ថ្នាក់ដឹកនាំបុគ្គលិកគ្រូបង្វឹក​ កីឡាករក្លឹបបាល់ទាត់វិសាខា​នួន​១៦៦នាក់ធ្វើតេស្តសំណាករកជំងឺកូវីដ-១៩ លើកទី២​អវិជ្ជមានទាំងអស់គ្នា

0
1303

ភ្នំពេញ ៖ ថ្នាក់ដឹកនាំ បុគ្គលិក គ្រូបង្វឹក​ កីឡាករទាំងអស់របស់ក្លឹបបាល់ទាត់វិសាខា​សរុបចំនួន​១៦៦នាក់ បានធ្វើតេស្តសំណាករកជំងឺកូវីដ-១៩ លើកទី២រួចរាល់ហើយ ជាលទ្ធផលគឺ​អវិជ្ជមានទាំងអស់គ្នា កាលពីថ្ងៃទី២១ ខែមីនា ឆ្នាំ២០២១។

បន្ទាប់ពីបានធ្វើចត្តាឡីស័ករយៈពេល១៤ថ្ងៃ ចាប់ពីថ្ងៃទី០៨ ដល់ថ្ងៃ ទី២១ ខែមីនា ឆ្នាំ២០២១ មកក្លឹបបាល់ទាត់វិសាខា បានសេចក្តីជូនដំណឹងថា ក្នុងនាម​គ្រួសារ​បាល់ទាត់ក្លឹបមួយនេះបានបង្ហាញនូវអំណរគុណដោយស្មោះ ចំពោះស្មារតីចូលរួម​ធ្វើតេស្តសំណាកលើកទី១ និងលើកទី២ និងការធ្វើចត្តាឡីស័ករយៈ១៤ថ្ងៃ ដោយគោរព​តាមវិធានការរបស់ក្រសួងសុខាភិបាល ដើម្បីចូលរួមទប់ស្តាត់ការរីករាលដាលជំងឺកូវីដ-១៩ ក្នុងព្រឹត្តិការណ៍សហគមន៍២០កុម្ភៈជាមួយរាជរដ្ឋាភិបាលកម្ពុជា។

ជាមួយគ្នានោះ ក្លឹបវិសាខាក៏បានអំពាវនាវឱ្យប្រជាពលរដ្ឋទាំងអស់បន្តរស់នៅតាមគន្លងថ្មី ដោយគោរពឱ្យ​បានខ្ជាប់ខ្ជួនតាមវិធាន ៣ការពារ និង៣កុំ ដើម្បីកាត់ផ្តាច់ការចម្លងជំងឺដ៏កាចសាហាវនេះ ចេញពីសហគមន៍ក្នុងប្រទេសកម្ពុជាយើង។

ចំពោះការប្រកួតរបស់ក្លឹបបាល់ទាត់វិសាខា រួមទាំងប្រកួតជាច្រើន​ផ្សេង​ទៀតក៏ត្រូវបានលើក ពេលជាបន្តបន្ទាប់ ដោយក្របខ័ណ្ឌលីគកំពូលរដូវកាលថ្មី ២០២១នេះទើបនឹងចាប់ផ្តើមការប្រកួតបាន១សប្តាហ៍ ដោយមាន៦ប្រកួតពេញ និងបន្តការ​ប្រកួតខ្លះ និងខ្លះទៀតត្រូវលើកពេលជាបន្តបន្ទាប់ផងដែរ៕

Facebook Comments
Loading...