បុរសម្នាក់ជិះម៉ូតូក្នុងល្បឿនលឿនខ្វះការប្រុងប្រយ័ត្ន ក៏ព្រុលទៅបុករថយន្ដដែលចតចោលបណ្ដាលឱ្យស្លាប់ភ្លាមៗនៅកន្លែង

0
671

ភ្នំពេញ ៖ បុរសម្នាក់ជិះម៉ូតូក្នុងល្បឿនលឿនផង និងពេលយប់ផង ហើយខ្វះការប្រុងប្រយ័ត្នទៀត ក៏ព្រុលទៅបុករថយន្ដដែលចតចោលលើផ្លូវ បណ្ដាលឱ្យស្លាប់ភ្លាមៗ នៅកន្លែងកើតកាលពីយប់ថ្ងៃទី២១ ខែមីនា ឆ្នាំ២០២០ ស្ថិតនៅភូមិថ្មី សង្កាត់ទៀន ខណ្ឌដង្កោ រាជធានីភ្នំពេញ។

ប៉ូលិសមូលដ្ឋានបានឲ្យដឹងថា ជនរងគ្រោះក្នុងហេតុការណ៍នេះឈ្មោះ ខែម រ៉ាវីត ភេទប្រុស អាយុ២០ឆ្នាំ មុខរបរសិស្ស ជិះម៉ូតូម៉ាកHONDA CLICK ពណ៌ក្រហម ពាក់ផ្លាកលេខ កណ្តាល 1AA-9158 មានទីលំនៅភូមិក្បាលសេះ ឃុំគោកត្រប់ ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល បានធ្វើដំណើរក្នុងទិសដៅពីលិចទៅកើត។

ប្រភពពីកន្លែងកើតហេតុបានឲ្យដឹងថា នៅមុនពេលពេលកើតហេតុគេឃើញជនរងគ្រោះ ធ្វើដំណើរតែម្នាក់ឯងបើកម៉ូតូក្នុងល្បឿនលឿន លុះមកដល់ចំណុចកើតហេតុ ក៏បានទៅបុករថយន្តមួយគ្រឿងម៉ាក HYUNDAI DIESEL ពណ៌ស ពាក់ផ្លាកលេខ ព្រះសីហ នុ 3A-7802 ចំពីក្រោយដែលឈប់អែបនៅខាងជើង នៃជាយផ្លូវ ក្នុងទិសស្របទិសគ្នា បណ្ដាលឱ្យជនរងគ្រោះ បោកស្លាប់នៅកន្លែងកើតហេតុតែម្ដង ខណៈម៉ូតូបានខូចខាតធ្ងន់។ រីឯរថយន្តរងការខូចខាតស្រាល ចំណែកអ្នកបើកបរបានរត់គេចខ្លួនបាត់ស្រមោល។

សមត្ថកិច្ចសន្និដ្ឋានថា មូលហេតុដែលនាំឱ្យមានករណីគ្រោះថ្នាក់ចរាចរណ៍នេះ គឺមកពីភាគីម៉ូតូបើកបរក្នុងល្បឿនលឿនខ្វះការប្រុងប្រយ័ត្ន។ ក្រោយកើតហេតុ សមត្ថកិច្ចបានយកវត្ថុតាងទាំងពីរគ្រឿង ទៅរក្សាទុកនៅអធិការដ្ឋាននគរបាលខណ្ឌដង្កោ រងចាំការដោះស្រាយ។ ចំណែកសពត្រូវសមត្ថកិច្ចប្រគល់អោយ ក្រុមគ្រួសារ យកទៅធ្វើបុណ្យ តាមប្រពៃណី៕

Facebook Comments
Loading...