងខាងកម្លាំងស៊ុហ្វនោះទេ។
រីឯសួន ចាន់នី គេជាកីឡាករវ័យក្មេងផងដែរតែឡើងប្រកួតយូឆ្នាំមកហើយ ស្នៀតខ្លាំងរបស់គេគឺខ្លាំងទាំងព្រមផងដែរ កីឡាករដៃវែងជើងវែងរូបនេះវាយមិនមានអំនួតនិងមិនខ្លាចគូរប្រកួតណាម្នាក់នោះឡើយ ការប្រកួតរាល់លើកបើដឹងពីចំណុចខ្សោយគូប្រកួតហើយគឺគេវាយមិនប្រោះនោះទេ។ ការជួបគ្នារវាងកីឡាករទាំង២នាក់លើកនេះត្រូវបានអ្នកតាមដានប្រដាល់គុនខ្មែរអះអាងថា ភាគរយនៃការឈ្នះចាញ់គ្នាមានហាសិបភគរយដៅចគ្នា បើកីឡាករម្នាក់ណាវាយប្រហេះតែបន្តិចច្បាស់ជាចាញ់មិនខាន។ ចាំមើលសួន ចាន់នី ជាអ្នកឈ្នះដណ្តើមបានប្រាក់លាន ឬលន បញ្ញា?។
ដោយឡែកកីឡាករអេ ណារ័ត្ន ត្រូវជួបជាមួយកីឡាករខេម ចាន់ ក្នុងប្រភេទទម្ងន់៦០គីឡូក្រាម អ្នកទាំងពីរមិនធ្លាប់ជួបគ្នាទេកន្លងមកក្នុងកម្មវិធីនេះ។ ខេម ចាន់ ជាកីឡាករដែលអាចប្រើបានគ្រប់ស្នៀត ជើងទាត់ ជង្គង់ កែង ជាពិសេសស្នៀតកណ្តាប់ដៃល្អ វាយចេញចូលរហ័ស គូប្រកួតល្មមៗមិនអាចឈរជើងជាមួយគេបាន៥ទឹកនោះទេ។ កូនសិស្សលោកគ្រូ ហង់ សឿន ធ្លាប់ជាម្ចាស់មេដាយមាសថ្នាក់ជាតិច្រើនឆ្នាំកន្លងមកហើយ ហើយបច្ចប្បន្នកំពុងមានប្រជាប្រីយ៍ភាព បានធ្វើឲ្យអ្នកទស្សនាចង់មើលពេលគេឡើងប្រកួតម្តងៗនោះ។
ចំណែកអ្នកប្រដាល់គុនខ្មែរវ័យក្មេងអេ ណារ័ត្ន ដែលកំពុងមានឈ្មោះបោះសំឡេង មួយរូបផងដែរនាបច្ចប្បន្ននេះ រូបគេខ្លាំងខាងកណ្តាប់ដៃ និងជង្គង់ ហើយការវាយរាល់លើរូបគេមិនត្រូវការ ស្ទាបស្ទង់ដៃគូច្រើននោះទេ ដ្បិតទម្លាប់របស់គេឡើងរេញគឺ ចូលបុកវាយមិនរាថយ ទោះបីលទ្ធផល ឈ្នះឬ ចាញ់ បែបណាក្ដី។ ចាំមើលរវាងអេ ណារ័ត្ន និងខេម ចាន់ នរណាជាអ្នកឈ្នះដណ្តើមបានប្រាក់លាន?៕