អគ្គីលេបត្របាក់ជំរំជនភៀសខ្លួនរ៉ូហ៊ីងយ៉ា នៅបង់ក្លាដែស ស្លាប់ និងបាត់ខ្លួន ជាង៤០០នាក់

0
747

បរទេស ៖ អគ្គីបានលេបត្របាក់ជំរំជនភៀសខ្លួនរ៉ូហ៊ីងយ៉ា បណ្ដាលឲ្យស្លាប់១៥នាក់ និងបាត់ខ្លួន៤០០នាក់ នៅក្នុងប្រទេសបង់ក្លាដែស កាលពីថ្ងៃទី២២ ខែមីនា ឆ្នាំ២០២១។

សារព័ត៌មាន France 24 បានផ្សាយថា អង្គការសហប្រជាជាតិ បានថ្លែង នៅថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២១ថា យ៉ាងយោចណាស់ ក៏មានមនុស្ស១៥នាក់បាត់បង់ជីវិត និង៤០០នាក់ផ្សេងទៀតកំពុងបាត់ខ្លួន បន្ទាប់ពីគ្រោះអគ្គិភ័យបានឆាបឆេះឆេះផ្ទះរាប់ពាន់ខ្នងរបស់ជនជាតិរ៉ូងហ៊ីយ៉ាង (Rohingya) នៅក្នុងជំរំជនភៀសខ្លួនដ៏ធំបំផុតរបស់ពិភពលោក នៅក្នុងប្រទេសបង់ក្លាដែស។

សារព័ត៌មាន France 24 បានបន្ដថា ជនជាតិភាគតិចមូស្លីម ជិត១លាននាក់ ត្រូវបានគេធ្វើទុក្ខបុកម្នេញ ហើយភាគច្រើនបានរត់គេចខ្លួន ចេញពីការបង្ក្រាបយ៉ាងឃោរឃៅពីសំណាក់ពួកយោធា កាលពីឆ្នាំ២០១៧ នៅក្នុងប្រទេសមីយ៉ាន់ម៉ា។ ជនជាតិរ៉ូហ៊ីងយ៉ាទាំងនោះ ត្រូវបានក្រុមស៊ើបអង្កេតរបស់អង្គការសហប្រជាជាតិ បានសន្និដ្ឋានថា ជាជនជាតិភាគតិច បានរត់គេចខ្លួនពីការសម្លាប់យ៉ាងរង្គាល ដោយមានចេតនា នៅក្នុងអំពើប្រល័យពូជសាសន៍ នៅក្នុងប្រទេសមីយ៉ាន់ ឬភូមា។ ពួកគេបានភៀសខ្លួនទៅរស់នៅក្នុងស្ថានភាពមិនត្រឹមត្រូវ នៅតាមបណ្តាជំរុំនានា នៅភាគអាគ្នេយ៍  នៃស្រុក Cox’s Bazar ប្រទេសបង់ក្លាដែស។

លោក Aminul Haq ជាជនភៀសខ្លួនម្នាក់ បានឲ្យដឹងថា មនុស្សជាច្រើនបានរត់យកតែអាយុជីវិត ដោយសារភ្លើងបានឆាបឆេះលឿនពេក។ មនុស្សជាច្រើនបានរងរបួស ហើយខ្ញុំបានឃើញយ៉ាងតិច ក៏មានមនុស្ស៤នាក់បានស្លាប់ នៅក្នុងហេតុការណ៍គ្រោះអគ្គិភ័យខាងលើនេះដែរ។

