ភ្នំពេញ ៖ អ្នកនាំពាក្យក្រសួងសុខាភិបាល លោកស្រី ឱ វណ្ណឌីន បញ្ជាក់ថា វីរុសកូវីដ-១៩ កំពុងតែវ៉ៃលុកយើងហើយ សូម្បីតែកុមារអាយុ ៦ឆ្នាំក៏វាមិនលើកលែងឱ្យដែរបញ្ហាសំខាន់របស់បុគ្គលគ្រប់រូបដែលជាមនុស្សពេញវ័យនៅពេលនេះ តើយើងត្រូវចូលរួមធ្វើអ្វីខ្លះ ដើម្បីកុំឱ្យមានការចម្លងបន្តគ្នាបែបនេះ បើសូម្បីកូនតូចៗ ក៏ឆ្លងដែរហើយនៅពេលនេះ? គ្មានអ្វីដែលល្អប្រសើរជាងការនៅផ្ទះ កុំចេញក្រៅផ្ទះ បើមិនចាំបាច់ បើចាំបាច់ត្រូវចេញ សុំអនុវត្តន៍វិធានការ ៣ការពារ និង ៣កុំ ដែលបានដាក់ចេញដោយសម្តេចតេជោនាយករដ្ឋមន្ត្រី ឱ្យអនុវត្តន៍ទាំងអស់គ្នា ឱ្យបានម៉ឺងម៉ាត់ជាទីបំផុត អ្នកនៅភ្នំពេញសូមកុំចេញទៅខេត្ត អ្នកនៅខេត្តសូមកុំទាន់អាលចូលមកភ្នំពេញ អ្នកដែលត្រូវធ្វើចត្តាឡីស័កចំនួន ១៤ថ្ងៃ សូមគោរពអនុវត្តន៍ឱ្យបានត្រឹមត្រូវជាទីបំផុត ផ្អាកឫពន្យាពេលការជួបជុំគ្នាជាចាំបាច់ និងនាំគ្នាធ្វើការពីផ្ទះតាមអនឡាញ សាមគ្គីគ្នា ជួយអប់រំគ្នាក្នុងគ្រួសារនិមួយៗ (សុខចិត្តទ្រាំលំបាកនៅពេលនេះសិនជាជាងការលំបាកហួសប្រមាណនៅពេលខាងមុខប្រសិនបើយើងមិនចូលរួម ៣ការពារ និង៣កុំទេនោះ) ទើបយើងអាចឆ្លងកាត់ដំណាក់កាលដ៏លំបាកនេះទាំងអស់គ្នាបាន។
ខ្ញុំសូមផ្ញើរជូននូវការជូនពរដល់កុមារាតូចនេះ សូមឱ្យកូនបានជាសះស្បើយបានឆាប់ៗ និងជូនពរដល់បងប្អូនអ្នកដែលឆ្លងរួចហើយទាំងអស់ឱ្យឆ្លងកាត់ដំណាក់វ៉ៃលុករបស់សត្រូវអត់ស្រមោលវិលមករកការជាសះស្បើយឆាប់ៗ និងអ្នកដែលមិនទាន់ឆ្លង សុំកុំឱ្យមានការឆ្លងបន្តគ្នាឱ្យសោះ មានសុខភាពល្អ រួមគ្នាវ៉ៃបកសត្រូវមើលមិនឃើញនេះ ដោយអាវុធ ៣ការពារ និង៣កុំ៕