លោក Johannes Van der Klaauw តំណាងភ្ញាក់ងារជនភៀសខ្លួនរបស់អង្គការសហប្រជាជាតិ ប្រចាំប្រទេសបង់ក្លាដែស បានថ្លែងថា រហូតមកដល់ពេលនេះ មានមនុស្ស១៥នាក់ស្លាប់ ៥៦០នាក់រងរបួស និង៤០០នាក់ផ្សេងទៀតកំពុងបាត់ខ្លួន។ ក្រៅពីបង្កឲ្យមានគ្រោះថ្នាក់ដល់មនុស្សយ៉ាងច្រើននោះ គ្រោះអគ្គិភ័យនេះ បានបំផ្លិចបំផ្លាញទីជម្រករបស់ជនភៀសខ្លួនយ៉ាងតិច១០ ០០០ខ្នងផងដែរ។

តំណាងភ្ញាក់ងារជនភៀសខ្លួនរបស់អង្គការសហប្រជាជាតិ រូបនេះ បានប្រាប់អ្នករាយការណ៍ព័ត៌មាន នៅក្នុងទីក្រុងហ្ស៊ឺណែវ ប្រទេសស្វីស តាម Videolink ថា អ្វីដែលយើងបានឃើញ នៅក្នុងហេតុការណ៍គ្រោះអគ្គិភ័យនោះ គឺជារឿងមួយ ដែលយើងមិនធ្លាប់ឃើញពីមុនមក នៅក្នុងជំរំជនភៀសខ្លួន។ នេះជាមហន្ដរាយមួយដ៏ធំបំផុត នៅក្នុងជំរំជនភៀសខ្លួន។

ក្រុមមន្រ្តីក្នុងតំបន់ បានថ្លែងថា ភ្លើងឆេះនេះ ទំនងជាបានចាប់ផ្តើម នៅក្នុងជំរំមួយ ក្នុងចំណោមជំរំ៣៤ ដែលលាតសន្ធឹងលើផ្ទៃដី ៣ ២០០ ហិកតា មុនពេលរាលដាលយ៉ាងលឿនទៅកាន់ទីតាំងចំនួន៣ផ្សេងទៀត បើទោះជាមានការប្រឹងប្រែងយ៉ាងខ្លាំង ដើម្បីជួយពន្លត់ភ្លើងក៏ដោយ។

លោក Gazi Salahuddin អធិការប៉ូលិសស្រុក Cox’s Bazar បានថ្លែងថា ភ្លើងបានឆាបឆេះយ៉ាងលឿន បន្ទាប់ពីមានការផ្ទុះធុងហ្គាស។អង្គការជនភៀសខ្លួនអន្ដរជាតិ បានសរសេរ នៅក្នុងសេចក្ដីថ្លែងការណ៍របស់ខ្លួនថា កុមារជាច្រើននាក់កំពុងតែបាត់ខ្លួន ហើយពួកគេខ្លួនមិនអាចរត់ភៀសខ្លួនចេញបាន ដោយសារតែភ្លៀងបានឆាបឆេះខ្លាំងពេក នៅក្នុងជំរំនោះ។

អង្គការអន្តរជាតិរបស់អង្គការសហប្រជាជាតិ ទទួលបន្ទុកសម្រាប់ការធ្វើចំណាកស្រុក បានថ្លែងថា ខ្លួនបានសន្យាផ្តល់ប្រាក់ចំនួន១លានដុល្លារដល់កិច្ចខិតខំប្រឹងប្រែងជួយសង្គ្រោះនេះ។ ប៉ុន្តែថវិកាចំនួន២០លានដុល្លារបន្ថែមទៀត នឹងប្រើប្រាស់សម្រាប់បំពេញតម្រូវការជាបន្ទាន់បំផុត។លោក Saad Hammadi អង្គការធ្វើយុទ្ធនាការអាស៊ីខាងត្បូងរបស់អង្គការលើកលែងទោសអន្ដជាតិ បានសរសេរ នៅក្នុងបណ្ដាញសង្គមធ្វីតថា ខ្លួនជំរុញឲ្យមានការស៊ើបអង្កេត ចំពោះឧប្បត្ដិហេតុនេះជាបន្ទាន់៕

Facebook Comments
Loading...